គិតមកដល់ពេលនេះគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ពីចំណុច PK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបានជិត ២២% ហើយ។ នេះតាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងនៅក្នុងកម្មវិធីខាងលើឯកឧត្ដមទេរដ្ឋមន្ដ្រីបានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីPK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើគិតមកទល់បច្ចុប្បន្នសម្រេចការសាងសង់បានជិត២២% ហើយ។ តួលេខនេះមានភាពយឺតយ៉ាវជាងផែនការបន្តិច ពីព្រោះតែមានបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាអាកាសធាតុ បញ្ហាការរាលដាលនៃជម្ងឺកូវីដ-១៩ ការចល័តគ្រឿងចក្រមកសាងសង់យឺត និងបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) ជាដើម។
សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋានកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយក្នុងផែនការត្រូវចំណាយរយៈពេលសាងសង់ចំនួន៣២ខែ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់០៧ស.ម និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥ស.ម ក្រោមទំហំទឹកប្រាក់ប្រមាណជាង៧៨លានដុល្លារអាមេរិក៕
អត្ថបទ៖ កឹម ប៊ុនធឿន