នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងសាធារណការបានដាក់ឱ្យដំណើរការជាផ្លូវការ នូវលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន។ ក្នុងនោះក៏ការមានការសម្ពោធដាក់ឱ្យប្រើប្រាស់នូវមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអូឡាំព្យាផងដែរ។
ដោយមណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ មានទីតាំងនៅជាន់ទី៤ ផ្សារទំនើបអូឡាំព្យា ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចមុនីរ៉េត (២១៧) សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមានម៉ោងធ្វើការជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ (លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ)។ នៅពេលព្រឹក ពីម៉ោង៩:០០ ដល់ម៉ោង ១២:០០ និងនៅពេលរសៀល ពីម៉ោង ១៣:០០ ដល់ម៉ោង ១៩:៣០យប់។
ដូច្នេះសម្រាប់សាធារណជនដែលមានបំណងស្នើសុំសេវាទិញលេខ និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួនអាចចូលទៅកាន់គេហទំព័រ https://vehicle.mpwt.gov.kh ឬអញ្ជើញទៅកាន់ទីតាំងមណ្ឌលផ្តល់សេវាសាធារណៈផ្ទាល់ ដូចខាងក្រោមនេះ៖
១. មណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាម បណ្តោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
២. មណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើបអូឡាំព្យា ស្ថិតនៅផ្សារទំនើបអូឡាំព្យាជាន់ទី៤ តាមបណ្តោយមហាវិថីសម្តេចមុនីរ៉េត (២១៧) សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
៣. មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥៩៨ ភូមិខ១ សង្កាត់ច្រាំងចំរោះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបផងដែរថាចំពោះការទទួលយក និងកិបផ្លាកលេខ អាចធ្វើបាននៅ មណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើប អូឡាំព្យា និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ តែប៉ុណ្ណោះ។ ករណីសាធារណជន មានតម្រូវការ និងចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈ សូមធ្វើការ ទំនាក់ទំនងតាមរយៈទូរសព្ទ HOTLINE "1275” ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕