ពូកែឆ្កឹះលុយណាស់! ទាំងនេះជាប្រភពចំណូលធំៗ របស់មហាសេដ្ឋីហ្វេសប៊ុក ឆ្នាំ២០២៣
SOKLY SOFEBRUARY 20 2023343 views

របាយការណ៍ពីគេហទំព័រ Forbes បានបង្ហាញឱ្យឃើញថា ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg ជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេង មានទ្រព្យសម្បត្តិប្រមាណជាង ៦២.១ពាន់លានដុល្លារ ស្របពេលដែលគាត់មានប្រាក់ខែតែ ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដូច្នេះតើមហាសេដ្ឋីរូបនេះឆ្កឹះចំណូលគ្រាក់ៗទាំងអស់ចេញពីប្រភពណាខ្លះទៅទើបអាចសាងទ្រព្យសម្បត្តិបានច្រើនបែបនេះ?

Mark

ប្រភពពី​ Celebrity Net Worth ​បានឱ្យដឹងថា នាយកប្រតិបត្តិនៃក្រុមហ៊ុន Meta រូបនេះបានប្រភពចំណូលធំបំផុតពី ហ្វេសប៊ុក។ គាត់មានភាគហ៊ុនសរុបប្រហែល ៤០០លានហ៊ុន នៅក្នុងហ្វេសប៊ុក។ នាយកប្រតិបត្តិរូបនេះ សុខចិត្តឱ្យប្រាក់ខ្លួនឯងត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុង១ឆ្នាំ​ ព្រោះតែគាត់សុខចិត្តទុកឱ្យក្រុមហ៊ុនទទួលបានផលចំណេញច្រើន។ ពេលក្រុមហ៊ុនចំណេញច្រើនគាត់ក៏បានលុយច្រើនដូចគ្នាព្រោះភាគហ៊ុនមួយផ្នែកធំសុទ្ធតែជារបស់គាត់ផ្ទាល់ស្រាប់ហើយ។

ក្រៅពីចំណូលពីផលចំណេញរបស់ក្រុមហ៊ុន សហគ្រិនបច្ចេកវិទ្យារូបនេះ ក៏មានចំណូលចិត្តខាងវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។ លោក Mark Zuckerberg និងភរិយា មានដីធ្លីតម្លៃប្រហែល ២០០លានដុល្លារនៅជុំវិញសហរដ្ឋអាមេរិក។ អចលនទ្រព្យដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់គាត់មានដូចជា ដីចំនួន ១,៤០០ហិចតានៅហាវ៉ៃ ផ្ទះជាច្រើនកន្លែងនៅ Palo Alto និងផ្ទះទីប្រជុំជននៅ San Francisco។

គួរបញ្ជាក់ផងដែរថា អចលនទ្រព្យរបស់លោក Mark Zuckerberg មួយៗមានតម្លៃរាប់លានដុល្លារឯណោះ។ កន្លងមកគាត់តែងតែធ្វើការដាក់ជួល ដើម្បីបង្កើតជាចំណូលអកម្ម ហើយគាត់នៅតែបន្តទិញអចលនទ្រព្យជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងនៃទឹកដីសហរដ្ឋអាមេរិក។

សូមជម្រាបផងដែរ លោក Mark Zuckerberg បានបំបែកកំណត់ត្រាទ្រព្យសម្បត្តិឡើងដល់ ១០០ពាន់លានដុល្លារជាលើកដំបូងនៅ ខែសីហា ឆ្នាំ២០២០។ ចាប់តាំងពីចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ទ្រព្យសម្បត្តិរបស់គាត់ថយចុះ ដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហ្វេសប៊ុកបានធ្លាក់ចុះជាខ្លាំង ព្រោះរងសម្ពាធពី បញ្ហាអតិផរណា និងការដំឡើងការប្រាក់របស់ធនាគារកណ្ដាលអាមេរិក៕

ចង់បានគំនិតល្អៗ សម្រាប់ដោះស្រាយបញ្ហាបំណុល សូមចុចចូលគ្រុប Telegram មួយនេះ ( https://t.me/so_soklyofficial )
អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia