កាលពីថ្មីៗកន្លងទៅនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបបណ្ឌិត Jae-Jin Chang ដែលជានាយកក្រុមហ៊ុន OrientCam Co., Ltd ល្បីឈ្មោះមួយនៅក្នុងប្រទេសកូរ៉េ នៅក្នុងជំនួបនេះផងដែរ គឺធ្វើឡើងដើម្បីបណ្តុះជំនាញធំៗ២ព្រមទាំងបង្រៀនពីបច្ចេកទេសថ្មីៗជូនដល់និស្សិតខ្មែរនិងកសិករនៅកម្ពុជា។
នៅក្នុងជំនួបខាងលើ នាយកក្រុមហ៊ុន OrientCam Co., Ltd បាននិយាយថា ក្រុមហ៊ុនរបស់លោកមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើការបណ្តុះបណ្តាលទាក់ទងជំនាញ២ ដែលទី១នោះគឺជំនាញផលិតកម្មសត្វ និងជំនាញទី២គឺសុខភាពសត្វ ដល់និស្សិតសកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្ម និងអ្នកពាក់ព័ន្ធនឹងចិញ្ចឹមសត្វនិងផលិតកម្មសត្វផងដែរ។
លោកបាននិយាយបន្តថា នៅកូរ៉េមានសាកលវិទ្យាល័យផ្សព្វផ្សាយកសិកម្មដ៏ល្បី មានតួនាទីជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសដើម្បីបំពេញបន្ថែមជំនាញបច្ចេកទេសថ្មីៗទាក់ទងវិស័យផលិតកម្មសត្វ និងសុខភាពសត្វជូនដល់អ្នកចិញ្ចឹមសត្វ និងមន្រ្តីជំនាញ។ ហេតុនេះ ក្រុមហ៊ុនចង់សហការជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនេះ។ ដើម្បីឲ្យកាន់តែយល់ ដឹងឲ្យបានស៊ីជម្រៅទាក់ទងសាវតា សមត្ថភាព សក្តានុពល និងនវានុវត្តន៍ថ្មីៗដែល ក្រុមហ៊ុន មានមូលដ្ឋាននៅកូរ៉េបាននិងកំពុងអនុវត្ត ទន្ទឹមនឹងនេះ Dr. CHANG បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី និងសហការីពាក់ព័ន្ធទៅធ្វើទស្សនកិច្ច សិក្សាស្វែងយល់បន្ថែមអំពីក្រុមហ៊ុន ក្នុងពេលឆាប់ៗខាងមុខ។
នៅក្នុងជំនួបនោះផងដែរឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានមានប្រសាសន៍ថា បច្ចុប្បន្ននិស្សិតក៏ដូចជាកសិករនៅកម្ពុជាគឺនៅមានចំណុចខ្វះខាតលើការងារបច្ចេកទេស និងការអនុវត្តជាក់ស្តែង និងការងារស្រាវជ្រាវ ជាច្រើន ក្នុងខ្សែច្រវ៉ាក់ផលិតកម្មសត្វនៅកម្ពុជាដូច្នេះ បើកិច្ចសហប្រតិបត្តិការនេះដំណើរការល្អ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាពួកគាត់នឹងមានឱកាសទៅចូលរួមវគ្គបណ្តុះ បណ្តាលដើម្បីបង្កើនសមត្ថភាពលើជំនាញរបស់ខ្លួនបន្ថែមដែលជាទុនដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួនគាត់ផ្ទាល់ ក៏ដូចជាអភិវឌ្ឍវិស័យផលិតកម្មសត្វ និងសុខភាពសត្វរបស់កម្ពុជាផងដែរនាពេលអនាគត។
គួរជម្រាបថា ចំណុចសំខាន់មួយទៀត ដោយសារកម្ពុជាពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើទៅលោកនាយកប្រតិបត្តិក្រុមហ៊ុនឲ្យជួយពិនិត្យលទ្ធភាពធ្វើការបណ្តុះបណ្តាលមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វលើការផលិតវ៉ាក់សាំងការពារជំងឺឆ្លងសត្វផងដែរ៕
អត្ថបទដោយ៖ ធី ស្រីល័ក្ខ