ក្រុមហ៊ុន MinebeaMitsumi ដែលជាក្រុមហ៊ុនធំមួយរបស់ជប៉ុន នឹងសាងសង់រោងចក្រថ្មីទី២ របស់ខ្លួននៅកម្ពុជា ដែលមានទីតាំងក្នុងស្រុកក្រគរ ខេត្ដពោធិ៍សាត់ លើផ្ទៃដី៥០ ហិកតា បន្ទាប់ពីដំណើរការជោគជ័យនៅរោងចក្រទី១ ស្ថិតក្នុងរាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា គម្រោងរោចក្រទី២ របស់ក្រុមហ៊ុន MinebeaMitsumi នេះនឹងចាប់ផ្ដើមសាងសង់នៅក្នុងខែ ៩ (កញ្ញា) ឆ្នាំ២០២៤ នេះ ខណៈក្រុមហ៊ុននឹងបោះទុនវិនិយោគសរុបជាង ៦៥០ លានដុល្លារ និងអាចបង្កើតការងារបានរាប់ពាន់កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរនៅពេលរោងចក្រមួយនេះដំណើរការ។ សម្រាប់ការបើករោងចក្រទី២នេះដែរ ខាងក្រុមហ៊ុននឹងធ្វើការកាត់បន្ថយប្រតិបត្ដិការមួយចំនួននៅក្នុងប្រទេសសិង្ហបុរី ផ្ទេរមករោងចក្រថ្មីនៅប្រទេសកម្ពុជានេះថែមទៀតផង។
សូមជម្រាបថា ក្រុមហ៊ុន MinebeaMitsumi បានបើកដំណើរការអាជីវកម្មរបស់ខ្លួនដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១១ វិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦៩១១នាក់ ដោយក្រុមហ៊ុននេះ៕