កម្ពុជាសុវត្ថិភាព! នាយករដ្ឋមន្រ្តីកម្ពុជាលើកឡើង៦ចំណុច ជាសក្តានុពលទាក់ទាញវិនិយោគិនបរទេស
Ping Chou EngNOVEMBER 13 202490 views

ក្នុងជំនួបសហគ្រិន មកពី១៥ប្រទេសផ្សេងៗគ្នា នៅមហាសន្និបាតត្រកូលលីនពិភពលោក នាល្ងាចថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ជាភាសាអង់គ្លេសអំពីកត្តាសក្តានុពល៦ចំណុច ដូចខាងក្រោមនេះ ដែលកម្ពុជានឹងផ្តល់ជូននូវភាពទាក់ទាញវិនិយោគិនអន្ដរជាតិ ឱ្យធ្វើពាណិជ្ជកម្មនៅកម្ពុជា។

 

១.ប្រទេសកម្ពុជាបានផ្តល់នូវបរិយាកាសសន្តិភាពនិងស្ថិរភាព ជាកត្តាមូលដ្ឋានអនុញ្ញាតឱ្យអ្នកវិនិយោគ ធ្វើការសម្រេចចិត្តអំពីទីតាំងដែលត្រូវវិនិយោគ។

 

២.កម្ពុជាផ្តល់ជូននូវស្ថិរភាព Macroeconomics (ប្រព័ន្ធសេដ្ឋកិច្ចជាតិ) ដោយជាប់ចំណាត់ថ្នាក់ជាទីផ្សារដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ២០២៤ ដែលនេះបានផ្តល់កំណើន GDP យ៉ាងរឹងមាំ អតិផរណាទាបជាង៣% និងការពង្រីកផ្នែក FDI (ការវិនិយោគផ្ទាល់ពីបរទេស)

 

៣.កម្ពុជាមានបរិយាកាសធុរកិច្ចប្រកបដោយភាពស្និទ្ធស្នាល និងឆ្លើយតបទៅនឹងការវិនិយោគ។ ព្រមទាំងច្បាប់ វិនិយោគរបស់កម្ពុជាមានលក្ខណៈសេរីជាមួយនឹងការលើកទឹកចិត្តចម្រុះ និងភាពបត់បែនដល់វិនិយោគិន។

 

.កម្ពុជា​ជា​ទីតាំង​យុទ្ធសាស្ត្រ និងទទួលបាន​ឱកាសអំពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ខណៈការវិនិយោគ​នៅ​កម្ពុជា គឺមិនត្រឹម​តែជាការ​វិនិយោគ​សម្រាប់​ទីផ្សារ​ប្រជាជន​ខ្មែរ១៧​លាន​នាក់នោះទេ ប៉ុន្តែជាការបើកឱកាសទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក។

 

ដោយហេតុថាកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន,កម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងចំណោមបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក)ក៏ដូចជាការផ្តល់ជូនជាច្រើនទៀត ដូចជាការកាត់បន្ថយ សម្ពាធលើទីផ្សារនៅអឺរ៉ុបនិងប្រទេសដទៃទៀត។ ពោលការ​វិនិយោគ​នៅ​កម្ពុជា គឺជាការ​វិនិយោគ​ទៅ​កាន់​តំបន់ផ្សេង​ទៀតលើនៃ​ពិភពលោក។

 

៥.កម្ពុជាមានយុវជនថាមវន្តនិងប្រជាជននិយាយភាសាអង់គ្លេស។ ក្នុងនោះ ៦០% នៃចំនួនប្រជាជនវ័យក្មេងមានអាយុក្រោម៣៥ឆ្នាំ។ បច្វុប្បន្នរដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈទូលំទូលាយ សម្រាប់មនុស្សវ័យក្មេង ១,៥លាននាក់ ដោយនេះធានាបានថាកម្ពុជាមានសមត្ថភាពក្នុងការផ្តល់ជូនដល់អាជីវកម្ម នូវកម្លាំងពលកម្មដែលត្រៀមរួចជាស្រេច ដើម្បីបំពេញតម្រូវការការងារ។

 

៦. កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដោយកម្ពុជាបាន និងកំពុងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្ម និងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់កម្ពុជា ទៅនិងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង និងមជ្ឈមណ្ឌលនាំចេញសំខាន់ៗនៅក្នុងតំបន់។

ចំណែកឯសេដ្ឋកិច្ចបៃតង និងឌីជីថល ​ជា​តំបន់​ថ្មី និង​ជា​អាទិភាព​ថ្មី​របស់​រដ្ឋាភិបាល ដោយរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តចំពោះថាមពលប្រកបដោយនិរន្តរភាព ជាមួយនឹងសក្តានុពលថាមពលពន្លឺព្រះអាទិត្យនិងវារីអគ្គិសនី។

 

គួរជម្រាបថាពិធីមហាសន្និបាតសហគ្រិន ត្រកូលលីនពិភពលោក នេះត្រូវបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៌កោះពេជ្រ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិក្នុងគោលបំណងឱ្យ និយោគិនក្រៅប្រទេសមកមើលឱ្យបានឃើញនិងដឹងពីសក្តានុពល នៃឱកាសវិនិយោគថ្មីៗក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ជៀសវាងព័ត៌មានមិនពិតមួយចំនួនថាកម្ពុជាគ្មានសុវត្ថិភាព ក្នុងវិនិយោគ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិនិងវិស័យទេសចរណ៍៕

 

Img 1995

ប្រភព៖ ក្រសួងព័ត៌មាន, ទូរទស្សន៍ជាតិ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia