រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានចេញអនុក្រឹត្យសម្រេចកែប្រែផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ពីទំហំ ១៥៤ ៤៥៤ ហិកតា ទៅ ១៥៦ ១១៦ ហិកតា ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ខេត្តកំពង់ស្ពឺ និងព្រះសីហនុ។ ដោយការកែប្រែនេះគឺបានពង្រីកផ្ទៃដីធំជាងមុន ១ ៦៥៨ ហិកតា។
យោងតាមអនុក្រឹត្យខាងលើ ផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»ខាងលើ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ១៧១ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១ ៦៥៨ (មួយពាន់ប្រាំមួយ រយហាសិបប្រាំបី)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើត របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
ចំពោះគោលបំណងនៃការពង្រីកផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស «បូគោ» នេះគឺក្នុងគោលបំណងសំខាន់ចំនួន ៦ រួមមាន៖
១. ធានាការថែរក្សា ការពារសោភណធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ សម្រាប់វិទ្យាសាស្រ្ត ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត
២. លើកកម្ពស់តួនាទី សក្កានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ដោយចីរភាព
៣. រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ
៤. ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយដោយនិរន្តភាព
៥. ជំរុញនិងលើកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីរៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព
៦. លើកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធាណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់
សម្រាប់ព័ត៌មានបន្ថែមសូមអាននៅក្នុងលិខិតខាងក្រោម ៖
អត្ថបទដោយ៖ ឌឿក ស្រីនុត