ចេះដប់មុខ មិនស្មើប្រសព្វរឿង១នោះទេ មានតែជំនាញ១ច្បាស់លាស់អាចចិញ្ចឹមជីវិតមិនឱ្យរស់ស្វិតក្រពះចុងខែក៏រាប់ទុកថាជោគជ័យមួយដែរ។ ជាក់ស្តែងអ្នកនាង Norton ជាអ្នកជំនាញបង្រៀននិងរៀបចំប្រព័ន្ធគណនេយ្យមួយរូបបានឱ្យដឹងថា នាងធ្លាប់រកចំណូលហក់ដល់១០ម៉ឺនដុល្លារក្នុង១ថ្ងៃ ព្រោះនាងអាចឆ្កឹះលុយពីជំនាញដែលនាងធ្លាប់តែគិតថាពិបាករកការងារធ្វើ។
ផ្តើមចេញពីបុគ្គលិកដែលធ្វើការ១ថ្ងៃ៨ម៉ោង និងរស់នៅផ្ទះជាមួយឪពុកម្តាយខណៈនាងមានអាយុ២៩ឆ្នាំទៅហើយ តែមិនសូវសល់ទ្រព្យអ្វីជាប់ខ្លួនផងនោះ តែរនាងបែរជាបានផ្លាស់ប្តូរជីវិតខ្លួនឯងទាំងស្រុងក្រោយនាងបានប្រើពេលស្រាវជ្រាវបន្ថែមអំពីជំនាញដែលនាងមានស្រាប់គឺ Microsoft Excel ដើម្បីឆ្កឹះចំណូលនៅលើអនឡាញ។
យ៉ាងណាមិញជំនាញមួយនេះ នាងប្រើពេលមួយថ្ងៃត្រឹម៤ម៉ោងប៉ុណ្ណោះ ដើម្បីផលិតវីដេអូអំពីមេរៀន ដើម្បីលក់វគ្គសិក្សា រហូតអាចទាញចំណូលបាន១០ម៉ឺនដុល្លារក្នុងរយៈពេល១ថ្ងៃកាលពីឆ្នាំ២០២០កន្លងទៅ។ ដោយឡែកបច្ចុប្បន្ននេះក្រៅពីបង្កើតវគ្គសិក្សាលើអនឡាញ និងមេរៀនអំពីគណនេយ្យផងនោះ នាងបានបើកក្រុមហ៊ុនមួយដើម្បីជាសេវាកម្ម គ្រប់គ្រងប្រព័ន្ធគណនីសម្រាប់ក្រុមហ៊ុននិងអាជីវកម្មតូចធំជាច្រើនផ្សេងទៀតដែលត្រូវការសេវាគណនេយ្យនេះ។
ភាពជោគជ័យមិនមែនជារឿងចៃដ្យននោះទេ ថ្លែងប្រាប់ CNBC ស្រ្តីជនជាតិអាមេរិករូបនេះ បានលើកឡើងថា “ខ្ញុំជាមនុស្សទន់ខ្សោយណាស់ពីមុន ខ្ញុំមិនហ៊ានចាប់ផ្តើមចេញរកស៊ីបង្កើនដើម្បីចំណូលអ្វីនោះទេ ប៉ុន្តែខ្ញុំបានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មនៅឆ្នាំ២០២០នៅលើអនឡាញ បន្ទាប់ពី១ឆ្នាំក្រោយវាចេះតែរីកចម្រើនទៅមុខ ទើបខ្ញុំសម្រេចចិត្តលាឈប់ពីការងារ មកធ្វើអនឡាញពេញដៃពេញជើង ព្រោះខ្ញុំបានអានសៀវភៅមួយវាផ្លាស់ប្តូរការគិតរបស់ខ្ញុំ ដែលមានចំណងជើងថា Think and Grow Rich” រួមទាំងសៀវភៅផ្សេងៗទៀត។
គួរជម្រាបផងដែរថាអ្នកនាង Kat Norton បច្ចុប្បន្នជាគ្រូបង្គោល និងជាម្ចាស់ក្រុមហ៊ុន Miss Excel ដែលមានអ្នកតាមដាននៅលើបណ្តេញសង្គមរបស់នាងរហូតដល់ជាង១លាននាក់ឯណោះ ហើយមួយឆ្នាំនាងអាចបង្កើតចំណូលក្បែរ ២លានដុល្លារពីជំនាញ១នេះ៕
អត្ថបទដោយ៖ ពីង ជូអេង