បច្ចុប្បន្នមនុស្សនៅជុំវិញពិភពលោកកំពុងប្រឈមនឹងវិបត្តិការងារ អ្នកខ្លះកំពុងស្វែងរកការងារធ្វើយ៉ាងលំបាក ខ្លះកំពុងទ្រាំធ្វើការងារដែលខ្លួនមិនពេញចិត្ត និងខ្លះទៀតត្រូវបានគេបញ្ឈប់ពីការងារ។
យ៉ាងណាមិញបើផ្អែកលើការលើកឡើងរបស់អ្នកជំនាញ តាមរយៈ CNBC បានឱ្យដឹងថា មានបញ្ហាធំមួយចំនួនរបស់មនុស្សដែលកំពុងដើរស្វែងរកការងារធ្វើបច្ចុប្បន្ន បានធ្វើខុសដោយមិនដឹងខ្លួន ក្នុងការដាក់ពាក្យសុំធ្វើការ ហើយតែងធ្លាក់ការសម្ភាសន៍ពីមួយកន្លែងទៅមួយកន្លែង។
លោក Jeremy Schifeling អ្នកជំនាញរើសបុគ្គលិកមកពី The Job insiders បានលើកឡើងថាបច្ចុប្បន្ននេះ «មនុស្សយល់ថា AI បានដណ្តើមការងារមនុស្សបណ្តើរៗហើយ ស្របពេលដែលអ្នកជំនាញផ្សេងៗលើកឡើងស្របគ្នាថា AI មិនបានដណ្តើមការងារមនុស្សទេ តែមនុស្សត្រូវចេះប្រើ AI ដើម្បីធ្វើការឱ្យខ្លួនឱ្យបានខ្លាំងជាងមុន ប៉ុន្តែបញ្ហាមួយនេះបានធ្វើឱ្យបេក្ខជនដែលរកការងារធ្វើមួយចំនួន យល់ច្រឡំហើយប្រើ AI បំផ្លាញឱកាសខ្លូនឯងទៅវិញ។»
បន្ថែមពីនោះលោក Jeremy Schifeling បានបញ្ជាក់ថាដោយសារ ពួកគេបានប្រើ AI ជាជំនួយការខុសផ្លូវ តួយ៉ាងដូចជាការប្រើ AI ឱ្យសរសេរប្រវត្តិរូបការងារ (CV) និងការប្រើ AI ដើម្បីតប Email ទៅកាន់អ្នកសម្ភាសន៍ ជួនកាលចម្លងចម្លើយទាំងស្រុងពី AI ក៏មាន។
ខណៈការប្រើ AI បែបនេះហើយដែលធ្វើឱ្យពួកគេសម្ភាសន៍ការងារធ្លាក់ពីរបីកន្លែង ព្រោះពេលខ្លះមានបេក្ខជនស្វែងរកការងារធ្វើ២-៣នាក់ទៅហើយដែលប្រើ Prompt ដូចគ្នាបាត់ទៅហើយ ក្នុងដំណើរសម្ភាសន៍ការងារ។ ដូច្នេះវាពិបាកណាស់ក្នុងការឱ្យអ្នកគ្រប់គ្រងឬផ្នែកធនធានមនុស្សអាចរើស និងសម្រេចចិត្តជួលមនុស្សដែលមានភាពលេចធ្លោ ព្រមទាំងមានសមត្ថភាពលើសពី AI ម្នាក់។
សូមជម្រាបថាលោក Jeremy Schifeling គឺជាស្ថាបនិកនៃ The Job Insiders ដែលផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យានិងអាជីពសម្រាប់សាកលវិទ្យាល័យ និងសាលាធុរកិច្ចកំពូលៗរាប់រយជុំវិញពិភពលោក។ លើសពីនេះទៀត លោកក៏ជាអ្នកនិពន្ធជនជាតិអាមេរិកដែលមានស្នាដៃសៀវភៅបច្ចេកវិទ្យា មានចំណងជើងថា Career Coach GPT ផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង