មានកំហុសឆ្គងជាច្រើនដែលមនុស្សបានធ្វើទៅលើលុយកាក់របស់ខ្លួនដែលធ្វើឲ្យពួកគាត់គ្រប់គ្រងនឹងចាត់ចែងលុយកាក់មិនបានល្អ។ ទាក់ទងនឹងរឿងនេះដែរ លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញពីកំហុសឆ្គងធំៗចំនួន៤យ៉ាង” ដែលធ្វើអោយការចាត់ចែងហិរញ្ញវត្ថុមិនបានល្អ។
១. វិនិយោគលើអាជីវកម្មដែលខ្លួនមិនមានចំណេះដឹងច្បាស់លាស់
មានមនុស្សជាច្រើនបង្កើតអាជីវកម្មតាមអ្នកដទៃ ឬចេះតែជឿអ្នកដទៃដែលមិនមានចំនេះដឹង ជំនាញ និងបទពិសោធន៍ច្បាស់លាស់។ ធ្វើខ្វះគោលដៅ ខ្វះចក្ខុវិស័យជាក់លាក់ ជារួមគឺធ្វើសំដៅតែប្រាក់ចំណេញមួយមុខតែប៉ុណ្ណោះ។ ការធ្វើបែបនេះគឺងាយនឹងខាតបង់លុយកាក់ ងាយនឹងបោះបង់នៅពេលជួបបញ្ហា។ល។
២. មិនស្គាល់ពីភាពចាំបាច់នៃការចំណាយ
មនុស្សជាច្រើនមិនយល់ថាអ្វីជាភាពចំបាច់ (Needs) និងអ្វីគឺគ្រាន់តែជាការចង់បាន (Wants) នោះទេ។ ជាពិសេសចំណាយព្រោះតែឃើញមិត្តភក្តិ និងអ្នកដទៃប្រើ។ ឧទាហរណ៍ ការប្តូរទូរសព្ទថ្មីរៀងរាល់ពេលមានចេញស៊េរីថ្មី គឺរាល់ឆ្នាំដែលមិនមែនជាការចាំបាច់ទាល់តែសោះ។ ជាងនេះទៅទៀតមនុស្សជាច្រើនសង្វាតចង់រស់នៅផ្ទះធំៗ និងប្រើរថយន្តល្អៗហួសពីសមត្ថភាព។ តាមពិតទៅបើតម្លៃផ្ទះ តម្លៃរថយន្ត និងសម្ភារដែលមិនកើនតម្លៃដទៃទៀតមានត្រឹមតែ៣០% ឬតិចជាង៣០%នៃទ្រព្យសម្បត្តិសរុប នោះជាការប្រសើរបំផុត ព្រោះយ៉ាងហោចណាស់៧០%ទៀតគឺជាទ្រព្យដែលរីកចំរើនពោលគឺអាចរកចំណូលបាន ឬមានការកើនតម្លៃជាប្រចាំ។
៣. មិនចេះប្រើបំណុលអោយមានប្រសិទ្ធិភាព
ការប្រើបំណុលមិនចំគោលដៅសំរាប់បង្កើតប្រាក់ចំណេញ ឬការប្រើបំណុលច្រើនប្រភពដែលបំណុលខ្លះមានការប្រាក់ខ្ពស់ហួសពីលទ្ធភាពនៃប្រាក់ចំណេញដែលអាចរកបាន។ បំណុលប្រភេទនេះរួមមានដូចជាការចងការពីឈ្មួញឯកជន ការលេងតុងទីន ការទិញជំពាក់ដោយមានការប្រាក់ ឬតម្លៃខ្ពស់។ល។
៤. ចង់មានលឿនដោយមិនយល់ពីកិច្ចការវិនិយោគ
ចង់មានលឿនតាមការអូសទាញរបស់អ្នកដទៃដូចជាការវិនិយោគដោយសន្យាអោយប្រាក់ចំណេញខ្ពស់ជាដើម។ ជាធម្មជាតិនៃការវិនិយោគមិនមានអ្នកណាអាចធានាថានឹងចំណេញក្នុង១ខែ ឬ១ឆ្នាំប៉ុន្មានភាគរយនោះទេ។ ប៉ុន្តែបើគ្រាន់តែព្យាករណ៍ពីលទ្ធភាពនៃអត្រាចំណេញដោយផ្អែកលើបទពិសោធន៍ និងហេតុផលសមរម្យនោះគឺអាចយកមកពិចារណាដើម្បីសំរេចចិត្តបាន។ ឧទាហរណ៍ គម្រោងវិនិយោគមួយចំនួន សន្យាអោយចំណេញ១០%ក្នុង១ខែបានបោកប្រាស់ប្រាក់ពលរដ្ឋអស់រាប់លានដុល្លា។ តាមពិតទៅតោងយល់ថាមិនមានអាជីវកម្មណាដែលមានចំណេញដែលមាននិរន្តរភាពរហូតដល់១២០%ក្នុង១ឆ្នាំនោះទេ។ ជាទូទៅចំណេញ៣០%ទៅ៥០%ក្នុង១ឆ្នាំគឺខ្ពស់ណាស់ទៅហើយ ហើយក៏មិនមានអ្នកណាហ៊ានធានាថាដឹងតែចំណេញខ្ពស់បែបនេះនោះដែរ។ បន្ថែមលើនេះគឺវិនិយោគដោយខ្វះការអត់ធ្មត់ វិនិយោគក្នុងរយៈពេលខ្លី វិនិយោគដោយមិនហ៊ានដាក់ទុនច្រើន។ល។