ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃមានឈ្មោះថា«ដើរលេងស្រុកយើង» កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ដែលមានមុខងារសំខាន់ៗជាច្រើនសម្រួលដល់អ្នកទេសចរ និងគោលដៅអេកូទេសចរណ៍ ដែលអាចឱ្យភាពប្រសើរឡើងជាលំដាប់ តាមរយៈចំណូលពីភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។
ដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្តកម្មវិធីទូរស័ព្ទដៃមួយនេះ មានបំពាក់នូវមុខងារសំខាន់ៗចំនួន៣ ដូចជា ផែនទីនាំផ្លូវ ការរៀបចំផែនការធ្វើដំណើរ និងការចែករំលែកព័ត៌មានច្បាស់លាស់អំពីតំបន់ទេសភាព តាមរយៈរូបថត និងសារខ្លីៗ។
នៅក្នុងឱកាសដាក់ឱ្យប្រើប្រាស់នេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថាកម្មវិធីទូរស័ព្ទដៃនេះ មិនត្រឹមតែជាសមិទ្ធផលមួយទេ ប៉ុន្តែបង្ហាញឱ្យឃើញថាជីវភាពរបស់ប្រជាជនកម្ពុជាបានងាកទៅរកភាពសុខដុមរមនា និងសុភមង្គល មានឱកាសពេញលេញធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ មិត្តភក្តិគ្រប់ទីកន្លែង។
គួរបញ្ជាក់ផងដែរថា «ដើរលេងស្រុកយើង» បានបង្កើតឡើងដើម្បីគាំទ្រ និងជំរុញឱ្យមានការផ្សព្វផ្សាយអំពីគោលដៅអេកូទេសចរណ៍ បានកាន់តែទូលំទូលាយ និងជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិមានភាពប្រសើរឡើងជាលំដាប់ តាមរយៈចំណូលពីភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្ត រួមចំណែកពង្រឹងជីវភាពសហគមន៍ ដូចជាឱកាសសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ហើយរួមចំណែកកាត់បន្ថយសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ៕
ទាញយកកម្មវិធីដោយឥតគិតថ្លៃ៖
Download at Play Store | Download at App Store
អត្ថបទដោយ៖ ពីង ជូអេង