ក្រុមហ៊ុន Minebea ដែលជាក្រុមហ៊ុនដ៏ធំរបស់ប្រទេសជប៉ុននឹងទិញដីប្រមាណ ៥០ ហិកតានៅក្នុងខេត្ដពោធិ៍សាត់ បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ដើម្បីពង្រីករោងចក្រទី២ របស់ខ្លួន។ ខណៈគម្រោងនេះនឹងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋផងដែរ។ នេះបើយោងតាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៤។
ថ្លែងនៅក្នុងរួមទាំងប្រតិភូអមដំណើរ បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ និងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យ ឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន Minebea ដែលមានរោងចក្ររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានសម្រេចបង្កើតរោងចក្រទី២នៅពោធិ៍សាត់ គាត់នឹងទិញដី ៥០ ហិកតា ដាក់ទុនប្រហែល ៦៥០ លានដុល្លារសហរដ្ឋអាមេរិក បង្កើតការងារបាន ៨ ពាន់កន្លែង ឥឡូវបានរៀបចំហើយ»។
ឯកឧត្ដមមានប្រសាសន៍បន្ដថា មូលហេតុដែលក្រុមហ៊ុនសម្រេចជ្រើសរើសពង្រីករោងចក្រ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្ដពោធិ៍សាត់នេះ ដោយសារនៅពោធិ៍សាត់ មានថាមពលស្អាត មានសូឡាហ្វាម មានវារីអគ្គិសនី។ល។ មួយទៀតគឺអាចដឹកជញ្ជូនទំនិញទៅថៃបានលឿន តាមផ្លូវជាតិលេខ៥ ដោយបានពង្រីកពី ២ កន្លងទៅ ៤ កន្លងហើយ។
សូមជម្រាបថា គិតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចសរុប ២៦ កន្លែងដែលកំពុងដំណើរការ។ ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលក៏បានជំរុញឲ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះបន្ថែមទៀតផងដែរ ដូចជាតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-អង់គ្លេស និងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌាជាដើម៕