បាតុភូតតារាសាស្រ្តដ៏កម្រ ព្រះចន្ទ អមជាមួយភពចំនួនប្រាំ នឹងបណ្តែតខ្លួនជាប់គ្នាលើផ្ទៃមេឃអាចមើលឃើញដោយភ្នែកទទេក្នុងពាក់កណ្តាលខែនេះ ខណៈមនុស្សជាតិអាចមើលបានត្រឹម ២ទៅ៣ដង ប៉ុណ្ណោះក្នុងមួយជីវិត។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ Lives Science ចុះនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
យើងអាចទស្សនាទិដ្ឋភាពដ៏ស្រស់ត្រកាលនៅលើអាកាសពេលរាត្រី និងព្រឹកព្រលឹមមុនថ្ងៃរះក្នុងខែកក្កដាចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២១ ដោយព្រះចន្ទនឹងរំកិលខ្លួនទៅជិតភពទាំង៥ ក្នុងប្រព័ន្ធព្រះអាទិត្យរួមមាន ភពអង្គារ ភពសៅរ៍ ភពព្រហស្បតិ៍ ភពសុក្រ និងភពពុធ។ ក្នុងនោះ ព្រះចន្ទនឹងរះជាប់ភពសៅរ៍នៅថ្ងៃទី០៧, រះជាប់ភពព្រហស្បតិ៍ថ្ងៃទី១១, រះជាប់ភពពុធ ភពសុក្រ និងព្រះអង្គារចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១។
គួរជម្រាបផងដែរថា ព្រឹត្តិការណ៍នេះអាចមើលបានគ្រប់ទីកន្លែងលើផែនដី រួមទាំងកម្ពុជាយើងផងដែរ ប្រសិនបើផ្ទៃមេឃស្រឡះល្អ។ អ្វីដែលកាន់តែពិសេស បាតុភូតតារាសាស្រ្តខាងលើយើងអាចមើលឃើញត្រឹមតែ ២ទៅ៣ដងប៉ុណ្ណោះក្នុងមួយឆាកជីវិត ដូច្នេះចូរកុំខកខានឱកាសដ៏កម្រនេះឲ្យសោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)