ប្រជាជនថៃឆ្លងជំងឺ១ប្រភេទនេះជាង១០ម៉ឺនករណី នៅខេត្តចំនួន១០ ខណៈមានករណីស្លា.ប់៩នាក់
Ping Chou EngFEBRUARY 20 20252.3 K views

ទីភ្នាក់សារព័ត៌មានសិង្ហបុរី The Straits Times ចុះផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រជាជនថៃកំពុងឆ្លងវីរុសជំងឺគ្រុនផ្តាសាយសរុបចំនួនជាង១០ម៉ឺនករណី ហើយមានមនុស្ស៩នាក់បានស្លាប់ដោយសារវីរុសនេះ។

 

ក្នុងនោះចំនួននៃការឆ្លងខ្ពស់បំផុតត្រូវបានគេរកឃើញក្នុងចំណោមកុមារដែលមានអាយុពី៥ទៅ៩ឆ្នាំ បន្ទាប់មកគឺកុមារអាយុក្រោម៤ឆ្នាំ និងកុមារដែលមានអាយុ​​ចាប់ពី១០ទៅ១៤ឆ្នាំ ហើយមេរោគទូទៅបំផុតគឺ A/H1N1 (2009)។

 

ដោយមានខេត្តនិងតំបន់ចំនួន១០ ដែលបានរាយការណ៍ករណីជំងឺគ្រុនផ្តាសាយច្រើនជាងគេគឺ ផាយ៉ាវ ឡាំផុន ឈៀងរ៉ៃ ភូកេត ឈៀងម៉ៃ ឡាំប៉ាង បាងកក ណាន អ៊ូប៊ុន រ៉ាត់ថានី និងណុនថាបុរី ស្របពេលដែលអត្រាឆ្លងខ្ពស់បំផុតត្រូវបានគេរកឃើញ នៅតំបន់សាលារៀន ពន្ធនាគារនិងជំរុំយោធា។

 

បើតាមការបញ្ជាក់របស់អ្នកស្រីវេជ្ជបណ្ឌិត Jurai Wongsawat អ្នកនាំពាក្យនាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលសាធារណៈថៃ បានឱ្យដឹងថាអ្នកជំងឺឆ្លងថ្មី  កើនឡើងប្រហែល១៥០០០ករណីក្នុងមួយសប្តាហ៍ និងមានអ្នកស្លាប់៩នាក់គិតត្រឹមបច្ចុប្បន្ននេះ។

 

អ្នកស្រីវេជ្ជបណ្ឌិតបានបន្តថាក្នុងចំណោមអ្នកស្លាប់ទាំង៩នាក់នោះ បុគ្គលដែលក្មេងជាងគេមានអាយុ ១១ឆ្នាំ និងចាស់ជាងគេមានអាយុ ៨៦ឆ្នាំ ដែលពួកគេទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ។

 

ទន្ទឹមនឹងនេះដែរអ្នកស្រីវេជ្ជបណ្ឌិត Jurai បានបន្ថែមថាប្រជាជនគួរតែចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយជារៀងរាល់ឆ្នាំ ជាពិសេសក្រុមមនុស្សដែលមានហានិភ័យខ្ពស់ រួមមានកុមារអាយុពី៦ខែដល់ព២ឆ្នាំ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់អាយុលើសពី៦៤ឆ្នាំ អ្នកធាត់និងអ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ។

 

គួរជម្រាបឱ្យដឹងថានិន្នាការនៃករណីជំងឺគ្រុនផ្តាសាយតែងកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសក្រោយជំងឺកូវីត១៩ ខណៈកត្តាបរិស្ថានបានដើរតួនាទីយ៉ាងសំខាន់នៅពេលដែលអាកាសធាតុត្រជាក់អូសបន្លាយ នាំឱ្យមានការកើនឡើងខ្ពស់នៃជំងឺផ្លូវដង្ហើម៕

 

អត្ថបទដោយ៖ ពីង ជូអេង  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia