តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ បើកសម្ពោធជាផ្លូវការ និងជម្រុញសន្ទុះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ 2025
Bunthoeun KoemJANUARY 10 2025

[ភ្នំពេញ ថ្ងៃទី 10 ខែមករា ឆ្នាំ 2025] – អាយ អេស អាយ គ្រុប (ISI GROUP) ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលជាតំបន់អភិវឌ្ឍថ្មីក្រោមកិច្ចសហការរវាងដៃគូវិនិយោគសំខាន់ៗ អភិវឌ្ឍលើផ្ទៃដីទំហំជាង 800 ហិចតា នៅ​ក្នុង​ក្រុង​ព្រះសីហនុ។  ពិធី​សម្ពោធនេះបានប្រព្រឹត្តទៅនៅអគារការិយាល័យ ISI TOWER ដែលជាទីស្នាក់ការកណ្តាលរបស់ ISI GROUP ស្ថិតនៅក្នុងរាជធានីភ្នំពេញ។

 

Photo 2025 01 10 17 39 14

(រូបភាពពីឆ្វេងទៅស្តាំ លោក កាំង សេន នាយកប្រតិបត្តិនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស​ អាយ អេស អាយ លោក កាំង ឡេង អគ្គនាយកប្រតិបត្តិ ISI GROUP ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឯកឧត្តម ជា វុទ្ធី និងលោក​ CHANG Wen-Chu អគ្គនាយករងនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ)

 

នេះជាព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបមួយនៃការចាប់ផ្តើមប្រតិបត្តិការរបស់តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង 200 នាក់ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង  លោក កាំង ឡេង អគ្គនាយកប្រតិបត្តិនៃ ISI GROUP ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលសំខាន់ៗ ក៏ដូចជាសហគមន៍ធុរកិច្ចជាតិ និងអន្តរជាតិផ្សេងៗទៀតផងដែរ។

 

Photo 2025 01 10 17 39 04

(ការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាក្នុងពិធីសម្ពោធតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ)

Photo 2025 01 10 17 38 07

(ដំណើរចុះទស្សនាប្លង់គំរូនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា  ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ជាមួយលោក កាំង ឡេង អគ្គយកប្រតិបត្តិ ISI GROUP លោក កាំង ហុក អគ្គយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន) 

 

តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ គឺជាតំបន់សេដ្ឋកិច្ចពិសេសដំបូងគេដែលមានទីតាំងតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងមានរយៈចម្ងាយត្រឹមតែ 30 នាទីពីកំពង់​ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងរយៈចម្ងាយត្រឹមតែ 1 ម៉ោង 30 នាទីពីរាជធានីភ្នំពេញ។ ទីតាំងយុទ្ធសាស្ត្រនេះធានាបាននូវការតភ្ជាប់យ៉ាងល្អឥតខ្ចោះសម្រាប់សហគ្រាសដែលផ្តោតលើការនាំចេញ ធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ក្លាយជាច្រកចេញចូលដ៏សំខាន់មួយសម្រាប់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។

 

Photo 2025 01 10 17 39 40 (ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អំឡុងពេលថ្លែងសុន្ទរកថា)

 

នៅក្នុងសុន្ទរកថារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាគ្រួសារមួយក្នុងការបង្កើតប្រទេសកម្ពុជាសហសម័យ ហើយការអភិវឌ្ឍគម្រោងនេះ រួម​ជាចំនែក​មួយ​យ៉ាងសំខាន់ នៃសមិទ្ធផលដ៏ធំធេងនេះ។ ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញការប្តេជ្ញាក្នុងការគាំទ្ររាល់គំនិតផ្តួចផ្តើមនៃការរួមចំណែកអភិវឌ្ឍន៍ជាពិសេសនៅក្រុងព្រះសីហនុ ដោយលោកជឿថាក្រុងព្រះសីហនុដើរតួជាក្បាលម៉ាស៊ីនសំខាន់នៃសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថាតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងចាប់ផ្តើមបង្កើតនូវផលិតផល​សម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស» លោកក៏បានបង្ហើបពីការរំពឹងទុករបស់លោកសម្រាប់តំបន់សេដ្ឋកិច្ចនេះថានឹងអាចមានលទ្ធភាពបង្កើតចង្វាក់ផលិតកម្ម​តាំងពីដើមរហូតដល់​ផលិតផលសម្រេច និង​អាចនាំចេញទៅក្រៅប្រទេសផ្ទាល់តែម្តង ដោយកត្តាទាំងនេះបង្ហាញពីការអភិវឌ្ឍជាតិដ៏ពិតប្រកដមួយ។

 

Photo 2025 01 10 17 39 49

(លោក កាំង ឡេង ក្នុងការធ្វើបទបង្ហាញអំពីគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ)

 

លោក កាំង ឡេង បានលើកឡើងក្នុងសុន្ទរកថារបស់លោកថា៖ «បន្ទាប់ពីភាពជោគជ័យរបស់តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង និងសួនឧស្សាហកម្មទំនើប ISI PARK ផ្លូវជាតិលេខ 2 ISI GROUP បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តលើកកម្ពស់វិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាមួយការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ និងការអនុវត្តកិច្ចសហការថ្មី។ គោលដៅរបស់យើង គឺការសាងសង់ និងដឹកនាំដោយភាពច្នៃប្រឌិតឈានមុខគេ និងការបង្កើតឧស្សាហកម្មចម្រុះដ៏រស់រវើកសម្រាប់ភាពរីកចម្រើនទៅដល់់វិស័យផ្សេងៗ និងសហគមន៍ជុំវិញ»

 

Photo 2025 01 10 17 38 51

(ឯកឧត្តម ជា វុទ្ធី ក្នុងពេលថ្លែងសុន្ទរកថាគាំទ្ររបស់លោកក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ)

 

ឯកឧត្តម ជា វុទ្ធី បានសម្តែងការគាំទ្រលើគម្រោងថ្មីនេះ ដោយការបង្ហាញពីក្តីសោមនស្សរីករាយរបស់លោកមកលើតំបន់សេដ្ឋកិច្ចពិសេស អាយ អេស​​ អាយ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីការអភិវឌ្ឍខេត្តព្រះសីហនុ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។  ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់របស់ខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល ហើយរាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា។ ការជ្រោមជ្រែងពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ មិនត្រឹមតែបានបង្កើតក្របខ័ណ្ឌចាំបាច់សម្រាប់សម្រួលដល់កិច្ចសហការថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាសទាក់ទាញដល់ការវិនិយោគក្នុងស្រុក និងអន្តរជាតិផងដែរ។

 

Photo 2025 01 10 17 39 24

(រូបភាពអនុស្សាវរីយ៍ជុំគ្នារបស់ភ្ញៀវកិត្តិយសសំខាន់ៗ ដើម្បីអបអសាទរពិធីសម្ពោធបើកដំណើរការផ្លូវការគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ)

 

តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ អភិវឌ្ឍលើផ្ទៃដីទំហំជាង 800 ហិចតា ដោយដំណាក់កាលដំបូងបានកំពុងអភិវឌ្ឍលើផ្ទៃដីជាង 200 ហិកតា និងផ្តល់សក្តានុពលលើសពីតំបន់ឧស្សាហកម្មធម្មតា។ តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ មានទីតាំងអំណោយផលបំផុតភ្ជាប់នឹងផ្លូវទឹកធម្មជាតិដ៏ស្រស់បំព្រង។  ISI GROUP បាន​យកចិត្តទុកដាក់លើគម្រោងនេះជាខ្លាំង ដោយ​បាន​សហការជាមួយ  វិទ្យាស្ថានជំនាញរចនាពីប្រទេសអូស្ត្រាលី ក្នុង​រចនាប្លង់​មេ​នេះ ដើម្បីបង្កើតជាសួនឧស្សាហកម្ម-អេកូឡូស៊ីដែលអាចរស់នៅបាន។ ការរចនា​​​ដ៏ពិសេសនេះ រួមបញ្ចូលគ្នាទាំងផ្នែកឧស្សាហកម្ម និងទីតាំងសហគមន៍មានមុខងារសំខាន់ៗដូចជា៖ ការិយាល័យច្រកចេញចូលតែមួយ អន្តេវាសិកដ្ឋាននយោជិត ប្រព័ន្ធចម្រោះទឹកស្អាត កន្លែងប្រព្រឹត្តិកម្មកែប្រែទឹកកខ្វក់ ស្ថានីយ៍ថាមពលអគ្គិសនី សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងរចនាសម្ព័ន្ធផ្សេងៗទៀត ។ 

 

Photo 2025 01 10 17 40 04

(រូបភាពគំរូនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលមានទីតាំងតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ)

 

ក្នុងពិធីសម្ពោធបើកដំណើរការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ក៏បានទាក់ទាញអ្នកវិនិយោទុនអន្តរជាតិ ដែលបានបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងលើទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ អំឡុងពេលចុះទស្សនៈកិច្ចនៅទីស្នាក់ការកណ្តាលរបស់ ISI GROUP និងតំបន់អភិវឌ្ឍជុំវិញ ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីសក្តានុពលនៃការវិនិយោគក្នុងប្រទេសកម្ពុជា និងអត្ថប្រយោជន៍ដែលផ្តល់ដោយគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយនេះ។

 

ជាមួយបទពិសោធន៍នៅលើទីផ្សារជាង 25 ឆ្នាំ ISI GROUP បានពង្រឹងខ្លួនជាអ្នកដឹកនាំដ៏​​គួរឱ្យទុកចិត្តបំផុតខាងផ្នែកអភិវឌ្ឍវិស័យសួនឧស្សាហកម្មចម្រុះ។ ដោយផ្អែកលើភាពជោគជ័យនៃសួនឧស្សាហកម្មចំនួនពីរ គឺតំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង ដែលឥឡូវនេះជាទីតាំងសហគមន៍ដ៏រីកចម្រើនមួយ រួមមានជាង 100 សហគ្រាសកំពុង​ដំនើរការ ហើយបានបង្កើតប្រតិបត្តិការហិរញ្ញវត្ថុ 1 ពាន់លានដុល្លារ និងការងារចំនួនជាង 10,000 កន្លែង និងសួនឧស្សហកម្ម ISI PARK ផ្លូវជាតិលេខ 2 ដែលតភ្ជាប់ទៅកាន់ផ្លូវក្រវ៉ាត់ក្រុងសំខាន់ៗ និង​មានទីតាំងត្រឹមតែ 15 នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ។ ISI GROUP ត្រៀមនឹងបន្តពង្រីកការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស អាយ  អេស អាយ ដោយពង្រឹង​លើ​ការ​រចនាហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទំនើបថ្មីៗ ស្របតាមស្តង់ដាអន្តរជាតិ។ 

 

ISI GROUP ប្តេជ្ញាក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេសនេះប្រកបដោយភាពច្នៃប្រឌិត ដោយធានាឱ្យមានតុល្យភាពនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម និងជម្រុញការវិនិយោគ ប្រកប​ដោយនិរន្តរភាព ក្នុង​គោល​បំណងដើម្បីបង្កើនសេដ្ឋកិច្ចក្នុងស្រុកបន្ថែម​ទៀត។ ពិធីសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ជាសក្ខីភាព​នៃកិច្ចខិតខំប្រឹងប្រែងរបស់ ISI GROUP ក្នុងដំណើរការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា៕ 

 

Photo 2025 01 10 17 39 32

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia