នៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវបើកដ្ឋានសាងសង់ជាផ្លូវការហើយ។ យ៉ាងណាមុននឹងការបើកការដ្ឋានសាងសង់មកដល់ ថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់ពីប្រវែងផ្លូវ និងទំហំទឹកប្រាក់ដែលត្រូវចំណាយសម្រាប់ផ្លូវល្បឿនលឿនទី២នៅក្នុងប្រទេសកម្ពុជានេះផងដែរ។
យោងតាមការចុះផ្សាយពីក្រសួងសាធារណការ កាលពីថ្ងៃទី១៨ ខែឧសា បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ផ្លូវថ្មីនេះនឹងត្រូវសាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងមានរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។
សូមជម្រាបផងដែរថា គម្រោងផ្លូវល្បឿនលឿនទី២ នេះ ទទួលសិទ្ធិនៅក្នុងការវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។ តាមការគ្រោងទុកគម្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៦ ឬនៅដើមឆ្នាំ២០២៧ ដែលអាចនឹងចប់ដំណាលគ្នាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម៕
អត្ថបទ៖ កឹម ប៊ុនធឿន