លោក Jonathan Sanchez គឺមនុស្សដំបូងក្នុងគ្រួសារដែលក្លាយជាសេដ្ឋី ហើយការក្លាយខ្លួនជាសេដ្ឋីនេះទម្លាប់សន្សំសំចៃក៏ជាកត្តារួមផ្សំដែលអាចធ្វើឲ្យលោកកសាងទ្រព្យខ្ទង់លានដុល្លារផងដែរ។ សេដ្ឋីវ័យ៣៩ឆ្នាំរូបនេះថាការរស់នៅសន្សំសំចៃមិនមែនមានន័យថាយើងត្រូវចាយតិចនិងទិញរបស់ថោកៗនោះទេ តែយើងត្រូវផ្ដោតលើការមិនខ្ជះខ្ជាយ។
ខាងក្រោមនេះគឺជារបស់ទាំង៤ដែលលោក Jonathan Sanchez បដិសេធមិនចំណាយលុយនិងពេលវេលាទៅលើដាច់ខាត៖
១. មិនទិញឡានថ្មី
ត្រង់នេះលោកថាតម្លៃឡាននឹងធ្លាក់ថ្លៃប្រមាណ៦០% ពេលយើងទិញមកប្រើប្រាស់ក្នុងរយៈពេល៥ឆ្នាំដំបូងដូច្នេះហើយលោកសម្រេចថាមិនចំណាយលុយទិញឡានថ្មីឡើយព្រោះតម្លៃរបស់វាធ្លាក់ថ្លៃយ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះឡានគឺជាបំណុលព្រោះយើងត្រូវចំណាយលុយច្រើនលើវាដូចជាជួសជុល ទិញធានារ៉ាបរងនិងសាំងជាដើម។
២. មិនទិញសម្លៀកបំពាក់ថ្លៃៗ
លោកថាកុំមើលរំលងការចំណាយទៅលើសម្លៀកបំពាក់ឲ្យសោះព្រោះវាធ្វើឲ្យអ្នកចំណាយលុយអស់ច្រើន។ លោកចូលចិត្តស្លៀកពាក់សាមញ្ញធម្មតា ហើយពេលត្រូវចូលរួមកម្មវិធីផ្លូវការផ្សេងៗលោកស្លៀកពាក់តែអាវធំនិងក្រវ៉ាត់កជាការស្រេច។ លោកតែងតែបង្រៀនកូនៗឲ្យចេះប្រើប្រាស់របស់បានយូររហូតទាល់តែប្រើលែងកើត។
៣. មិនទិញអាហារលើសពីតម្រូវការ
យើងតែងតែនិយាយថាត្រូវតែចំណាយលើរបស់ចាំបាច់បើមិនចង់ជួបបញ្ហាលុយ ប៉ុន្ដែពេលខ្លះមនុស្សមួយចំនួនចំណាយលើតម្រូវការចាំបាច់ច្រើនពេកដែលធ្វើឲ្យពួកគាត់ចាយលុយអស់ច្រើន។ សម្រាប់លោក Jonathan Sanchez គឺលោកតែងតែយកចិត្តទុកដាក់លើការចំណាយលើអាហារដោយទិញសមល្មមមិនច្រើនហួសហេតុពេក ហើយលោកតែងតែគិតសន្សំសំចៃម្ហូបសម្រាប់ថ្ងៃបន្ទាប់បើអាចរក្សាទុកបាន។
៤. មិនទិញរបស់ដែលមានគុណភាពអន់
ត្រង់នេះលោកថាការសន្សំសំចៃមិនមែនមានន័យថាទាល់តែយើងទិញរបស់ថោកៗនោះទេ។ ពេលលោកត្រូវទិញអ្វីមួយដូចជាពូក សាឡុងឬទូរទឹកកក លោកតែងតែស្រាវជ្រាវក៏ដូចជាជ្រេមើលតម្លៃគុណភាពនិងមើលពីការreview ទៅលើផលិតផលទាំងនោះមុននឹងសម្រេចចិត្តទិញមកប្រើ។ លោកថាទិញរបស់ដែលមានគុណភាព ប្រើប្រាស់បានយូរល្អជាងទិញរបស់ថោកគុណភាពអន់ឆាប់ខូចដែលធ្វើឲ្យយើងចំណាយលុយច្រើន។