កម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ផ្នែកកណ្ដាល ដែលគ្រោងរៀបចំនៅថ្ងៃទី២៩ ខែមិថុនា និងគម្រោងវាត់ក្រុងទី៣ នៅថ្ងៃទី៣០ ខែមិថុនា នឹងត្រូវលើកពេល។ នេះយោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសឫស្សីកែវ និងស្ពានឆ្លងកាត់ទន្លេមេគង្គ កាលពីថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។
តាមប្រសាសន៍របស់សម្ដេចតេជោ បានឲ្យដឹងថា កាលលើកពេលសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលទាំង ២ ខាងលើដោយសារសម្ដេចជាប់កម្មវិធីច្រើន ហើយមួយទៀតការស្នើសុំពីរដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យអញ្ជើញទៅសម្ពោធនេះក៏ទើបតែដាក់មក ដូច្នេះសម្ដេចក៏សម្រេចលើកពេលសម្ពោធទៅក្រោយពេលការបោះឆ្នោតចប់វិញ។
ថ្លែងនៅក្នុងកម្មវិធីខាងលើសម្ដេចតេជោនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ដូច្នេះថា “សមិទ្ធផលនៅសល់ច្រើនណាស់ហើយខ្ញុំទម្លាក់ចោល ២ ដោយសារកម្មវិធីជាប់ ហើយ ស៊ុន ចាន់ថុលទើបដាក់ ហើយដាក់ហ្នឹងអាល័យទៅឆ្លង ប៊ិន ឈិន ទៅទៀត(...)ដូច្នេះយឺតពេកខ្ញុំទម្លាក់កម្មវីធីទៅអស់រលីង ដល់ពេលអស់អ្នកកត់កម្មវិធីខ្ញុំក៏ភ្លេចទៅទៀត”។
សម្ដេចមានប្រសាសន៍បន្ដថា “ខ្ញុំយកថ្ងៃ២៩ សម្ភោធផ្លូវជាតិលេខ៥ ថ្ងៃ៣០ សម្ពោធផ្លូវក្រវាត់ក្រុងទី៣ ដល់កម្មវិធីធ្លាក់អស់អ៊ីចឹងទៅហើយ ឥឡូវចាំបោះឆ្នោតហើយចាំដើរក៏មិនទាន់យឺតពេលដែរ”។
សូមជម្រាបថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ផ្នែកកណ្ដាល ចាប់ពីធ្លាម្អមដល់បាត់ដំបងនេះ មានប្រវែងសរុប១៤៦,០៤គីឡូម៉ែត្រ ត្រូវបានសាងសង់ពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូប្រភេទ AC កម្រាស១៥ សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល ខណៈគម្រោងនេះគ្រោងចំណាយទឹកប្រាក់សរុបចំនួន១៦១,៩០លានដុល្លារ។
ដោយឡែកគម្រោងក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ មានប្រវែងជិត ៥៣ គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ។ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ផ្លូវនេះបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក និងអនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥,៣៨ លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕
អត្ថបទ៖ កឹម ប៊ុនធឿន