ភ្នំពេញ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៥៖ ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ទទួលបានការអនុម័តជាផ្លូវការពីធនាគារជាតិ នៃកម្ពុជា ក្នុងការបន្ថែមដើមទុនចំនួន ៨៨លានដុល្លារអាមេរិក។ ទុនដែលបន្ថែមនេះរួមមាន៖ ដើមទុនស្នូលចំនួន ៦០លានដុល្លារអាមេរិក និងដើមទុនថា្នក់ទី២មានចំនួន២៨លានដុល្លារអាមេរិក ដែលការបន្ថែមដើមទុននេះបង្ហាញពីការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវចំពោះការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងជំរុញកំណើនអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត។ ការបន្ថែមទុននេះទៀតសោត ក៏នឹងអនុញ្ញាតដល់ធនាគារ វីង រួមចំណែកបម្រើសង្គមកាន់តែប្រសើរ តាមរយៈការពង្រីកវិសាលភាពផ្តល់កម្ចី ដែលនឹងជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម សាជីវកម្មនានា និងអតិថិជនទូទៅ ដើម្បីជំរុញកំណើនលូតលាស់បានកាន់តែប្រសើរ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានជំរុញនិងគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្រេចចិត្តបន្ថែមទុននៅក្នុងធនាគារ វីង ដែលសបញ្ជាក់ឱ្យឃើញពីការជឿជាក់របស់អ្នកឧកញ៉ាលើភាពរីកចម្រើនប្រកបដោយចីរភាពរបស់ធនាគារ វីង និងសុទ្ធិដ្ឋិនិយមចំពោះទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា៖ “យើងខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា ការបន្ថែមដើមទុននេះនឹងធ្វើឱ្យហិរញ្ញវត្ថុរបស់យើងកាន់តែរឹងមាំ និងក្លាយជាដៃគូផ្តល់សេវាកម្មហិរញ្ញវត្ថុគួរជាទីទុកចិត្ត និងបានគិតគូរវែងឆ្ងាយប្រកបដោយភាពច្នៃប្រឌិតដើម្បីជួយដល់អតិថិជនទូទៅ និងម្ចាស់អាជីវកម្មនានា។ កំណើនសេដ្ឋកិច្ច និងការគិតប្រកបដោយសុទ្ធិដ្ឋិនិយមចំពោះអនាគតកាល គឺជាកត្តាសំខាន់ក្នុងការសម្រេចចិត្តនេះ។”
ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ធនាគារ វីង នៅតែរក្សាការបេ្តជ្ញាចិត្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលងាយស្រួលប្រើប្រាស់ ព្រមទាំងផ្តោតលើអតិថិជនដើម្បីជួយបំពេញតម្រូវការរបស់ប្រជាជនដែលកំពុងមានការកើនឡើង។
ក្រៅពីការជួយបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ វីង ការបន្ថែមដើមទុននេះក៏នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ទៅដល់សហគមន៍មូលដ្ឋាន ដោយអនុញ្ញាតឱ្យធនាគារ វីង អាចពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនទៅកាន់តំបន់ដែលខ្វះខាត។ មិនថាអតិថិជនទូទៅ ឬក៏ម្ចាស់អាជីវកម្មជាច្រើននឹងមានលទ្ធភាពវិនិយោគលើអនាគតរបស់ពួកគេ ជាមួយនឹងភាពងាយស្រួលក្នុងការប្រើប្រាស់សេវាឥណទាន សេវាហិរញ្ញវត្ថុបែបឌីជីថល និងប្រព័ន្ធធនាគារ វីង ដែលនឹងជួយលើកកម្ពស់បរិយាប័ន្ន និងចំណេះដឹងហិរញ្ញវត្ថុបានកាន់តែប្រសើរជាបន្តបន្ទាប់។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងបន្ថែមទៀតថា៖ “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ ជាតិ នៃកម្ពុជា ជាពិសេសលោកជំទាវបណ្ឌិត ជា សិរី ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងសហគមន៍របស់យើង។ ខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលតែងតែជឿជាក់ការខិតខំប្រឹងប្រែងរបស់យើងខ្ញុំ ព្រមទាំងសហការជាមួយយើងខ្ញុំដើម្បីបំពេញតម្រូវការរបស់សហគមន៍ផងដែរ។”
ភាពជោគជ័យ និងវឌ្ឍនភាពរបស់ធនាគារ វីង នៅក្នុងឆ្នាំ២០២៤ ដែលគួបផ្សំជាមួយនឹងការបន្ថែមទុនថ្មីនេះ បានគូសបញ្ជាក់ពីសុខភាពហិរញ្ញវត្ថុដ៏រឹងមាំ ការប្តេជ្ញាចិត្តចំពោះគំនិតច្នៃប្រឌិតថ្មីៗ និងភាពឈានមុខគេនៅក្នុងវិស័យហិរញ្ញវត្ថុដ៏សកម្មរបស់ប្រទេសកម្ពុជា។
សមិទ្ធផល និងកំណើនគួរឱ្យកត់សម្គាល់របស់ធនាគារ វីង ក្នុងឆ្នាំ២០២៤
- សមិទ្ធផលដែលបានបំបែកកំណត់ត្រា៖ ធនាគារ វីង សម្រេចបានសមិទ្ធផលដ៏ជោគជ័យមិនធ្លាប់មាននៅក្នុងឆ្នាំ២០២៤ ដោយប្រាក់បញ្ញើ និងទ្រព្យសកម្មបានកើនដល់ជាង២ពាន់លានដុល្លារអាមេរិក។ កំណើនគួរឱ្យកត់សម្គាល់នេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តវិនិយោគដ៏ត្រឹមត្រូវរបស់ធនាគារ វីង និងជំហរដ៏រឹងមាំក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបាន អត្រាកំណើនមិនធ្លាប់មាន ដែលអាចបន្តសម្រេចលើសពីការរំពឹងទុក។
- ការពង្រីកខ្លួននៅទូទាំងប្រទេសកម្ពុជា៖ ធនាគារ វីង បានបន្តពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសកម្ពុជាដោយបានសម្ពោធសាខាថ្មីចំនួនបីបន្ថែមទៀតនៅ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់។ ជាមួយការបើកបន្ថែមសាខាថ្មីទាំងនេះ បានធ្វើឱ្យធនាគារ វីង សព្វថ្ងៃះមានចំនួន ២៣ សាខានៅទូទាំងប្រទេស ដែលផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុឈានមុខគេនៅតាមសហគមន៍នានាទូទាំងប្រទេសកម្ពុជា។
- ការទទួលស្គាល់ តាមរយៈពានរង្វាន់ដ៏មានកិត្យានុភាព៖ សមិទ្ធផលឆ្នើមរបស់ធនាគារ វីង ត្រូវបាន អបអរសាទរជាមួយការនឹងផ្តល់នូវពានរង្វាន់ចំនួន៦ផ្សេងៗគ្នា ដែលជួយពង្រឹងជំហរធនាគារ វីង កាន់តែរឹងមាំក្នុងនាមជាស្ថាប័ននាំមុខគេនៅក្នុងវិស័យហិរញ្ញវត្ថុ។ ពានរង្វាន់ទាំងនោះរួមមាន៖ ពានរង្វាន់ Leadership in Debit Volume 2024, Leadership in Cross-Border Volume 2024 និងពានរង្វាន់ Innovation Breakthrough 2024 ដែលពានរង្វាន់ទាំងនេះត្រូវបានប្រគល់នៅក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនម៉ាស្ទ័រកាត។ បន្ថែមពីលើនេះ ថ្នាលឌីជីថល Wingagri ដែលជាផ្នែកមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីធនាគារ វីង ក៏ត្រូវបានទទួលស្គាល់ជា “ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ” ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាផងដែរ។ ការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនសម្រាប់កម្មវិធីទំនួលខុសត្រូវសង្គម ធនាគារ វីង ក៏ទទួលបានកិត្តិយសផងដែរជាមួយនឹងពានរង្វាន់បរិយាប័ន្នឌីជីថល និងពានរង្វាន់លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុពីកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមក្នុងឆ្នាំ២០២៤របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។
- ផលិតផល និងភាពច្នៃប្រឌិតសំខាន់ៗ៖ នៅក្នុងឆ្នាំ២០២៤ ធនាគារ វីង បានដាក់ចេញនូវផលិតផលធំៗ៣ ដែលផ្តល់នូវបទពិសោធន៍ថ្មីនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ ផលិតផលទាំងនោះរួមមាន៖ គណនីសន្សំដើម្បីគោលដៅ ដែលជួយឱ្យអតិថិជនសម្រេចគោលដៅហិរញ្ញវត្ថុជាមួយផែនការសន្សំងាយស្រួលប្រើប្រាស់។ ការដាក់ឱ្យដំណើរការជាផ្លូវការ ម៉ាស្ទ័រកាត វ័នកាត ដែលបញ្ចូលគ្នានូវភាពងាយស្រួលនៃបណ្ណឥណទាន និងបណ្ណឥណពន្ធនៅក្នុងកាតតែមួយដំបូងគេនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះ ធនាគារ វីង ក៏បានដាក់ឱ្យដំណើរការ វីសាអ៊ីនហ្វីនីតក្រេឌីតកាត ដោយផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនមានចំណូលខ្ពស់ ដែលទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ធនាគារ វីង ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដោយផ្តោតលើតម្រូវការជាក់ស្តែងរបស់អតិថិជន។
សមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២៤ របស់ធនាគារ វីង បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេចំពោះការនាំមកនូវភាពល្អប្រសើរ ការច្នៃប្រឌិត និងការពេញចិត្តរបស់អតិថិជន ដែលធ្វើឱ្យធនាគារ វីង ឆ្ពោះទៅមុខកាន់តែរឹងមាំក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា៕