បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងញាប់ដៃញាប់ជើងនៅក្នុងការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លី (ប្លង់) ជូនពលរដ្ឋដែលនៅសេសសល់ឲ្យបានរួចរាល់ ដើម្បីងាយស្រួលដល់ម្ចាស់ដីយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្ដែង និងជាពិសេសការពារនូវបញ្ហាទំនាស់ដីធ្លីជាដើម។
យ៉ាងណាថ្មីៗនេះ ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ក៏បានបង្ហាញទិន្នន័យចុងក្រោយនៃការចុះវាស់វែងដី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ យោងតាមទិន្នន័យរបស់ក្រសួងដែលបានបង្ហាញនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ការចុះបញ្ជីដីធ្លីសរុបទូទាំងប្រទេស គិតត្រឹមថ្ងៃទី ២២ សីហា ២០២៤ មានដូចខាងក្រោម៖
- វាស់វែងបាន ១០ ៩០៩ ៩០២ ក្បាលដី
- ចេញប័ណ្ណបាន ៧ ៦៣១ ០២៤ ក្បាលដី
- ត្រូវវាស់បន្ថែមមាន ២ ៣២៥ ៩៧៧ ក្បាលដី
- សរុបប័ណ្ណត្រូវចេញមាន ៥ ៦០៤ ៨៥៥ ក្បាលដី
សូមជម្រាបថា សម្រាប់ការធ្វើបណ្ណកម្មសិទ្ធិដីធ្លីនេះដែរ គឺតម្រូវឲ្យម្ចាស់ដី ត្រូវរៀបចំឯកសារភ្ជាប់មកជាមួយដូចជា៖
១. ករណីប្ដីប្រពន្ធដាក់ឈ្មោះទាំងពីរនាក់ (ទ្រព្យរួម)
- អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
- សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក)
២. ករណីប្ដីប្រពន្ធតែដាក់ឈ្មោះតែម្ខាង (ទ្រព្យប្ដី ឬប្រពន្ធ)
- អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
- សេចក្ដីចម្លងសំបុត្រអាពាហ៍ ពិពាហ៍
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក់)
- លិខិតបញ្ជាក់ប្រភេទទ្រព្យ
៣. ករណីនៅលីវ (ទ្រព្យលីវ)
- អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
- សេចក្ដីចម្លងសំបុត្រកំណើត
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក់)
- លិខិតបញ្ជាក់ភាពនៅលីវ
៤. ករណីមេម៉ាយ ឬពោះម៉ាយ
- អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
- សេចក្ដីចម្លងសំបុត្រកំណើត
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក់)
- លិខិតបញ្ជាក់មេម៉ាយ ឬពោះម៉ាយ៕