មនុស្សជាច្រើនគិតថា Mark Zuckerberg គ្រាន់តែរត់ចោលមហាវិទ្យាល័យធ្វើឱ្យលោកជោគជ័យ អាចបង្កើតក្រុមហ៊ុនតម្លៃពាន់លានដុល្លារ។ ប៉ុន្តែការពិតមិនដូចនេះជាការគិតនោះទេ នេះជាការស្មានខុសមួយរបស់មនុស្សភាគច្រើន។
យ៉ាងណាមិញមហាសេដ្ឋីវ័័យក្មេងរូបនេះបាននិយាយនៅក្នុង Podcast មួយថាមិនមែនគ្រាន់តែលោកសម្ងំនៅក្នុងបន្ទប់ ផ្តោតសរសេរកូដចងអេប Facebook ហើយលោកអាចជោគជ័យនោះទេ តែលោកបានផ្តោតលើរឿង១នេះដែលសំខាន់ជាង Facebook ទៅទៀត។
សេដ្ឋីវ័យ៣២ឆ្នាំរូបនេះបានឱ្យដឹងថា “មិនមែនត្រឹមតែខ្ញុំឈប់រៀនហើយ ធ្វើ Facebook ខ្ញុំជោគជ័យនោះទេ តែវាបានពឹងផ្អែកទៅលើទំនាក់ទំនង និងមនុស្សដែលខ្ញុំបានសេពគប់ នៅមហាវិទ្យាល័យ”។
មេធំរូបនេះបានបន្តថា “រឿងវាសំខាន់ត្រង់ថាតើនរណាដែលអ្នកបានចំណាយពេលវេលាជាមួយ ហើយអ្នកអាចនឹងក្លាយជានរណាម្នាក់បានអាស្រ័យលើមនុស្សដែលអ្នកសេពគប់ ខ្ញុំសង្កេតឃើញថាយុវជន មួយចំនួនធំមិនបានគិតដល់រឿងទំនាក់ទំនងនេះទេ ពួកគេគិតតែផ្តោតលើគោលដៅផ្ទាល់ខ្លួន និងមិនបាន ផ្តោតលើទំនាក់ទំនងដែលមានគុណភាពបំផុត”។
ដូច្នេះជំនួសឱ្យការផ្តោតលើគោលដៅច្រើនជ្រុលពេក ឬចង់ល្អតែឯង យុវជនគួរតែផ្តោតលើការរក្សាទំនាក់ទំនងដែលមានគុណភាព ទំនាក់ទំនងជួយឱ្យយើងរីកចម្រើនបាន ព្រោះថាការបង្កើតទំនាក់ទំនងល្អពិតជាមានសារប្រយោជន៍ជាខ្លាំងដល់យើង ដូចជាការរកឃើញគំនិតល្អមួយដែលយើងស្មានមិនដល់ អាចជួយគ្នាទៅវិញទៅមក មានការរួមគ្នាបង្កើតលទ្ធផលណាមួយដ៏អស្ចារ្យបាន។
ប្រៀបដូចលោក Mark Zuckerberg បានលើកឡើងថា “ប្រសិនបើខ្ញុំរើសមិត្តភក្តិមកសេពគប់ ខ្ញុំនឹងរើសប្រៀបដូចសម្ភាសន៍បុគ្គលិកឱ្យចូលធ្វើការងារ ប៉ុន្តែខ្ញុំមិនតាំងខ្លួនជាថៅកែទេ តែខ្ញុំនឹងសួរខ្លួនឯងថា តើបុគ្គលិកម្នាក់នោះគេអាចធ្វើការងារអ្វីឱ្យក្រុមហ៊ុនខ្ញុំខ្លះ? ហើយខ្ញុំអាចជួយអ្វីឱ្យគេកាន់តែរីកចម្រើនវិញ?"
ជាការពិតណាស់ក្នុងជីវិតរបស់យើងម្នាក់ៗក្រៅអំពីការចេះស្រឡាញ់ខ្លួនឯង ផ្តោតលើគោលដៅខ្លួនឯង ឬគ្រួសារប៉ុណ្ណោះទេ តែទំនាក់ទំនងខាងក្រៅដូចជាមិត្តភក្តិឬដៃគូពិតជាឥទ្ធិពលជាខ្លាំងដល់ជីវិតរបស់យើង ដូចពាក្យចាស់លោកថា “សេពគប់បណ្ឌិតនឹងក្លាយជាបណ្ឌិត សេពគប់ពោលនឹងក្លាយជាពោល”៕
អត្ថបទដោយ៖ ពីង ជូអេង