រកស៊ីឱ្យទាន់គេ! លោក មូល កក្កដា ប្រាប់គន្លឹះធំៗ៣ អ្នករកស៊ីគួរធ្វើអាជីវកម្មគ្រួសារឱ្យទៅជាស្តង់ដារ
Ping Chou EngSEPTEMBER 21 2023973 views

ទន្ទឹមនឹងការរីកចម្រើនផ្នែកទីផ្សារឌីជីថល ក៏ដូចជាការប្រកួតប្រជែងក្នុងអាជីវកម្ម ធ្វើឱ្យម្ចាស់អាជីវកម្មជាច្រើនព្យាយាមអភិវឌ្ឍខ្លួនក៏ដូចជាពង្រឹងនូវអាជីវកម្ម បែបលក្ខណៈគ្រួសារ ឱ្យទៅជាមានស្តង់ដារ ទាន់សម័យកាល ដើម្បីឱ្យទទួលភ្ញៀវបានកាន់តែច្រើន លក់កាន់តែដាច់។

 

ថ្លែងប្រាប់ចាបក្រហមអ្នកជំនាញប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍអាជីវកម្ម លោក មូល កក្កដា​ បានឱ្យដឹងថា "ម្ចាស់អាជីវកម្មបើចង់ចំណេញត្រូវហ៊ានចំណាយ ហ៊ានចាយលើធនធានខាងក្នុង"។ យ៉ាងណាមិញអ្នកជំនាញវ័យ ៣៥ឆ្នាំ រូបនេះក៏បានលើកឡើងនូវហេតុផលធំចំនួន៣ដែលម្ចាស់អាជីវកម្មគួរផ្លាស់ប្តូរការរកស៊ីបែបលក្ខណៈគ្រួសាររបស់ខ្លួនទៅជាមានស្តង់ដារមានវិន័យ មានការគ្រប់គ្រងច្បាស់លាស់ មិនបាត់ដើមបាត់ចុង។

 

១. ពង្រឹងបានពង្រីកស្រួល

 

ត្រង់ចំណុចនេះលោក មូល កក្កដា​ បញ្ជាក់ឱ្យដឹងថា​មុននឹងចង់ឱ្យការរកស៊ីចំណេញជាងមុន អ្វីដែលយើងត្រូវគិតមុនគេគឺការពង្រឹងផ្ទៃក្នុងគឺធនធានមនុស្ស ជាពិសេសលើយើងខ្លួនឯងដែលជាម្ចាស់ផ្ទាល់។

 

ក្នុងនោះម្ចាស់អាជីវកម្មត្រូវមានការតាំងចិត្តនិងអត់ធ្មត់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពខ្លួនឯង ព្រមទាំងបុគ្គលិក ដូចជាការកំណត់ផែនការលម្អិតលើការងាររបស់បុគ្គលិក ការប្រជុំប្រចាំខែឬសប្តាហ៍ ឬផ្តល់វគ្គបណ្តុះបណ្តាលជាដើម។

 

២. ដឹងទំហំចំណេញខាតបានច្បាស់

 

អាជីវកម្មលក្ខណៈគ្រួសារជាអាជីវកម្មដែលលំបាកក្នុងការគ្រប់គ្រង ដូចជាស្តុក​ទំនិញ ការទិញចូលលក់ចេញ ចំណូលចំណាយ បុគ្គលិក ធនធានបន្ទាប់បន្សំ​​ថ្លៃទឹកថ្លៃភ្លើង អ៊ីនធើណេតឬការជួលទីតាំងជាដើម។

 

បើសិនជាការពង្រឹងការងារខាងក្នុងមានភាពច្បាស់លាស់ហើយ ចំណេញខាត​គឺម្ចាស់អាជីវកម្មអាចប៉ាន់ស្មានដឹង និងអាចបង្ការហានិភ័យបានខ្ពស់ថែមទៀត ព្រោះការងាររបស់ថៅកែនិងបុគ្គលិកគឺដើរទន្ទឹមគ្នា ធ្វើឱ្យផលិតផលល្អ ភ្ញៀវសប្បាយចិត្ត លក់ដាច់ ពង្រីកខ្លួនពង្រីកសាខាក៏មានភាពងាយស្រួលផងដែរ។

 

៣. ងាយធ្វើទីផ្សារ​ ដើរទាន់គេ

 

នៅក្នុងសម័យមនុស្សប្រើទូរស័ព្ទគ្រប់ដៃនរណាក៏យល់ស្របដែរថាទីផ្សារមានភាពប្រកួតប្រជែងខ្ពស់ ជាពិសេសលើឌីជីថល។ ដូច្នេះដើម្បីឱ្យការធ្វើទីផ្សារមានភាពងាយស្រួល ដើរទាន់ភ្ញៀវ ដើរទាន់គូប្រកួតប្រជែងយើងជាម្ចាស់អាជីវកម្ម ត្រូវដឹងពីអតិថិជនឱ្យបានច្បាស់បំផុតថា គួរធ្វើទីផ្សារបែបណាត្រូវនឹងអតិថិជននិង ទាក់ទាញភ្ញៀវ។ ហេតុនេះហើយបានជាម្ចាស់អាជីវកម្មគួរតែផ្លាស់ប្តូរអាជីវកម្មបែបលក្ខណៈគ្រួសារមកស្តង់ដារ​ ព្រោះវាអាចជួយរៀបចំរបៀបរបបធ្វើទីផ្សារបានត្រូវសម័យកាល​ មានគំរូមួយច្បាស់លាស់ និងមិនពិបាកក្នុងការប្រកួតប្រជែងជាមួយអ្នករកស៊ីក្នុងវិស័យដូចគ្នា។

 

សរុបមកការធ្វើអាជីវកម្មគ្រួសារឱ្យទៅជាស្តង់ដារមានផលចំណេញធំៗ៣ដូចជាទី១ ស្គាល់អតិថិជននិងគូប្រជែងច្បាស់ ងាយធ្វើទីផ្សារ, ទី២វាស់ស្ទង់ទំហំនិងអាចទូទាត់ចំណេញខាតបានច្បាស់លាស់កាត់បន្ថយហានិភ័យ ដោយឡែកទី៣ ជួយម្ចាស់អាជីវកម្មរកស៊ីមានគោលដៅច្បាស់លាស់ អាចអភិវឌ្ឍខ្លួនឯងក៏ដូចជាបុគ្គលិក ដើម្បីឱ្យក្រុមហ៊ុនដំណើរការល្អប្រសើរទៅមុខពី១ថ្ងៃទៅ១ថ្ងៃ។

 

បន្ថែមពីនេះ លោក មូល កក្កដា ក៏បានបន្ថែមដែរថាគន្លឹះផ្លាស់ប្តូរអាជីវកម្មគ្រួសារឱ្យទៅជាស្តង់ដារមាន៣ធំៗគឺការប្តេជ្ញាចិត្តខ្ពស់របស់ម្ចាស់អាជីវកម្ម ហ៊ានចំណាយលុយកាក់លើធនធានមនុស្ស និងស្វែងរកជំនួយក្នុងការប្រឹក្សានិងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។

 

គួរជម្រាបផងដែរថា លោក មូល កក្កដា គឺជាអតីតបុគ្គលិកផ្នែកគ្រប់គ្រងជាន់ខ្ពស់មួយរូប នាពេលបច្ចុប្បន្ននេះលោកគឺជាអ្នកជំនាញប្រឹក្សាអាជីវកម្ម ដែលបានប្រឹក្សាឱ្យក្រុមហ៊ុនតូចធំ នៅស្រុកខ្មែរឱ្យមានស្តង់ដារច្បាស់លាស់និងទទួលបានផលចំណេញជាច្រើនផងដែរ៕

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia