ចំណតផែរណបពហុបំណងចំនួន ៣ ទីតាំងត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ
Bunthoeun KoemJANUARY 12 2024436 views

ចំណតផែរណបពហុបំណងចំនួន ៣ រួមមាន៖ TS១១, UM២ និង LM២៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ត្រូវបានសម្ពោធដាក់ឲ្យដំណើរការផ្លូវការនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រោមមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមប្រធានក្រុមប្រឹក្សាភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ភ្ញៀវកិត្ដិយស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

 

សូមជម្រាបដែរថាចំណតផែរណបពហុបំណង TS១១ មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ៤ ហិកតា។ គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណង TS១១ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ដែក ថ្មម៉ាប ដំឡូងមី។ល។ បច្ចុប្បន្ននេះ ចំណតផែរណបពហុបំណង TS១១ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីបម្រើឱ្យប្រតិបត្តិការលើកដាក់ទំនិញ និងកុងតឺន័រ និងស្ថិតនៅទីតាំងដែលមានសក្តានុពលខ្ពស់សម្រាប់បម្រើឱ្យសេចក្តីត្រូវការប្រើប្រាស់របស់អតិថិជន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តផ្សេងៗទៀត ជាពិសេស ចូលរួមចំណែកបានយ៉ាងច្រើនក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

 

ចំពោះចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។ ចំណតផែរណបពហុបំណង UM២ គឺកើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ១៦,៣ ហិកតា។ គោលបំណងនៃការបង្កើតចំណត ផែរណបពហុបំណង UM២ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ចំណីសត្វ សសរគ្រឹះបេតុង ដែក កៅស៊ូ ស្រូវ ផលិតផលកសិផលផ្សេងទៀត។ ចំណតផែរណបពហុបំណង UM២ ក៏ជាចំណតផែទន្លេដែលមានសក្តានុពលខ្ពស់ សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់នៅតំបន់ជុំវិញតាមដងទន្លេមេគង្គលើ ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស និងនាំចូលទំនិញពីខាងក្រៅមកចំណតផែរណបនេះវិញ។ បន្ថែមពីនេះ ចំណតផែរណបពហុបំណងនេះ នឹងចូលរួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ និងការខូចខាតផ្លូវថ្នល់។

 

ដោយឡែកចំណតផែរណបពហុបំណង LM២៦ មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដី ទំហំ ១៨,៦ ហិកតា។ បច្ចុប្បន្នចំណតដែរណបពហុបំណងនេះ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដោយប្រើប្រាស់ប្រភពទុនវិនិយោគផ្ទាល់របស់ក.ស.ភ.។ គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណង LM២៦ គឺដើម្បីបម្រើដល់ប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ធ្យូងថ្ម ទំនិញកសិផល ដូចជា ស្រូវ អង្ករ ពោត ដំឡូងមី កៅស៊ូ ម្រេច ជាដើម៕

 

419038212 691313896512941 5629405099928972268 N

419198416 691314036512927 6648875503493193319 N

418948747 691313693179628 324687380695463615 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia