អ្នកជំនាញ៖ ​ប្តីប្រពន្ធមុនឬក្រោយរៀបការ ត្រូវស្រាយបញ្ហាធំ៤នេះ បើចង់រកស៊ីធូរ មានទ្រ.ព្យហូរហៀរ
Ping Chou EngAPRIL 26 20241.2 K views

ការកសាងគ្រួសារពិតជាចង់បានសុភមង្គល មានជីវិតធូរធារ ដូច្នេះក្រៅពីចាប់ដៃគ្នាធ្វើការរកស៊ី គូស្វាមីភរិយា មិនថាមុនរៀបការឬក្រោយរៀបការរួចនោះទេ ត្រូវពួតដៃគ្នាដោះស្រាយបញ្ហាជាច្រើនទៀតដែលនឹងចូលមក ក្នុងជីវិតជាដៃគូ។

ក្នុងនោះផងដែរអ្នកជំនាញហិរញ្ញវត្ថុនិងដោះស្រាយបញ្ហាដ៏ល្បីនៅអាមេរិក លោក Dave Ramsey បានលើកឡើងអំពីបញ្ហាធំៗចំនួន៤ ដែលប្តីប្រពន្ធត្រូវរួមគ្នាដោះស្រាយឱ្យបានប្រសើរ និងពិភាក្សាគ្នាឱ្យស៊ីជម្រៅ បើចង់ឱ្យគ្រួសារមានសុភមង្គល មានជីវភាពធូរធារ មានទ្រព្យហូរហៀរ។

បញ្ហាទី១. សាច់ថ្លៃ៖ ក្នុងជីវិតជាប្តីប្រពន្ធត្បិតតែអ្នកសាងគ្រួសារថ្មីហើយក៏ដោយ តែអ្នកត្រូវចេះពិភាក្សាគ្នាអំពីភាពសំខាន់នៃសមាជិកគ្រួសារទាំងសងខាង និងដាក់ព្រំដែនដើម្បីកំណត់រវាងគ្រួសារតូចរបស់អ្នក ជាមួយគ្រួសារសាច់ថ្លៃសងខាង ថាតើគួរចំណាយពេលវេលានិងប្រើជីវិតបែបណាជាមួយពួកគាត់។ ដូច្នេះអ្នកជំនាញណែនាំថារាល់បញ្ហាក្នុងគ្រួសាររបស់អ្នក មិនត្រូវអនុញ្ញាត ឬរត់ទៅរកឪពុកម្ដាយឬសមាជិកខាងណាមួយឱ្យចូលមកដោះស្រាយឬកាត់ក្ដីជំនួសអ្នកទាំងពីរឡើយ។

បញ្ហាទី២. ចំណូលនិងលុយកាក់៖ លោក Dave បានឱ្យដឹងថាចាប់តាំងបើកប្រឹក្សាផ្នែកអាពាហ៍ពិពាហ៍ឱ្យប្តីប្រពន្ធរាប់ពាន់គូ​ ជាច្រើនឆ្នាំ អ្វីដែលលោកជួបច្រើនបំផុត គឺប្តីប្រពន្ធដែលលះលែងគ្នាដោយសារបញ្ហាលុយ។ ដូច្នេះដើម្បីសម្រេចផែនការគ្រួសារ និងជោគជ័យរឿងលុយកាក់ប្ដីប្រពន្ធត្រូវពិភាក្សាពីគោលដៅលុយកាក់នាពេលអនាគត ប្រភពចំណូល ការប្រើលុយដូចជាកញ្ចប់សន្សំ កញ្ចប់ចំណាយ កញ្ចប់បង្កើតចំណូល ឬកញ្ចប់គ្រាអាសន្នជាដើម។

បន្ថែមពីនោះប្រសិនបើមានបំណុលផ្ទាល់ខ្លួនមុនរៀបការ អ្នកគួរបើកចំហំដោយស្មោះត្រង់ជាមួយគ្នា ទើបអាចដោះស្រាយបញ្ហាបាន រៀបការរួចមិនកើតជម្លោះឈ្លោះគ្នាបែកបាក់។

បញ្ហាទី៣. ការចិញ្ចឹមបីបាច់កូន៖ ការមានកូន បង្កើតកូនអាចមិនមែនជារឿងលំបាកនោះទេសម្រាប់ធម្មជាតិរបស់មនុស្ស ប៉ុន្តែការចិញ្ចឹមអប់រំកូនឱ្យរស់នៅជាមនុស្សល្អ មានគុណភាពរស់នៅ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមទើបជារឿងលំបាក។ ដូច្នេះអ្នកជំនាញបានណែនាំថាប្តីប្រពន្ធគួរពិភាក្សាគ្នាឱ្យបានច្បាស់អំពីផែនការកញ្ចប់ធនធានសម្រាប់ចិញ្ចឹមពួកគេ និងរបៀបអប់រំជាដើម មុនសម្រេចចិត្តយកកូន។

បញ្ហាទី៤. ជំនឿ៖ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗតែងមានជំនឿនៅក្នុងជីវិតរបស់ពួកគេ មិនថាជាជំនឿសាសនា ជំនឿផ្លូវចិត្តដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសកម្មភាព និងរបៀបដែលមនុស្សរស់នៅ។ ដូច្នេះអ្នកជំនាញបានណែនាំថាជាប្ដីប្រពន្ធនឹងគ្នា គួរតែមានជំនឿជឿជាក់ស្រដៀងគ្នា ទើបងាយយោគយល់គ្នា​ និងមានអធ្យាស្រ័យខ្ពស់។

គួរជម្រាបផងដែរថាលោកលោក Dave Ramsey គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Ramsey Solutions  លោកក៏ជាអ្នក​​និពន្ធ​សៀវភៅ​លក់​ដាច់​បំផុត​អំពីហិរញ្ញវត្ថុ "The Total Money Makeover" និងជាស្ថាបនិកវេទិកាដោះស្រាយបញ្ហាឌីជីថល​​ "The Dave Ramsey Show" ត្រូវបានស្តាប់ដោយអ្នកស្តាប់ជាង១៤លាននាក់ក្នុងមួយសប្តាហ៍៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia