យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរនិងប្រើប្រាស់ក្នុងទូទាំងប្រទេសកម្ពុជានូវធនប័ត្រ ប្រភេទ ២,០០០រៀល និងក្រដាស ២០០រៀល គំរូថ្មី។
- ទំហំធនប័ត្រ ៖បណ្តោយ ១៤៦ មីលីម៉ែត្រ និងទទឹង ៦៨ មីលីម៉ែត្រ
- ពណ៍ចម្បងគឺត្នោត និងពណ៍លឿង
- ផ្ទៃខាងមុខ
- ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអរដោយក្បាច់ចម្លាក់ជាប្រពៃណីក្នុងព្រះបរមរាជវាំង។ខាងឆ្វេងមានលេខ “២០០០” នៅពីលើព្រមទាំងហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគក្បាល ៧ នៅប្រាសាទអង្គរវត្ត មានលេខមាលាបោះពុម្ពដោយទឹកខ្មៅពណ៍ខ្មៅ ព្រមជាមួយអក្សរ “ពីរពាន់រៀល” នៅខាងក្រោមនិងមានអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទទោសតាមច្បាប់”។
- ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ខិតមកក្រោមមានលេខមាលា បោះពុម្ពដោយទឹកខ្មៅពណ៍ក្រហមនៅពីក្រោមនោះមានលេខ “២០០០” ព្រមជាមួយលេខ “2000” នៅគែមខាងក្រោម។នៅគែមខាងស្តាំនៃក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ “២០០០”។
ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជានិងមានលេខ “2000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោម។នៅជ្រុងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។
- ផ្ទៃខាងខ្នង
- ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវរូបក្បាច់ចម្លាក់ប្រាសាទតោនិងមានអក្សរ “ពីរពាន់រៀល” នៅពីក្រោមនោះ។
- ផ្នែកខាងស្តាំ ជ្រុងលើមានលេខ “2000” បោះពុម្ពតាមបន្ទាត់បញ្ឈរ ចំកណ្តាលជារូបតោនៅប្រាសាទសម្បូរព្រៃគុកព្រះបាទ និងជ្រុងក្រោមមានលេខ “២០០០” ។
- ផ្នែកខាងឆ្វេង ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” អក្សរ “NATIONAL BANK OF CAMBODIA” និងលេខ “2022” នៅកណ្តាលមានរូបភាពព្រាលៗគឺរូបក្បាច់លំអជាប្រពៃណី។
ចំពោះក្រដាសប្រាក់ ២០០រៀន ប្រភេទថ្មីនេះមានលក្ខណៈ
- ទំហំធនប័ត្រ ៖បណ្តោយ ១៣៨ មីលីម៉ែត្រ និងទទឹង ៦៤ មីលីម៉ែត្រ
- ពណ៍ចម្បងគឺប្រផេះ និងពណ៍ទឹកក្រូច
- ផ្ទៃខាងមុខ
- ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី កាលពីព្រះអង្គនៅវ័យក្មេង ខាងឆ្វេងមានលេខ “២០០” នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបក្បាច់លំអ និងនៅពីក្រោមមានលេខ មាលាបោះពុម្ពដោយទឹកខ្មៅ ពណ៍ខ្មៅ រូបចម្លាក់នាគក្បាល៥ និងអក្សរ “ពីររយរៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។
- ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” និងជ្រុងក្រោមមានលេខ “២០០” ព្រមជាមួយលេខ “200” នៅក្រោមនោះ។
- ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជានិងមានលេខ “200” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរព្រមទាំងរូបបោះពុម្ពកាត់ទទឺងក្រដាសប្រាក់ពីលើដល់ក្រោម។នៅជ្រុងក្រោមមានគំនូសបន្ទាត់ខ្លីៗជាច្រើនបង្កើតឡើងដោយលេខ “២០០” ដ៏តូចល្អិត។
- ផ្ទៃខាងខ្នង
- ផ្នែកកណ្តាល រូបភាពត្រូវបានរំលេចឡើងគឺជាព្រះពន្លា ចន្ទឆាយា និងមានអក្សរ “ពីររយរៀល” នៅពីក្រោមនោះ។
- ផ្នែកខាងស្តាំ ជ្រុងលើមានលេខ “200” បោះពុម្ពតាមបន្ទាត់បញ្ឈរ ចំកណ្តាលជារូបសំណាកព្រះបាទ ស៊ីសុវត្ថិ និងជ្រុងក្រោមមានលេខ “២០០” ។
- ផ្នែកខាងឆ្វេង ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” អក្សរ “NATIONAL BANK OF CAMBODIA” និងលេខ “2022” នៅកណ្តាលមានរូបភាពព្រាលៗជារូបដំរីក្បាលបី ព្រមទាំងក្បាច់លំអរពណ៍ប្រាក់ផ្គុំឡើងដោយលេខ “២០០” ។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រប្រភេទ ២០០ រៀលគំរូថ្មី ត្រូវបានដាក់ឱ្យចរាចរទបន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀតដែលត្រូវបានចេញផ្សាយរួចមកហើយ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង