វិវត្តខ្លួនពីកូនរទេះ ក្លាយជាហាងកាហ្វេល្បីពង្រីកជាច្រើនសាខា ស្ថាបនិក ម៉ូបាលខូហ្វី រកស៊ីរឹងមាំតាមក្បួននេះ
ឡុង វឌ្ឍនៈDECEMBER 7 2022288 views

គោលការណ៍រកស៊ីដ៏មានឥទ្ធិពលមួយ សម្រាប់សហគ្រិនសម័យថ្មីដែលមិនសូវសម្បូរដើមទុនគឺ ចាប់ផ្ដើមពីតូច ដាក់ក្ដីស្រមៃឱ្យធំ ហើយរីកចម្រើនឱ្យលឿនបំផុត។ ចាប់ផ្ដើមពីអ្វីដែលអ្នកធ្វើបាន ធនធានដែលអ្នកមាន និងចាប់ផ្ដើមពីពេលឥឡូវនេះ វាសុទ្ធតែជាគោលការណ៍មាសដែលអ្នករកស៊ីគ្រប់រូបមិនគួរមើលរំលងនោះទេ។

ក្នុងនាមជាស្ថាបនិកហាងម៉ូបាលខូហ្វី លោកយ៉ែម ឈីម ធ្លាប់ចេញរកស៊ីពីតូច ដោយយកខ្លួនឯងធ្វើជាដើមទុន បានចាប់ផ្ដើមជំនួញពីការលក់កាហ្វេពីកូនរទេះ មកក្លាយជាហាងកាហ្វេយីហោខ្មែរ ១៥សាខា ក្នុងរយៈពេលតែប៉ុន្មានឆ្នាំតែប៉ុណ្ណោះ។  តើអ្វីជាគោលការណ៍រកស៊ីរឹងមាំរបស់សហគ្រិនរូបនេះ?

១. សម្លឹងឱកាសពីចន្លោះប្រហោងក្នុងទីផ្សារ

តាំងតែពីធ្វើការឱ្យគេមកម៉្លេះ អតីតបុគ្គលិកក្នុងក្រុមហ៊ុនទូរគមនាគមន៍រូបនេះ បានសម្លឹងឃើញចន្លោះប្រហោងក្នុងទីផ្សារ ថាជាឱកាសក្នុងការចាប់ផ្ដើមរកស៊ីរបស់លោក។ ខណៈមនុស្សភាគច្រើនគិតតែពីការបើកហាងកាហ្វេទំនើបៗ លោកបែរជាសម្លឹងឃើញការលក់កាហ្វេតាមកូនរទេះ ដែលជំនួញមួយនេះ អាចធ្វើឱ្យលោកអាចពង្រីកខ្លួនបានយ៉ាងលឿនរហូតដល់ទៅ ២៦សាខា មុនពេលដែលលោកសម្រេចចិត្ត បើកជាហាងកាហ្វេទំនើបជារបស់ខ្លួនជាលើកដំបូង។

២. ចាប់ផ្ដើមពីទុនដែលអ្នកអាចចាប់ផ្ដើមបាន

ពេលដែលលោកចេញរកស៊ីដំបូអ លោកមិនមានដើមទុនច្រើនសម្រាប់បើកហាងដូចគេនោះទេ​ ប៉ុន្តែលោកចាប់ផ្ដើមពីអ្វីដែលលោកអាចធ្វើបាន ពោលគឺលោកបានចាប់ផ្ដើមពីការបង្កើតកូនរទេះដើម្បីលក់កាហ្វេ ដែលដំណាក់កាលនេះ បានធ្វើឱ្យលោកអាចចាប់ផ្ដើមបានលឿន ទោះបីជាចាប់ផ្ដើមពីតូច ប៉ុន្តែលោកបានរៀនសូត្រជាប្រចាំ អភិវឌ្ឍន៍អាជីវកម្មទៅមុខជារឿយៗ រហូតក្លាយជាអាជីវកម្មធំមួយ ដែលគេទទួលស្គាល់។

៣. សម្លឹងមើលទីផ្សារអនាគតវែងឆ្ងាយ

ដូចអ្វីដែលបញ្ជាក់ខាងលើ ថ្វីត្បិតតែអាជីវកម្មលក់កាហ្វេតាមកូនរទេះរបស់លោក ទទួលបានភាពរីកចម្រើនលឿនក៏ពិតមែន ប៉ុន្តែសហគ្រិនកាហ្វេ ដែលចក្ខុវិស័យសម្លឹងបានវែងឆ្ងាយ ប្រៀបបីដូចជាសត្វឥន្ទ្រីរូបនេះ បានសម្រេចចិត្តផ្លាស់ប្ដូរជំនួញខ្លួន ១៨០ដឺក្រេពីការលក់ហាងកាហ្វេពីកូនរទេះ មកជាហាង ព្រោះលោកសម្លឹងមើលទំនោរទីផ្សារអនាគត អំពីការលក់កាហ្វេតាមកូនរទេះនេះ គឺវាហាក់មិនបានវែងឆ្ងាយនោះទេ ដូច្នេះលោកក៏សម្រេចចិត្តបត់អាជីវកម្មលោកលឿនបំផុត មកជាហាងកាហ្វេទំនើបវិញ។ ត្រូវចាំថាអ្នករកស៊ីពូកែ គឺពូកែសម្លឹងមើលទីផ្សារអនាគតវែងឆ្ងាយ ប្រកបដោយភាពត្រឹមត្រូវ។

៤. ផ្ដោតលើអតិថិជនខ្លាំងបំផុត

ភាពជោគជ័យរបស់យីហោ ម៉ូបាលខូហ្វី ចាប់តាំងពីថ្ងៃទី១ រហូតមកទល់ចំណុចបច្ចុប្បន្ន គឺដោយសារតែលោកតែងតែផ្ដោតលើអតិថិជនខ្លាំងបំផុត។ ជាក់ស្ដែងលោកបានបញ្ជាក់ថា លោកមិនចង់បានលក់កាហ្វេមួយកែវក្នុងតម្លៃថ្លៃ ចំណេញច្រើន តែគេមកទិញតែម្ដងហើយក៏ឈប់វិញនោះទេ។ លោកសុខចិត្តលក់កាហ្វេតម្លៃសមរម្យ គុណភាពកាហ្វេល្អ រសជាតិឆ្ងាញ់ បរិយាកាសល្អ ចំណេញតិច ប៉ុន្តែអតិថិជនចាត់ទុកកាហ្វេដូចជាមិត្តសម្លាញ់ និងបន្តមកញ៉ាំជាប្រចាំរាល់ថ្ងៃវិញ។​ អាស្រ័យហេតុនេះហើយ ទើបហាងលោកតែងតែមានអតិថិជនគាំទ្រជាប្រចាំ និងរីកចម្រើនមកទល់ចំណុចបច្ចុប្បន្ននេះ។

 គួរជម្រាបថា បច្ចុប្បន្នយីហោកាហ្វេក្នុងស្រុកល្បីឈ្មោះមួយនេះពង្រីកខ្លួនបានចំនួន ១៥សាខា និងគ្រោងនឹងពង្រីកខ្លួនជាច្រើនសាខាបន្ថែមទៀត នៅក្នុងទីក្រុងភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម អ្នកអាចស្វែងរក MobileCoffee តាមរយះហ្វេសបុកផេកផ្លូវការរបស់ ម៉ូបាលខូហ្វីតាមរយះhttps://www.facebook.com/mobilecoffeekh 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia