យោងតាមការចេញផ្សាយពីមន្ទីរពាណិជ្ជកម្មខេត្ដព្រៃវែង បានឲ្យដឹងថា បច្ចុប្បន្នរោងចក្រចាក់សម្លៀកបំពាក់មួយ ដែលមានទីតាំងស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បាននិងកំពុងដំណើរការសាងសង់ ខណៈគ្រោងនឹងញ្ចប់នៅក្នុងដំណាច់ឆ្នាំ២០២៥ និងចាប់ផ្ដើមដំណើរការនៅដើមឆ្នាំ២០២៦ ខាងមុខ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅពេលរោងចក្រមួយនេះ បើកឲ្យដំណើរការនឹងមានតម្រូវការបុគ្គលិក កម្មករប្រមាណ ១ ពាន់នាក់ផងដែរ។
ជាមួយគ្នានេះដែរ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោកប្រធានមន្ទីរពាណិជ្ជកម្ម បានចូលរួមអមដំណើរឯកឧត្តមអភិបាលរងខេត្ត និងប្រតិភូមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចុះពិនិត្យវាយតម្លៃលើទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រខាងលើផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រៃវែង បានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣ ខេត្តព្រៃវែងមាន សហគ្រាសចំនួន ២១១ កន្លែង ដែលបានចុះបញ្ជីការនៅមន្ទីរ។ ក្នុងចំណោមនោះ៖
- រោងចក្រកាត់ដេរ មានចំនួន ១០ កន្លែង។
- សហគ្រាសក្រៅពីកាត់ដេរ មានចំនួន ២០១ កន្លែង។
សហគ្រាសទាំងនេះបានផ្តល់ការងារដល់កម្មករនិយោជិតសរុប ៧ ៤៧៩ នាក់៕