ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន នឹងជួយដល់កម្ពុជានៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) ព្រមទាំងជួយបណ្តុះធនធានមនុស្សផ្នែកបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជាផងដែរ។ ដោយក្នុងនោះក្រុមហ៊ុននឹងធ្វើការសហការជាមួយនឹងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ការលើកឡើងរបស់ក្រុមហ៊ុន Huawei ខាងលើត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងប្រតិភូក្រុមហ៊ុន Huawei កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
យោងតាមការចេញផ្សាយរបស់ក្រសួង នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន Huawei បានជម្រាបជូនអំពីបរិវត្តកម្មឧស្សាហកម្មនៅក្នុងប្រទេសចិន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ដោយលើកយកឧទាហរណ៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់ត្រួតពិនិត្យគុណភាពក្នុងខ្សែច្រវាក់ផលិតកម្មរថយន្ត ការបង្កើនប្រសិទ្ធភាពចំណាយនិងកាត់បន្ថយពេលវេលាសម្រាប់សេវាដឹកជញ្ជូន និងការផ្តល់លទ្ធភាពឱ្យអតិថិជនរចនាសម្លៀកបំពាក់តាមតម្រូវការជាដើម។
ភាគីក្រុមហ៊ុនក៏បានលើកឡើងអំពីបទពិសោធជោគជ័យរបស់ខេត្ត Quizhou ដែលធ្លាប់ជាខេត្តក្រីក្រមួយ ប៉ុន្តែត្រូវបានវិវត្តរីកចម្រើន ដោយការវិនិយោគជាយុទ្ធសាស្រ្តលើមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕