គិតចាប់តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក នៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយនោះទេ។ ខណៈដែលឧបទ្ទវហេតុនេះបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋជាង ១ ម៉ឺនខ្នង និងផ្ដាច់ជីវិតមនុស្សចំនួន ១០ នាក់ហើយ។ នេះបើតាមការដកស្រង់របស់សារព័ត៌មាន CNN នៅថ្ងៃនេះ។
ទាក់ទិននឹងហេតុការណ៍ដ៏អាក្រក់ខាងលើដែរ នៅថ្ងៃទី១០ ខែមករា លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook ក៏បានសរសេរសារមួយផ្ញើរជូនទៅកាន់អ្នកដែលកំពុងរងគ្រោះនៅក្នុងរដ្ឋ Los Angeles នេះ។
ក្នុងនោះលោកបានសរសេរនៅលើទំព័រ Facebook របស់ថា «ការបួងសួងសម្រាប់អ្នករាល់គ្នានៅ LA ។ ពិតជាពិបាកមើលវីដេអូ និងរូបថតទាំងអស់នៃការបំផ្លិចបំផ្លាញ។ Priscilla (ប្រពន្ធ) និងខ្ញុំកំពុងផ្តល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ហើយក្រុមហ៊ុន Meta ក៏ដូចគ្នាដែរ។ Meta បានបើកមុខងារត្រួតពិនិត្យសុវត្ថិភាពផងដែរ ហើយរហូតមកដល់ពេលនេះមនុស្សជាង ៤ សែននាក់បានប្រើវាដើម្បីឱ្យក្រុមគ្រួសារ និងមិត្តភក្តិដឹងថាពួកគេមានសុវត្ថិភាព។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានៅទីនោះមានសុវត្ថិភាព»។
សូមជម្រាបថា ហេតុការណ៍ភ្លេចឆេះដ៏អាក្រក់នេះដំបូងបង្អស់បានចាប់ផ្ដើមនៅក្នុងតំបន់ Palisades ក្រោយមកក៏រីករាលដាលដល់តំបន់ចំនួន ៦ ទៀតរួមមាន៖ Lidia, Olivas, Hurstm, Eaton, Woodley និង Sunset។ ដើម្បីសុវត្ថិភាពអាជ្ញាធរអាម៉េរិកក៏បានជម្លៀសមនុស្សក្នុងតំបន់ជាង១០ម៉ឺននាក់ចេញ និងបានបញ្ជូនអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ធ្វើការពន្លត់ភ្លើង៕