នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ស្អែកនេះ រោងចក្រផលិតសំបកកង់រថយន្ដថ្មីមួយទៀត នឹងត្រូវបើកការដ្ឋានសាងសង់នៅក្នុងស្រុកចន្ទ្រា ខេត្ដស្វាយរៀង។ ដោយពិធីបើកការដ្ឋាននេះក៏នឹងមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ដ នៅក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង កាលថ្ងៃទី១០ ខែមករា។
អ្វីដែលគួរឲ្យកត់សម្ពាក់វត្ដមានរោងចក្រផលិតសំបកកង់រថយន្ដថ្មីនេះ ក៏នឹងធ្វើឲ្យខេត្ដស្វាយរៀង ក្លាយជាជាខេត្ដដែលមានរោងចក្រផលិតសំបកកង់រថយន្ដច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។
ថ្លែងនៅក្នុងពិធីខាងលើឯកឧត្ដមបានមានប្រសាសន៍ថា «...ជាដំណឹងដ៏រីករាយមួយផងដែរ ដែលនៅថ្ងៃទី១២ ខែមករា ខាងមុខ រូបខ្ញុំផ្ទាល់នឹងចូលរួមជាមួយឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់យានយន្ដនៅស្រុកចន្រ្ទា ជារោងចក្រទី២ក្នុងខេត្ដ។ បើនិយាយក្នុងក្របខណ្ឌទូទាំងប្រទេស មានរោងចក្រផលិតសំបកកង់យានយន្ដចំនួន ៥ ក្នុងនោះមានចំនួន ២ នៅក្នុងមូលដ្ឋានខេត្ដស្វាយរៀង»។
ឯកឧត្ដមអភិបាលខេត្ដបានលើកឡើងថា កាលពីមុនខេត្ដស្វាយរៀងមានរោងចក្រផលិតសំបកកង់យានយន្ដនេះតែ១ទីតាំងប៉ុណ្ណោះ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ។ ហើយក្រុមហ៊ុននោះបានចំណាយដើមទុនសរុបជាង ១ ពាន់លានដុល្លារឯណោះ និងបានអភិវឌ្ឍន៍ចំនួន ៣ ដំណាក់កាល។ ដោយការវិនិយោគដំណាក់កាលទី១ គឺចាប់ផ្ដើមឡើងក្នុងអំឡុងពេលកូវីដ១៩។ ឯកឧត្ដមបន្ថែមថា នៅពេលខាងមុខបន្ដិចទៀតនេះខេត្ដស្វាយរៀងក៏នឹងមានរោងចក្រផលិតសំបកកង់រថយន្ដទី៣ ផងដែរ ដោយបច្ចុប្បន្នបាននិងកំពុងដំណើរការនីតិវិធីសម្រាប់ការវិនិយោគ។
សូមជម្រាបផងដែរថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្ដសរុបចំនួន ៥ ប៉ុណ្ណោះ ហើយក្នុងនោះខេត្ដស្វាយរៀងមានដល់ទៅ ២ ទីតាំង ដែលនេះគឺជាចំនួនច្រើនជាងគេបើធៀបទៅនឹងខេត្ដ-ក្រុងដទៃទៀត៕