អ្នកស្រី Jakkaphong Jakrajutatip ដែលជាម្ចាស់ក្រុមហ៊ុន JKN Global Group និងជាម្ចាស់កម្មវិធី Miss Universe (បវរកញ្ញាចក្រវាល) របស់ថៃ កំពុងជាប់បំណុល៧ផ្សេងគ្នា ដែលគិតជាលុយសរុបដល់ទៅជាង ៣.៣៦ពាន់លានបាត (ប្រមាណជាង ៩៦លានដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post។
ប្រភពដដែលបានឱ្យដឹងថា មូលហេតុធំបំផុតនៅពីក្រោយបំណុលជាច្រើនបែបនេះគឺកើតឡើងដោយសារតែ អ្នកស្រី Jakkaphong គ្មានលទ្ធភាពទូទាត់លើប័ណ្ណបំណុលរបស់ក្រុមហ៊ុន JKN Global Group ដែលអ្នកស្រីបានលក់ គិតជាទឹកប្រាក់សរុបជាង ៦០៩លានបាត (ជាង១៧លានដុល្លារ)។ ចំណែកឯបំណុល៦ចំណែកផ្សេងទៀត មានតម្លៃ ៣០០លានបាត, ៥៧៨.៦លានបាត, ៤០០លានបាត, ៨០០លានបាត, ៥២៥លានបាត និង ១៥៦.៦លានបាត សុទ្ធតែផុតកំណត់នៅអំឡុងឆ្នាំ២០២៤ និង២០២៥ ខាងមុខនេះ។
ព័ត៌មាននៃការជាប់ជំពាក់ជាមួយនឹងបញ្ហាបំណុល របស់ស្រ្តីម្ចាស់ជំនួញខ្នាតធំរូបនេះ បានធ្វើឱ្យរង្គោះរង្គើរដល់តម្លៃភាគហ៊ុននៃក្រុមហ៊ុនរបស់គាត់ជាខ្លាំង ខណៈភាគហ៊ុនបានធ្លាក់ថ្លៃ ២៨.៦%ភ្លាមៗបន្ទាប់ពីដំណឹងនេះបានផ្សព្វផ្សាយ។
ដើម្បីដោះស្រាយបញ្ហានេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន JKN គ្រោងនឹងជួបជាមួយអ្នកកាន់ប័ណ្ណភាគហ៊ុននៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ ដើម្បីស្នើសុំពន្យារពេលសងបំណុល។ អ្នកស្រី Jakkaphong រំពឹងថាភាគហ៊ុនិកនឹងយល់ព្រមឱ្យសងក្រោយកាលកំណត់ មិនទាមទារឱ្យទូទាត់ភ្លាមៗឡើយ។
យ៉ាងណាមិញ នាយកប្រតិបត្តិនៃ JKN អ្នកស្រី Jakkaphong បានលើកឡើងថា «ក្រុមហ៊ុននឹងបង់ប្រាក់ចំនួន ១៥៦.៦លានបាត (ជិត៥លានដុល្លារ) ទៅកាន់ម្ចាស់ប័ណ្ណបំណុល ដែល ១៤៦.៦២លានបាតជាប្រាក់ដើម និង ៩.៩៨លានបាត ជាការប្រាក់»។ អ្នកស្រីបានបន្តទៀតថា «ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំលើសមត្ថភាពរបស់ខ្លួនក្នុងការរក្សាផែនការទូទាត់សងដែលទាក់ទងនឹងកាតព្វកិច្ចប្រាក់ដើម និងការប្រាក់ជាមួយនឹងប្រភពមូលនិធិផ្សេងៗដែលកំពុងត្រូវបានពិចារណា»។
ទោះជាយ៉ាងនេះក្ដី ការចរចាជាមួយភាគហ៊ុនិកនិងដៃគូផ្សេងៗរហូតមកដល់ពេលនេះ មិនអាចសម្រេចបានលទ្ធផលស្របតាមការរំពឹងទុករបស់ក្រុមហ៊ុនទាំងស្រុងឡើយ៕
អត្ថបទដោយ៖ សូ សុខលី