ជាបទពិសោធន៍របស់ក្រុមហ៊ុនជាច្រើនដែលបានកាត់បន្ថយបុគ្គលិកស្របពេលវិបត្តិសេដ្ឋកិច្ចសកល មានស្ថានភាពមិនច្បាស់លាស់ ក្នុងនោះមានបុគ្គលិកជាច្រើនប្រហែលជាមានការព្រួយបារម្ភខ្លាចក្រុមហ៊ុនបញ្ឈប់ចំខ្លួនដែរ ដើម្បីកាត់ចំណាយ។ យ៉ាងណាឈប់ភ័យព្រួយខ្លាចមេបញ្ឃប់នាំថប់អារម្មណ៍ទៅ ធ្វើខ្លួនជាបុគ្គលិកប្រភេទនេះវិញ ក្រុមហ៊ុននឹងចង់បានអ្នកបំផុត ទោះសេដ្ឋកិច្ចមិនល្អក៏ដោយ។
ប្រភេទទី១ បុគ្គលិកឆ្មាស៖ ជាប្រភេទបុគ្គលិកដែល មានក្ដីស្រមៃស្របគ្នានឹងក្រុមហ៊ុន ចេះជួយយកអាសារមិត្តរួមការងារ ជួយគ្នាសម្រេចគោលដៅរបស់ក្រុមហ៊ុនឱ្យចម្រុងចម្រើន មានភាពជាអ្នកនាំដឹកនាំល្អ មិនប្រកាន់បក្សពួក និង ចេះជួយសន្សំសំចៃក្រុមហ៊ុនរាប់ចាប់តាំងពីទឹកភ្លើងនិងសម្ភារៈប្រើប្រាស់ គោរពពេលវេលា មានវិន័យ មានភាពស្មោះត្រង់ មិនកេងប្រវ័ញ្ចធនធានក្រុមហ៊ុន ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
ប្រភេទទី២ បុគ្គលិកកូនសោ៖ ជាប្រភេទបុគ្គលិកដែលមានលទ្ធផលការងារល្អ រហ័សរហួន កសាងស្នាដៃច្រើនក្នុងក្រុមហ៊ុន មានជំនាញរឹងមាំច្បាស់លាស់ ជាបុគ្គលដែលកាន់គ្រាប់អុកធំជាងគេ និងមានចំណុចពិសេសក្នុងប្រព័ន្ធការងារ ដូចអ្វីដែលក្រុមហ៊ុនចង់បាន ហើយជាប្រភេទបុគ្គលិកដែលក្រុមហ៊ុនពិបាករកមនុស្សមកជំនួសតំណែងនិងកាន់ការងារឱ្យបានដូចគាត់។
ប្រភេទទី៣ បុគ្គលិកមឹកដៃ៨៖ ជាប្រភេទបុគ្គលិកធ្វើការមានផ្នត់គំនិតចង់រីកចម្រើនសម្រាប់ខ្លួនឯងផង សម្រាប់ស្ថាប័នផង មានជំនាញច្រើនមុខ ធ្វើបានល្អអាចទទួលយកបាន ហើយការងាររបស់គាត់មានលក្ខណៈបត់បែនបាន។ បុគ្គលិកប្រភេទនេះការងារអ្វីក៏ធ្វើបានដែរឱ្យតែគាត់បានចំណេញ ទោះតិចតួចក៏ដោយ មិនថាជាចំណេះដឹង ប្រាក់លើកទឹកចិត្តឬសកម្មភាពរៀនសូត្រថ្មីៗនោះទេ។
ប្រភេទទី៤ បុគ្គលិកធ្វើលើសមេ៖ ជាប្រភេទបុគ្គលិកស្រលាញ់ក្រុមហ៊ុនដូចជាក្រុមហ៊ុនរបស់ខ្លួនឯង ស្រឡាញ់ការងារដែលខ្លួនកំពុងធ្វើ ហើយធ្វើការងារដូចម្ចាស់ភាគហ៊ុន មានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះតួនាទី ម្មត់ច្មត់ច្បាស់លាស់ ព្រមទាំងមានជំនាញការងារលើសពីអ្វីដែលមេមានថែមទៀត។
ប្រភេទទី៥ បុគ្គលិកចាយបានចំណូល៖ ជាប្រភេទបុគ្គលិកដែលក្រុមហ៊ុនចាយប្រាក់ខែលើគាត់ហើយមិនស្តាយ ព្រោះតួនាទីការងាររបស់គាត់អាចទាញចំណូលចូលក្រុមហ៊ុនបានលើសពីប្រាក់ខែរបស់គាត់ និងថែមទាំងអាចជួយចិញ្ចឹមប្រាក់ខែទៅកាន់ផ្នែកផ្សេងៗបានបន្ថែមទៀត មិនថាដោយផ្ទាល់ឬដោយប្រយោលនោះឡើយ។ បុគ្គលិកប្រភេទនេះអាចស្ថិតនៅក្នុងផ្នែកមួយចំនួនដូចជា បុគ្គលិកផ្នែកលក់, បុគ្គលិកផ្នែកផលិត, និងបុគ្គលិកផ្នែកហិរញ្ញវត្ថុជាដើម។
ជាការពិតណាស់មិនថាអ្នកជាបុគ្គលិកសិ្ថតក្នុងឧស្សាហកម្មបែបណានោះទេ ទំហំការងារនឹងត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំងពី៥ទៅ១០ឆ្នាំខាងមុខ ដោយសារបច្ចេកវិទ្យាមានការិវត្តន៍ខ្លាំង។
ជាក់ស្តែងក្រុមហ៊ុនធំៗដូចជា Google ជាដើមនៅឆ្នាំ២០២៤នេះ បានកាត់បន្ថយបុគ្គលិកប្រមាណជាង៣ម៉ឺននាក់ ដោយងាកទៅប្រើ AI ជំនួសវិញដើម្បីទុកលុយវិនិយោគលើការបង្កើតផលិតផលបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដូច្នេះចូរកុំភ្លេចព្យាយាមអភិវឌ្ឍន៍សមត្ថភាព អត្តចរិត និងជំនាញឱ្យបានល្អតាមដែលអាចធ្វើទៅបាន៕
អត្ថបទដោយ៖ ពីង ជូអេង