នៅថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ 2025 នេះ ធនាគារ អ៊ឹមប៊ី ខេមបូឌា ជាមួយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលក្រុមហ៊ុនអភិវឌ្ឍគម្រោងបុរីចន្ទគីរី បានចុះអនុស្សរណៈយោគយល់រួមគ្នាក្នុងការផ្តល់ជូននូវឥណទានសម្រាប់ទិញផ្ទះលើការផ្តល់ជូនអត្រាការប្រាក់ដ៏ពិសេសត្រឹមតែ 4.90% ក្នុងមួយឆ្នាំ ជូនដល់អតិថិជនរបស់បុរីចន្ទគីរីដែលមានបំណងទិញផ្ទះនៅគម្រោងចន្ទគីរីមួយ និងគម្រោងផ្ទះអាជីវកម្មចន្ទគីរី។
លោក ហ៊ីម ភិរម្យ នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គលនៃធនាគារ អ៊ឹមប៊ី ខេមបូឌា បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានោះដែរថា៖ «ពិធីចុះហត្ថលេខាក្នុងថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេចជ្ញារបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា ជាមួយដៃគូអភិវឌ្ឍលំនៅឋាននៅកម្ពុជាក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អប្រសើរសម្រាប់អតិថិជនដែលមានតម្រូវការទិញផ្ទះថ្មី។ ឥឡូវនេះ អតិថិជនរបស់បុរីចន្ទគីរីនិងទទួលបាននូវដំណោះស្រាយឥណទានសម្រាប់ទិញផ្ទះថ្មីជាមួយអត្រាការប្រាក់ទាបត្រឹមតែ 4.90% ក្នុងមួយឆ្នាំ ពីធនាគារ អ៊ឹមប៊ី ខេមបូឌា សម្រាប់ឆ្នាំទី 1 និងទី 2 បន្ថែមជាមួយនឹងការអនុគ្រោះប្រាក់ដើមរហូតដល់រយៈពេល 2 ឆ្នាំ។»
ក្នុងព្រឹត្តិការណ៍នេះដែរ កញ្ញា កឹម ស៊ីថេន បានមានប្រសាសន៍ថា៖ «ជាមួយនឹងចក្ខុវិស័យរួមគ្នាដើម្បីបំពេញតម្រូវការរបស់អតិថិជន និងតម្រូវការនៃការទិញផ្ទះក្នុងពេលបច្ចុប្បន្ននេះ បុរីចន្ទគីរី និងធនាគារ អ៊ឹមប៊ី ខេមបូឌា បានប្តេជ្ញាផ្តល់ជម្រើសប្រាក់កម្ចីទិញផ្ទះកាន់តែប្រសើរជាមួយការប្រឹក្សាយោបល់ពីអ្នកជំនាញ និងសេវាកម្មឆាប់រហ័ស និងធានាឱ្យបាននូវភាពរលូនដល់ដល់អតិថិជនក្នុងការទិញផ្ទះដែលប្រកបដោយគុណភាព។»
ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ជាបុត្រសម្ព័ន្ធរបស់ធនាគារ អ៊ឹមប៊ី ដែលជាធនាគារឈានមុខគេនៅក្នុងប្រទេស វៀតណាម និងបានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញលេញពីធនាគារជាតិនៃកម្ពុជានៅដើមខែមករា ឆ្នាំ2023 បន្ទាប់ពីបានធ្វើប្រតិបត្តិការធនាគារនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ2011 ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មល្អឥតខ្ចោះជូនអតិថិជន។
ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយ ដែលបានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក ក្នុងមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្តដោយការប្តេជ្ញាលើ គុណភាព ភាពឋិតឋេរ និងភាពផ្ចិតផ្ចង់។ បុរីចន្ទគីរី គឺជាគម្រោង អភិវឌ្ឍន៍បុរីរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) ក្រោយពីការចំណាយពេលអស់រយៈពេលជាង 2 ឆ្នាំក្នុងការសិក្សាស្រាវជ្រាវ ដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និងតម្រូវការដែលអ្នករស់នៅក្នុងទីក្រុងភ្នំពេញប្រាថ្នាចង់បាន។
បុរីចន្ទគីរី ផ្តោតយ៉ាងសំខាន់លើការរចនាលំនៅឋានដែលហ៊ុមព័ទ្ធដោយធម្មជាតិ និងជាសហគមន៍ដ៏ជិតស្និទ្ធមួយ និងមានទីតាំងនៅលើផ្លូវជាតិលេខ 2 ត្រឹមតែ 10 នាទីពីផ្សារទំនើបអ៊ីអនម៉លមានជ័យ និង 15 នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងស្ថិតនៅជាប់នឹងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnaot) ដែលជាទីតាំងបណ្តុំពាណិជ្ជកម្មដ៏រស់រវើកជាមួយដំណាក់កាលដំបូងនឹងបើកដំណើរការនៅពាក់កណ្តាលឆ្នាំ 2025 ។ ផ្ទះអាជីវកម្មចន្ទគីរី គឺជាគម្រោងមួយទៀតរបស់ក្រុមហ៊ុន អឺបេនលែន ដែលមានទីតាំងស្ថិតនៅតំបន់ ISI PARK តាមបណ្តោយផ្លូវវេង ស្រេង ត្រឹមតែ 5 នាទីពីផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall Veng Sreng) អគារការិយាល័យ ISI TOWER និងកីឡដ្ឋានបាល់ទាត់ AIA Stadium ដែលផ្តល់ឱកាសក្នុងការរស់នៅ និងការប្រកបពាណិជ្ជកម្មយ៉ាងងាយស្រួល។