បន្ទាប់ពីសាងសង់យ៉ាងមមាញឹក ពេលនេះផ្លូវជាតិលេខ១០ ដែលមានប្រវែងប្រវែង១៩៧,៣៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ។ នេះយោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ។
តាមរយៈរដ្ឋបាលខេត្តពោធិ៍ បានឲ្យដឹងថា “ការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ក្នុងកំណាត់ផ្លូវពីទីរួមស្រុកវាលវែង ឃុំប្រម៉ោយទៅកាន់ឃុំអូរសោម ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ឃុំអូរសោម” ។
យ៉ាងណាមិញយោងតាមកាលលើកឡើងរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ដកោះកុង។នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ" របស់រដ្ឋបាលខេត្តកោះកុង កាលពីពេញកន្លងទៅបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះសម្រេចបានប្រមាណ៦៩,២៨% ហើយ។
គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨កន្លែងប្រវែង ១.៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។ ផ្លូវនេះគ្រោងចំណាយប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួររំលឹកផងដែរថា គម្រោងផ្លូវជាតិលេខ១០ខាងលើនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងគម្រោងផ្លូវជាតិខាងលើ គឺការសាងសង់ស្ពានឆ្លងកាត់ស្ទឹងតាតៃកម្ពស់ ៧៥ ម៉ែត្រ ដែលជាស្ពានខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត