គ្រួសារខ្មែរ១ ជួយទិញផ្លែឈើកសិករ ១០តោន/១ថ្ងៃ ច្នៃជាផលិតផលខ្មែរ លក់ចេញទៅក្រៅស្រុក ៥ប្រទេស
Kan DaraJUNE 7 20231.8 K views

មិសុតា (MISOTA) ជាក្រុមហ៊ុនកែច្នៃ និងចែកចាយផ្លែឈើសម្ងួត រួមទាំងផលិតផលអាហារជាច្រើន ដែលបានបង្កើតឡើងដោយប្តីប្រពន្ធមួយគូគឺលោក តាន់ មីសស្សែល និងអ្នកស្រី ឈុយ សូភី ក្នុងគោលបំណងចង់ជួយកសិករឲ្យមានជីវភាពប្រសើរ និងនាំយីហោខ្មែរហោះជុំវិញពិភពលោក។

១

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក អុល តុលា ជា​នាយក​ប្រតិបត្តិ (COO) របស់ក្រុមហ៊ុន Misota Food Cambodia បានលើកឡើងយ៉ាងដូច្នេះថា៖ «កាលពី១០ឆ្នាំមុន ស្ថាបនិកដែលជាជនជាតិខ្មែររស់នៅស្រុកបារំាង បានវិលមកស្រុកកំណើតខេត្តបាត់ដំបងវិញ គាត់ក៏ឃើញផ្លែឈើយើងសម្បូរណាស់ ហើយសល់ហូរហៀរ តែអ្នកស្រុកបែរជាទៅធ្វើចំណាកស្រុកនៅប្រទេសគេច្រើនទៅវិញ»។

១៤ Large

ត្បិតចិញ្ចឹមចិត្តចង់ជួយកសិករមានឈាមជ័រជាខ្មែរដូចគ្នា និងចង់ចូលរួមកាត់បន្ថយពលករធ្វើចំណាកស្រុក ប្តីប្រពន្ធមួយគូនេះ បានសម្រេចចិត្តបង្កើតក្រុមហ៊ុន Misota Food Cambodia ឡើងក្នុងឆ្នាំ២០១៧ ទោះបីខ្លួនគ្មានជំនាញផ្នែកចំណីអាហារក្តី។ មិនតែប៉ុណ្ណោះទោះត្រូវព្យុះភ្លៀងបក់បោកខ្លាំងក្នុងសម័យកាលផ្ទុះវីរុសរាតត្បាតកូវីដ១៩ ក៏នៅតែប្រឹងឈរជើងយ៉ាងត្រដាបត្រដួសដោយមិនកាត់បន្ថយ ឬកាត់ប្រាក់ខែបុគ្គលិកឡើយ ព្រោះខ្លាចប៉ះពាល់ជីវភាពគ្រួសាររបស់ពួកគេ។

ក្រោយឆ្លងកាត់ព្យុះធំ បច្ចុប្បន្នក្រុមហ៊ុន Misota បានជួយប្រមូលទិញផ្លែឈើស្រស់ទៅសម្ងួតពីកសិករ ១០តោនក្នុងមួយថ្ងៃ និងកំពុងពង្រីកផលិតកម្ម ពង្រីកឃ្លាំង ដើម្បីអាចជួយទិញពួកគាត់បានច្រើនលើសហ្នឹងទៀត។ ក្នុងនោះ ក្រៅពីជួយទិញផលដំណាំ Misota ក៏បានបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់ដែលមានបុគ្គលិកអចិន្ត្រៃយ៍ចំនួន ៦០នាក់ និងបុគ្គលិកតាមរដូវកាលចំនួន ២០០នាក់បន្ថែម។

១៣

កាន់តែពិសេស យីហោខ្មែរខាងលើមិនត្រឹមទទួលបានការគាំទ្រ និងទទួលស្គាល់ពីរសជាតិ គុណភាពក្នុងស្រុកប៉ុណ្ណោះទេ ផលិតផល Misota បានជិះយន្តហោះរាយមន្តស្នេហ៍ទាក់ចិត្តកន្លង់បរទេសបាន ៥ប្រទេសរួចមកហើយ។ លោក អុល តុលា បានឲ្យដឹងថា៖ «ឥឡូវយើងបានចេញទៅទីផ្សារជប៉ុន ថៃ និងបារាំង ចំណែកឯអាមេរិក និងអូស្ត្រាលី យើងលក់សាកល្បងទីផ្សារសិន ខ្នាតតូចៗ។ សម្រាប់ក្នុងស្រុកវិញ បានចូលទៅផ្សារម៉ាតធំៗដូចជា Amazing Cambodia, Super store, Khmer Organic Shop, Airport, Bayon, Macro និង Lucky ជាដើម»

លើសពីនេះ ក្រុមហ៊ុន Misota ក៏កំពុងសិក្សាព្យាយាមច្នៃផ្លែឈើទុំជ្រុល ឬតូចពេក ឲ្យទៅជាផលិតផលអ្វីផ្សេងទៀត ដើម្បីអាចជួយទិញកសិករបានកាន់តែច្រើន ដោយពុំរើសយកតែផ្លែឈើល្អៗ ហើយទុកផ្លែឈើអន់ៗចោលនោះឡើយ ត្បិតគោលដៅកែច្នៃនេះគឺចង់ជួយបង្កើតគុណតម្លៃ ពីរបស់ដែលមិនសូវបានថ្លៃ ឲ្យកសិករមានចំណូលបន្ថែម។

៥

ជាសារចុងក្រោយលោក អុល តុលា ​នាយក​ប្រតិបត្តិ (COO) របស់ក្រុមហ៊ុន Misota Food Cambodia បានផ្តាំផ្ញើយ៉ាងដូច្នេះថា៖ «ផលិតផលខ្មែរមានគុណភាព ឥឡូវនេះយើងអាចធ្វើបាន អាចជឿទុកចិត្តបានថា ហូបទៅមិនប៉ះពាល់សុខភាពទេ។ យើងមានការបញ្ជាក់ច្បាស់លាស់ពីស្ថាប័នឯករាជ្យ URS តាមស្តង់ដារ ISO 9001: 2015, ISO 22000: 2018, HACCP, Halal យើងអាចនាំចេញទៅលក់នៅបរទេសបាន ការពេញនិយមកើនឡើង អីចឹងយើងជឿថា យើងអាចធ្វើបាន»។

៦

យ៉ាងណាមិញ លោកក៏បានសំណូមពរ ក្នុងនាមយើងជាជនរួមឈាម បេះដូងលោតក្នុងចង្វាក់តែមួយ គួរជួយគាំទ្រផលិតផលនិងយីហោខ្មែរឲ្យបានច្រើន បើអាចជួយផ្សព្វផ្សាយម្នាក់បន្តិចៗកាន់តែប្រសើរ។ ប្រសិនបើយើងយកលុយទៅទិញពុំមែនគ្រាន់តែបានរបស់ឆ្ងាញ់មកហូបទេ វាមានចំណែកស្មើនឹងជួយបង្កើតប្រាក់ខែបងប្អូនជនរួមជាតិ ធ្វើឲ្យកសិករសប្បាយចិត្ត។ យើងពុំអាចដេកចាំរបស់ល្អៗធ្លាក់មកពីលើមេឃទេ ទាល់តែយើងរួមគ្នាកសាង។

១២ Large

ប្រសិនបើបងប្អូនចង់គាំទ្រ ឬភ្លក់រសជាតិផលិតផលយីហោខ្មែរ Misota អាចធ្វើការទំនាក់ទំនងតាមរយៈទំព័រ Facebook Page: Misota Food Cambodia ឬតាមលេខទូរស័ព្ទ ០១២ ៩៨៩ ២៦៦ / ០៩៨ ៥៥៥ ៦៩៦៕

Screen Shot 2023 06 07 at 12.07.49 Pm Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia