កាលពីឆ្នាំ២០២២កន្លងទៅ រាសីរបស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ហាក់ធ្លាក់ចុះជាគំហុក ដោយទ្រព្យសម្បត្តិរបស់លោកបានថយចុះរហូតដល់ទៅ៧១ពាន់លានដុល្លារ ដែលស្មើនឹងការធ្លាក់ចុះ ៥៧%នៃទ្រព្យសរុប។
ក្នុងឆ្នាំនោះដែរ លោកបានបោះទុនរាប់ពាន់លានដុល្លារ ដើម្បីវិនិយោគលើពិភពសិប្បនិមិត្ត Metavers ដែលត្រូវបានលោកជឿជាក់យ៉ាងមុតមាំថាវាជាទំនោររបស់អនាគត ដែលមកទល់នឹងពេលនេះលោកមិនទាន់អាចទាញចំណូលត្រឡប់មកវិញនៅឡើយ ប៉ុន្តែទុនវិនិយោគចេះតែបន្តចាក់ចូលឥតឈប់ឈរ។
ដំណើរជីវិតតែងមានឡើងមានចុះ ព្រោះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ជាថ្ងៃសំណាងរបស់លោកព្រោះទ្រព្យសម្បត្តិបានកើនឡើងជាគំហុកចំនួន ១០ពាន់លានដុល្លារត្រឹមរយៈពេល១ថ្ងៃ ដែលស្មើនឹង១៤% ក្រោយពេលដែលរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ របស់ក្រុមហ៊ុនមានសញ្ញាវិជ្ជមាន ពោលគឺចំណូលពីការលក់មានភាពរឹងមាំល្អ។
តាមរយៈការរក្សានូវរបាយការណ៍ហិរញ្ញវត្ថុឱ្យមានសញ្ញាវិជ្ជមាននេះ ក៏មួយផ្នែកបានកើតឡើងមកពីការអនុវត្តយុទ្ធសាស្ត្រ «ឆ្នាំដែលមានប្រសិទ្ធភាព» តាមរយៈការចំណាយឱ្យចំគោលដៅបំផុត និងកាត់បន្ថយការចំណាយមួយផ្នែកធំតាមរយៈការកាត់បន្ថយបុគ្គលិករាប់ម៉ឺននាក់កន្លងទៅ។
គួរជម្រាបថា បន្ទាប់ពីភាគហ៊ុន Meta បានកើនឡើង ១៤% បន្ទាប់ពីរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានប្រកាស បានធ្វើឱ្យទ្រព្យសម្បត្តិរបស់ Mark Zuckerberg ឡើងដល់ ៨៧.៣ ពាន់លានដុល្លារ និងជំរុញគាត់ឱ្យឡើងពិន្ទុនៅលើសន្ទស្សន៍មហាសេដ្ឋី Bloomberg មានជាងគេបំផុតចំណាត់ថ្នាក់ទី១២នៅលើលោក៕
រៀនគំនិតរកស៊ីទីនេះ ( https://t.me/LongVathanakOfficial )