នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះគម្រោងអគារថ្មីចំនួន ៣ ទៀតរួមមាន៖ អគារមជ្ឈមណ្ឌលកណ្តាល, អគារចំណត រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែតត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ។ ខណៈគម្រោងនេះគ្រោងចំណាយថវិកាសរុបចំនួន ៦២ ៤១៥ ៦០០ ដុល្លារ ដែលជាថវិកានៅសល់ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែល សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមបរិច្ចាគ និង សម្តេច បានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក “បរិច្ចាគដើម្បីជីវិតមនុស្ស” រួមនឹងថវិកាស្វយ័តសន្សំរំលស់របស់មន្ទីរពេទ្យកាល់ម៉ែត។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានខាងលើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា “ការបើកការដ្ឋានសាងសង់នាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 សំដៅរួមលើកកម្ពស់ស្ថានភាពសុខភាព ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងទៅអនាគតព្រមទាំងធានាបាននូវសុខភាពល្អរបស់ប្រជាពលរដ្ឋយើងនៅជំនាន់ក្រោយ”។
សូមជម្រាបថា មន្ទីរពេទ្យកាល់ម៉ែតត្រូវបានសាងសង់ក្នុងឆ្នាំ១៩៥៨-១៩៦០ និងមានឈ្មោះថា មូលនិធិកាល់ម៉ែត។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មន្ទីរពេទ្យត្រូវបានបោះបង់ចោល និងបំផ្លាញស្ទើរទាំងស្រុង។ ក្រោយថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជានាពេលនោះបានជួសជុល និងបើកមន្ទីរពេទ្យឱ្យដំណើរការឡើងវិញ ដោយមានការជួយឧបត្ថម្ភ គាំទ្រពីបណ្ដាប្រទេសជាមិត្ត។
ក្នុងអំឡុងជាងទសវត្សរ៍ចុងក្រោយនេះ ហេដ្ឋារចសម្ព័ន្ធ និងសមត្ថភាពធ្វើរោគវិនិច្ឆ័យ និងផ្តល់សេវាព្យាបាលថែទាំ រួមទាំងសេវាឯកទេស របស់មន្ទីរពេទ្យត្រូវបានអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់ ក្នុងនោះរួមមានជាអាទិ៍៖ ការជួសជុលកែលម្អអគារមួយចំនួន និងសាងសង់ថ្មីបន្ថែម ដូចជាមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង មជ្ឈមណ្ឌលវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ មជ្ឈមណ្ឌលព្យាបាលជំងឺមហារីក អគារសម្ភពសន្តិភាព និងអគារតេជោអភិវឌ្ឍន៍ដែលត្រូវបានសម្ពោធឱ្យដំណើរការជាផ្លូវការកាលពីពាក់កណ្ដាល ឆ្នាំ២០២៣ ក្រោមការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល និងសប្បុរសជន។ ទន្ទឹមនឹងនេះមន្ទីរពេទ្យត្រូវបានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្តទំនើបបែបឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់សេវារបស់ប្រជាជនក្នុងប្រទេស និងជនបរទេសដែលកំពុងរស់នៅបំពេញការងារ ឬធុរកិច្ចនៅកម្ពុជា។
ក្នុងនោះដែរ គិតត្រឹមខែសីហា ឆ្នាំ២០២៤ មន្ទីរពេទ្យកាល់ម៉ែត មានមន្ត្រី-បុគ្គលិក កំពុងបម្រើការងារសរុបចំនួន ២.១៦១នាក់ (ស្រី ១.១៧៤នាក់) ក្នុងនោះរួមមាន៖ សាស្រ្តាចារ្យ ៤៣នាក់ វេជ្ជបណ្ឌិតឯកទេស ៣៦៤នាក់ វេជ្ជបណ្ឌិត ១៣នាក់ ឱសថបណ្ឌិត និងឱសថការីឧត្តម ២១នាក់ គិលានុបដ្ឋាក-យិកា ៨៥៣នាក់ ឆ្មប ១៨៤នាក់ និងមន្ត្រី-បុគ្គលិកផ្សេងៗ ចំនួន ៦៨៣នាក់៕