ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា និងបណ្តាក្រុមហ៊ុននាំចូលយានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីពិភាក្សាពីការជំរុញការប្រើប្រាស់រថយន្តក្រុងអគ្គិសនីនៅកម្ពុជា សម្រាប់មធ្យោបាយដឹកជញ្ជូនសាធារណៈ។ កិច្ចប្រជុំបានធ្វើឡើងនៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ផូន។
នៅក្នុងកិច្ចប្រជុំពិភាក្សានេះ បានផ្ដោតសំខាន់លើការលើកទឹកចិត្តក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គិសនីនាំចូលយានយន្តក្រុងអគ្គិសនីសម្រាប់ធ្វើមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ដើម្បីបំពេញតម្រូវការរបស់សមាគមដឹកជញ្ជូនអ្នកដំណើរ និងបណ្ដាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមួយចំនួនផងដែរ។ ឯកឧត្តម ឈួន វ៉ុន បានលើកឡើងថា រថយន្តអគ្គិសនីពិតជារថយន្តល្អ និងសន្សំសំចៃ ដែលផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់អ្នកប្រើប្រាស់។ លោកក៏បានបន្តនិងលើកទឹកចិត្តវិស័យឯកជនសហការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមបណ្ដាខេត្ត និងតំបន់សំខាន់ៗមួយចំនួនផងដែរ។
ក្នុងពេលវេលាដ៏វិសេសវិសាលនេះ ក្រុមហ៊ុន MG ក៏បានចូលរួមកិច្ចប្រជុំផងដែរ តំណាងដោយលោក អ៊ុ គីម នាយកផ្នែកលក់រថយន្ត MG Cambodia ។ លោកក៏បានលើកឡើងថា MG ពិតជារីករាយនិងគាំទ្រគំនិតផ្តួចផ្តើមដែលដឹកនាំដោយរដ្ឋាភិបាលកម្ពុជា និងក្រសួងសាធារណការនិងដឹកជញ្ជូន ដោយលើកកម្ពស់ការយល់ដឹងដល់ប្រជាជនបន្ថែមអំពីរថយន្តអគ្គីសនី និងគាំទ្រគោលការក្នុងការនាំចូលរថយន្តអគ្គីសនីផងដែរ។ លោកក៏បានបន្ថែមផងដែរថា MG នឹងបន្តនាំចូលនូវរថយន្តប្រភេទអគ្គីសនីដ៏ទំនើបប្រកបដោយគុណភាពខ្ពស់ ដល់ប្រជាជនកម្ពុជា ជាមួយនឹងរថយន្តអគ្គីសនីម៉ូដែលថ្មី MG Marvel R និង MG 4 ដែលនឹងមានវត្តមាននៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ។
ក្រុមហ៊ុន MG ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសម្រាប់ការពិភាក្សា និងតែងតែគាំទ្រដល់ក្រុមហ៊ុនឯកជនឯកជនក្នុងការនាំចូលរថយន្តអគ្គីសនី និងបានផ្តល់ការសម្របសម្រួលដ៏ល្អគឺការពង្រីកនូវបណ្តាញស្ថានីយ៍សាកភ្លើងរថយន្តអគ្គីសនីជាច្រើនកន្លែងនៅតាមទីតាំងល្អជាច្រើនដូចជា ទីក្រុងភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងមានគម្រោងដំឡើងបន្ថែមទៀតនៅតាមតំបន់សំខាន់ៗ ដែលពិតជាការគាំទ្រដ៏ល្អសម្រាប់ក្រុមហ៊ុនឯកជននាំចូលរថយន្តអគ្គីសនី និងអ្នកប្រើប្រាស់ផងដែរ។