មនុស្សភាគច្រើនប្រាកដជាបានស្គាល់មហាសេដ្ឋីល្បីឈ្មោះរបស់អាមេរិក លោក Mark Cuban បុរសម្នាក់ដែលធ្លាប់បរាជ័យធ្ងន់ធ្ងរផ្ទួនៗ ស្ទើរដាច់បាយម្តងៗ អត់ផ្ទះនៅ ក្លាយជាមហាសេដ្ឋីទ្រព្យពាន់លានដុល្លារ ក្រោយសាងកំហុសឆ្គង និងធ្វើរឿងទាំងនេះ។
ក្នុងឆ្នាំ១៩៩៩ មនុស្សជាច្រើនមើលឃើញពីភាពជោគជ័យដ៏ធំសម្បើមរបស់ខ្ញុំ ប៉ុន្តែនៅពីក្រោយរឿងនេះវាសុទ្ធសឹងតែជាបទពិសោធន៍ជាង៤០ឆ្នាំមកហើយ នេះជាការគូសបញ្ជាក់ច្បាស់ៗរបស់ Mark Cuban ប្រាប់សារព័ត៌មាន CNBC ។ សាច់រឿងផ្តើមចេញពីភាពបរាជ័យសុះសាច់ ចេញពីភាពក្មេងខ្ចីនិងមេរៀនបរាជ័យនេះឯង ដែលធ្វើឱ្យលោកអាចក្រោកឈរមកវិញដោយភ្ជាប់ជាមួយគំនិតយ៉ាងដូច្នេះថា “យើងគ្រាន់តែធ្វើវាដើម្បី រកភាពត្រឹមត្រូវម្តងប៉ុណ្ណោះ”។
ភាពក្មេងខ្ចីពិតជាធ្វើឱ្យយើងគ្រោះថ្នាក់ពិតមែន យុវជន Cuban សិស្សមហាវិទ្យាល័យបែរជាទៅចាប់ផ្តើមបើកអាជីវកម្មបារលក់ស្រា ក្បែរសាលារៀន ទោះជាមានមនុស្សចូលច្រើនមែនតែបានចំណេញមិនយូរទេ គេបានប្រកាសបិទទ្វារ នេះជាមេរៀនទី១ ទោះមិនសូវឈឺចាប់តែខកចិត្តខ្ពស់ណាស់។ មេរៀនទី២ បន្ទាប់ពីខាតលើកទី១ ក៏ត្រឡប់ទៅរៀនវិញរហូតដល់ចប់ បានចេញទៅធ្វើការអស់ពីមួយកន្លែងចូលមួយកន្លែងដោយសារគេបញ្ឈប់ការងារ៤ដងជាប់គ្នា។
ឆន្ទៈមិនផ្លាស់ប្តូរចង់ធ្វើថៅកែ បុរសចិត្តសឿងបានបណ្តាក់ទុនដំបូងលើក្រុមហ៊ុនម្សៅទឹកដោះគោ ដោយគ្រាន់តែឃើញខិតប័ណ្ណផ្សព្វផ្សាយរបស់ផលិតផល ហើយគិតថាគ្រប់គ្នាសុទ្ធតែជាអតិថិជនគោលដៅរបស់ខ្លួន ប៉ុន្តែមិនបានប៉ុន្មានផងក៏ផុងខ្លួនអស់លុយទៀត ព្រោះវាយតម្លៃទីផ្សារខុសនេះជាមេរៀនទី៣ ។ បន្ទាប់ពីនោះឱកាសមកដល់គាត់បានសម្ភាសន៍ការងារជាប់នៅក្រុមហ៊ុនធំមួយ ប៉ុន្តែធ្វើមិនទាន់បានប៉ុន្មានផងត្រូវគេដេញចោលទៀត ព្រោះគាត់ធ្វើការសម្រេចចិត្តខ្លួនឯងមុនឆ្លងកាត់ក្រុមហ៊ុន មេរៀនទី៤បានបង្រៀនគាត់ឱ្យចេះពិចារណាច្រើនជាងមុន។
ដូចគាត់បានលើកឡើងពីខាងដើមអុីចឹង គាត់គ្រាន់តែស្វែងរកភាពត្រឹមត្រូវម្តងប៉ុណ្ណោះ គាត់ក៏បានចាប់ផ្ដើមអាជីវកម្មលើបច្ចេកវិទ្យាម្តងទៀត ដែលមានឈ្មោះថា MicroSolutions ជាអាជីវកម្មបែបលក្ខណៈBusiness Development រហូតអាចលក់បាន៦លានដុល្លារ និងបន្តភាពឈ្លាសវៃយកលុយទៅចាប់ផ្តើមក្រុមហ៊ុន Media គឺ Broadcast រហូតអាចលក់ក្រុមហ៊ុនទាំងមូលក្នុងតម្លៃ ៥.៧ពាន់លានដុល្លារទៅឱ្យ Yahoo ហើយនៅបន្តធ្វើការងារផ្តល់ដំបូន្មានរកស៊ី ជួយដល់សង្គម ទោះជាលោកមានអាយុ៦៤ឆ្នាំហើយក្តី៕
អត្ថបទដោយ៖ ពីង ជូអេង