មានផលិតផលដែលអាហារខ្មែរជាច្រើនបានឆក់យកបេះដូង និងក្រអូមមាត់របស់អតិថិជនជាអន្តរជាតិដោយជោគជ័យ។ ក្នុងនោះមានផលិតផលដែលមានដើមកំណើតនៅប្រទេសកម្ពុជាចំនួន៧ ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិជា ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) លើគុណភាពនិងប្រភពដើម៖
១. ម្រេចកំពត៖ គឺជាផលិតផលកសិកម្មដែលមានការទទួលស្គាល់ពីអន្តរជាតិ មានពូជដាំដុះនិងផលិតក្នុងប្រទេសកម្ពុជា ដែលបានចុះបញ្ជី សម្ភាល់ភូមិសាស្រ្ត (GI) កាលពីឆ្នាំ២០១៦។ ផលិតផលម្រេចខ្មែរ មានការទទួលស្គាល់ថាមានរសជាតិឆ្ងាញ់ជាងគេលើពិភពលោក ដែលអាចលើករសជាតិម្ហូបណាមួយក៏បានអោយទៅជាម្ហូបដ៏អស្ចារ្យ។ ដោយសាររសជាតិពិសេសនិងពេញនិយមតាំងពីសម័យអាណានិគមបារាំង ម្រេចកំពតវាបានក្លាយ អាហារនិងជាគ្រឿងផ្សំសំខាន់នៅក្នុងផ្ទះបាយពីអាមេរិកដល់អឺរ៉ុប ព្រមទាំងទូទាំងពិភពលោក។
២. ស្ករត្នោតកំពង់ស្ពឺ៖ គឺជាផលិតផលកសិកម្មដែលត្រូវបាន ទទួលស្គាល់ផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) និងទទួលស្គាល់ដោយសហភាពអឺរ៉ុបកាលពីឆ្នាំ២០១៩ សម្រាប់ការនាំចេញទៅលក់នៅអឺរ៉ុប។ ស្ករត្នោតកំពង់ស្ពឺគឺជាស្ករដែលត្រូវបានចុងភៅនិងអតិថិជនបរទេសជាច្រើនជា វាយតម្លៃខ្ពស់ចំពោះភាពផ្អែមមុតដូចជាស្ករការ៉ាមែល ហើយត្រូវបានគេប្រើទាំងបង្អែម ការបន្ថែមរសជាតិម្ហូបនិងភេសជ្ជៈ។
៣. អំបិល កំពត-កែប៖ អំបិលនេះប្រមូលផលពីតំបន់ឆ្នេរកំពត និងកែប ជាផលិតផលមួយទៀតដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិចំពោះគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។ ផលិតផលអំបិលកំពត-កែប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៣ ធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ដោយសារគោរពបានលក្ខខណ្ឌចំនួន៤ចំណុច ដែលធានាបានគុណភាព និងសុវត្ថិភាពអ្នកបរិភោគ។
៤. ប្រហុកសៀមរាប៖ ជាផលិតផលដែលមានប្រភពនៅកម្ពុជាដើមតាំងពីសម័យអង្គរ នឹងមានកេរ្តិ៍ឈ្មោះកាន់តែល្បី និងទីផ្សារកាន់តែធំទូលាយ បន្ទាប់ពីត្រូវបានប្រកាសជាផ្លូវការជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) កាលពីខែឧសភា ឆ្នាំ២០២៥។ ផលិតផលប្រហុកសៀមរាបបានក្លាយជាម៉ាកទំនិញដែលមានកម្មសិទ្ធិបញ្ញានិងបង្ហាញអំពីអត្តសញ្ញាណរបស់ម្ហូបខ្មែរនិងការកៃច្នៃបែបប្រពៃណី។
៥. ទឹកត្រីកំពត៖ ជាផលិតផលដូនតាដែលត្រូវបានផលិត និងមានឈ្មោះបោះសម្លេងតាំងសម័យសង្គមរាស្ត្រនិយម ទឹកត្រីកំពតបានក្លាយជាផលិតផលដែលទទួលស្គាល់ជាអន្តរជាតិនិងម៉ាកសម្គាល់ភូមិសាស្រ្ត (GI) កាលពីឆ្នាំ២០២៣។ ផលិតផលដូនតាខ្មែរនេះត្រូវបានទទួលស្គាល់អន្តរជាតិដោយសាររសជាតិនិងត្រូវតាមស្តង់ដារអនាម័យ សម្រាប់ផលិតនាំចេញទៅទីផ្សារបរទេស។
៦. ទឹកឃ្មុំព្រៃមណ្ឌលគីរី៖ ផលិតផលនេះបានចុះ បញ្ជីផ្លូវការជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) កាលពីឆ្នាំ២០២២ ដែលជាការចូលរួមចំណែកបង្កើនប្រាក់ចំណូលដល់សមាជិកនៃសមាគមអភិរក្សឃ្មុំព្រៃនៃខេត្តមណ្ឌលគិរី។ ការទទួលស្គាល់ជាអន្តរជាតិសម្គាល់ភូមិសាស្រ្តបានផ្តល់នូវប្រយោជន៍យ៉ាងសំខាន់សម្រាប់អ្នកអភិរក្សឃ្មុំព្រៃ ចំណេះដឹងចំណេះធ្វើ ទប់ស្កាត់ទំនិញក្លែងក្លាយ ពង្រឹងគុណភាពនាំចេញទៅទីផ្សារក្រៅប្រទេស និងបង្កើនច្រវ៉ាក់តម្លៃ។
៧. ផ្លែក្រូចថ្លុងកោះទ្រុង៖ ក្រូចថ្លុងដែលដាំនៅឃុំកោះទ្រុង ខេត្តក្រចេះ គឺជាផលិតផលកសិកម្មទី៣ ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) កាលពីឆ្នាំ២០១៨។ ផ្លែក្រូចថ្លុងកោះទ្រង់ របស់កម្ពុជាត្រូវបានចុះបញ្ជីកម្មសិទ្ធិបញ្ញានៃពិភពលោក ដែលត្រូវបានចាត់ទុកថា ជាផ្លែឈើធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ និងកេរ្តិ៍ឈ្មោះល្បីល្បាញ របស់សហគមន៍អេកូទេសចរណ៍កោះទ្រង់ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យស្គាល់ពីអត្តសញ្ញាណនៃខេត្តក្រចេះ។
គូសបញ្ជាក់ផងដែរថា សញ្ញាសម្គាល់ភូមិសាស្ត្រ (GI) គឺជាសញ្ញាដែលប្រើលើផលិតផល មានប្រភពដើមពីភូមិសាស្រ្តជាក់លាក់ មានគុណភាព អនាម័យឬកេរ្តិ៍ឈ្មោះល្អដែលមកពីប្រភពដើមនោះ ជាទម្រង់នៃកម្មសិទ្ធិបញ្ញាដែលការពារឈ្មោះផលិតផលនិងការប្រកួតប្រជែងទីផ្សារដែលមានភាពមិនស្មោះត្រង់៕
អត្ថបទដោយ៖ ពីង ជូអេង