សាកស្រមៃមើលថា អ្នកកំពុងធ្វើការងារ ប្រាក់ខែខ្ពង់ដល់ខ្ទង់សែនដុល្លារក្នុងមួយឆ្នាំ ស្រាប់តែសុខៗអ្នកចង់ឈប់ធ្វើការ ហើយចេញមកថតវីដេអូវិញ តើអ្នកហ៊ានបោះបង់ប្រាក់ខែនោះចោលទេ?
នេះជាបទពិសោធន៍ជីវិតពិតរបស់ Nuseir Yassin (ឈ្មោះពិត) ឬ Nas Daily ដែលលោកជា Vlogger ដែលចូលចិត្តដើរកំសាន្តជុំវិញពិភពលោក និងថតជាវីដេអូខ្លីៗផុសក្នុងបណ្ដាញសង្គមដូចជា ហ្វេសប៊ុក យូធូបជាដើម។ លោកហ៊ានបោះបង់ការងារក្នុងក្រុមហ៊ុនលំដាប់ពិភពលោក ប្រាក់ខែល្អ ដើម្បីដើរតាមក្ដីស្រមៃរបស់ខ្លួនឯង។
ប៉ុន្តែគ្រប់យ៉ាងជាការសម្រេចចិត្តត្រូវ ព្រោះ៦ឆ្នាំក្រោយពីក្លាយជាអ្នកបង្កើតមាតិកាវីដេអូ លោកបានក្លាយជាសហគ្រិនបច្ចេកវិទ្យាមួយរូប ដោយក្រុមហ៊ុនលោកឈ្មោះ Nas.IO ដែលជាវេទិកាដ៏ពិសេសសម្រាប់អ្នកបង្កើតមាតិកាជុំវិញពិភពលោក គឺបានកៀងគរទុន ២៣លានដុល្លារពីអ្នកវិនិយោគ ដើម្បីដំណើរការអាជីវកម្ម។
មកទល់ពេលនេះ ក្រុមហ៊ុនលោកមានអ្នកប្រើប្រាស់ ចុះឈ្មោះចូលរៀនចំនួនជាង ២០ម៉ឺននាក់ និងមានសហគមន៍ឌីជីថល ១២៨៤ និងរកចំណូលបានជាច្រើន។ ទន្ទឹមនឹងភាពរីកចម្រើន ក្រុមហ៊ុនលោកគឺបានប្រកាន់នូវតម្លៃស្នូលនៃការបំពេញការងារចំនួន ៥រួមមាន៖
១. គិតតែក្នុងពេលមួយថ្ងៃប៉ុណ្ណោះហើយចាប់ផ្ដើមធ្វើតែម្ដង
នេះជាវប្បធម៌ធ្វើការងារដ៏ល្អមួយគឺមិនគិតដល់រាប់ខែ រាប់សប្ដាហ៍ រាប់ឆ្នាំពេកនោះទេ ពោលគឺគិតឃើញគំនិតល្អអ្វីមួយចាប់ផ្ដើមធ្វើតែម្ដង ទោះបីចាប់ផ្ដើមពីតូចក៏ដោយ។
២. ចែករំលែករឿងសម្ងាត់ជាមួយគ្នា
ដើម្បីមានភាពស្និទ្ធស្នាល និងមានតម្លាភាពក្នុងស្ថាប័ន បុគ្គលិកទាំងអស់អាចចែករំលែករឿងសម្ងាត់ផ្ទាល់ខ្លួនជាមួយគ្នា ហើយសូម្បីតែរឿងទិន្នន័យហិរញ្ញវត្ថុក្រុមហ៊ុន ក៏បុគ្គលិកគ្រប់រូបអាចមានសិទ្ធដឹងផងដែរ ពោលគឺមិនមានការលាក់បាំងនោះទេ។
៣. ឆ្ពោះទៅរកភាពល្អប្រសើរជានិច្ច
រាល់កិច្ចការងារដែលមនុស្សគ្រប់រូបនៅក្នុងក្រុមហ៊ុនធ្វើ ត្រូវតែប្រាកដថាមានឥទ្ធិពលវិជ្ជមានជានិច្ច ដើម្បីធ្វើឱ្យខ្លួនឯងកាន់តែប្រសើរឡើង និងពិភពលោកទាំងមូលផងដែរ។
៤. មិនគិតដូចជាក្រុមហ៊ុនសាជីវកម្ម
លោកចង់ផ្លាស់ប្ដូរការគិតរបស់មនុស្សអំពីកន្លែងការងារថាជាកន្លែងដែលស្ត្រេស គួរឱ្យធុញថប់ មកជាកន្លែងដែលកម្សាន្ត សប្បាយរីករាយ ហើយមានសេរីភាពបំផុតមួយផងដែរ។ ដូច្នេះក្រុមហ៊ុនលោកមានវប្បធម៌ធ្វើការប្លែកៗខុសពីក្រុមហ៊ុនធំៗ ដែលបំពេញការងារត្រូវធ្វើតាមច្បាប់ទម្លាប់ច្រើនពេក រហូតកើតជាសម្ពាធ។
៥. ហាមដាច់ខាតចំពោះការរួមភេទ ការបៀតបៀន បំពាននៅកន្លែងធ្វើការងារ។
គួរជម្រាបថា មកទល់នឹងពេលនេះ វេទិការរបស់លោកក៏មានអ្នកបង្កើតមាតិកាមកពីជុំវិញពិភពលោកជាច្រើននាក់ផងដែរ ហើយលោកក៏គ្រោងស្វែងរកអ្នកសហការបន្ថែមឱ្យបាន ១ពាន់នាក់យ៉ាងតិចផងដែរ។ មកទល់នឹងពេលនេះក្រុមហ៊ុនលោកបានពង្រីកខ្លួនជាច្រើនផ្នែក និងអាចរកចំណូលបានរាប់លានដុល្លារផងដែរ៕
ចូលរួមក្នុងក្រុមចែករំលែកពិសេស ឥតគិតថ្លៃ សូមចុចទីនេះ https://t.me/LongVathanak777