យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថាក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាបង្រៀនភាសាចិន សម្រាប់កម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ចំនួន២០នាក់ (ភ្នំពេញ១០នាក់ ព្រះសីហនុ១០នាក់) ដើម្បីបង្រៀននៅតាមវិទ្យាល័យនានាក្នុងខេត្តព្រះសីហនុនិងរាជធានីភ្នំពេញពីថ្នាក់ទី៧ ទី៨ និងទី៩ នាឆ្នាំសិក្សា២០២៣-២០២៤ ខាងមុខ។
ក្នុងនោះចំពោះការជ្រើសមន្រ្តីជាប់កិច្ចសន្យាបង្រៀនភាសាចិននេះនឹងមានការផ្ដល់ប្រាក់ឧបត្ថម្ភរយៈពេល ១២ខែនៃឆ្នាំសិក្សានីមួយៗ ដោយចាប់ពីបវេសនកាលនៃឆ្នា សិក្សារហូតចប់ឆ្នាំសិក្សា។ ចំពោះប្រាក់ឧបត្ថម្ភដែលត្រូវផ្ដល់ដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាមានចំនួន ៧១០០០០ រៀល ក្នុង០១ខែ និងប្រាក់ផ្តល់បន្ថែមដោយភាគីចិនចំនួន ៤០០ដុល្លារ ក្នុង០១ខែ។
ដោយលក្ខខណ្ឌជ្រើសរើសគឺត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន ឬសញ្ញាបត្រសមមូល ដែលមានបទពិសោធន៍បង្រៀនជាប់ពី១ឆ្នាំឡើងទៅ។ ត្រូវមានសញ្ញាបត្របវិញ្ញាបត្រភាសាចិន ឬសញ្ញាបត្រសមមូល ដោយមានបទពិសោធន៍បង្រៀន ចាប់ពី០២ឆ្នាំឡើងទៅ ។ ត្រូវមានអាយុចាប់ពី ១៨ ដល់ ៤០ឆ្នាំ ដោយគិតថ្ងៃកំណើតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៨៣ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៥ ។
ចំពោះជនដែលមានពិន្ទុ HSK កម្រិត៥ ចាប់ពី១៨០ និង HSKK ចាប់ពី០ ឡើងទៅនឹង ផ្តល់អាទិភាពខ្ពស់ ដោយបេក្ខជនមានសញ្ញាបត្របណ្ឌិតមិនត្រូវបានកំណត់អាយុនោះឡើយ។ ករណីបេក្ខជនណាក្រែងបន្លំឯកសារនឹងត្រូវលុបឈ្មោះជាស្វ័យប្រវត្តិ និងហាមមិនឱ្យដាក់ពាក្យប្រឡងរយៈពេល៥ឆ្នាំ។
ក្នុងលក្ខខណ្ឌការងារ មន្រ្តីត្រូវបម្រើការងារពេញម៉ោង (៤០ម៉ោងក្នុងមួយសប្ដាហ៍) បង្រៀនយ៉ាងតិចចំនួន ១៨ម៉ោងក្នុងមួយសប្តាហ៏។ កាលបរិច្ឆេទចុះឈ្មោះប្រឡងនិងនឹងធ្វើឡើងចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ រសៀលជាកំហិត។
បេក្ខជនអាចទទួលពាក្យ និងដាក់ពាក្យនៅការិយាល័យបុគ្គលិក និងបណ្ដុះបណ្ដាល នៃមន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ រៀងរាល់ម៉ោងធ្វើការ ដោយត្រូវភ្ជាប់ឯកសារ ដូចខាងក្រោម៖
១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. សញ្ញាបត្រចុងក្រោយ (ថតចម្លង)
៣. រូបថតទំហំ ៤x៦ ( ផ្ទៃខាងក្រោយពណ៌ស)
៤.សញ្ញាបត្រHSK ឬHSKK (ថតចម្លង)
៥. ប្រវត្តិរូបសង្ខេប (ភាសាខ្មែរ-ចិន)
ដោយឡែកចំពោះវិញ្ញាសាប្រឡងនឹងមានការសរសេរភាសាចិន (រយៈពេល ០១ម៉ោង៣០នាទី) (ករណីមិនមានសញ្ញាបត្រ HSK) វិញ្ញាសានិយាយភាសាចិន (រយៈពេល ២០នាទី) (ករណីមិនមានសញ្ញាបត្រ HSKK) សម្ភាសបទពិសោធន៍បង្រៀន (រយៈពេល ៣០នាទី)(សម្រាប់បេក្ខជនជាប់) ។ ចំពោះព័ត៌មានលម្អិតអំពីការចុះឈ្មោះបេក្ខជនអាចទាក់ទងតាមទូរស័ព្ទ និងតេឡេក្រាមលេខ 077 567 800។
គូរជម្រាបផងដែរថាក្រសួងអប់រំយុវជននិងកីឡាកម្ពុជា បានពិភាក្សាការងារនិងគ្រោងដាក់បញ្ចូលភាសាចិនក្នុងកម្មវិធីសិក្សាសាកល្បងនៅក្នុងសាលារដ្ឋចំនួន២០នៅកម្ពុជា បន្ទាប់ពីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងអប់រំប្រទេសចិនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ៕
អត្ថបទដោយ៖ ពីង ជូអេង