ទោះបីជាផលិតផល ឬសេវាកម្មរបស់អ្នកល្អយ៉ាងណាក៏ដោយ ក៏មិនមានអ្នកទិញដែរ ប្រសិនបើអតិថិ ជនរបស់អ្នកមិនត្រូវការវា ប៉ុន្តែនៅពេលដែលអ្នកយល់ច្បាស់ ថាអ្វីដែលអ្នកទិញរបស់អ្នកពិតជាចង់បាន នោះអ្នកនឹងលក់ដាច់ ។ ជុំវិញបញ្ហានេះលោក Mark Cuban បានបានបង្ហើបក្បួនលក់ពិសេសមួយដែលលោកតែងតែប្រើកន្លងមករហូតមានទ្រព្យជិត៥ពាន់លានដុល្លារនៅក្នុងដៃ។
យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា លោកMark Cuban គឺជាសហគ្រិនមួយរូប និងមហាសេដ្ឋីជនជាតិអាមេរិក ដែលមានអាជីពការងារជាបុគ្គលិកទូរទស្សន៍ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ដែលទ្រព្យសម្បត្តិចំនួនប្រមាណ ៤.៧ ពាន់លានដុល្លារ ហើយលោកក៏ត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមបាល់បោះអាជីព Dallas Mavericks នៃសមាគមបាល់បោះជាតិ (NBA) និងជាអ្នកគ្រប់គ្រងអាជីវកម្ម 2929 Entertainment ផងដែរ ។
តាមរយៈកិច្ចសម្ភាសនៅក្នុងវីឌីអូខ្លីៗរបស់កម្មវិធី Tik Tok ដែលមានរយៈប្រមាណជិត៣០វិនាទីលោកបានចែករំលែកមេរៀនមួយដែលលោកតែងតែធ្វើក្នុងការធ្វើអាជីវកម្មរបស់លោកនោះគឺ “ជាអ្នកលក់ម្នាក់! លក់ នឹងរៀនអ្វីគ្រប់យ៉ាងអំពីអ្វីដែលទាក់ទងនឹងជំនួញ នៅពេលដែលអ្នកដឹងរបៀបលក់ហើយអ្នកអាចចាប់ផ្តើមអាជីវកម្មបាន ហើយការលក់មិនមែនជាការបញ្ចុះបញ្ចូលទេតែវាគឺជាការជួយ”
ដូចគ្នានេះដែរលោកបានលើកឡើងទៀតថា នៅពេលដែលអ្នកដឹងអំពីតម្រូវការ និងអ្វីដែលអតិថិជនចង់បាន ពេលនោះអ្នកជាតួរឯកដ៏សំខាន់មួយសម្រាប់ជួយពួកគេ។ ជាការពិតណាស់ការយល់ដឹងពីតម្រូវការរបស់អតិថិជន គឺជាចំណុចកណ្តាលនៃរាល់អាជីវកម្មដែលទទួលបានជោគជ័យ មិនថាអាជីវកម្មអ្វីក៏ដោយ នៅពេលដែលអ្នកមានចំណេះដឹងនេះ អ្នកអាចប្រើវាដើម្បីបញ្ចុះបញ្ចូលអតិថិជនសក្តា នុពល និងអតិថិជនដែលមានស្រាប់ថាការទិញពីអ្នកគឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់ពួកគេ។
ឧទាហរណ៍ថាកាន់តែងាយយល់ ប្រសិនបើអតិថិជនចង់ទិញឡានដែលអាចដឹងឥវ៉ាន់ចុះខេត្តអាចដឹលបានច្រើនៗ តែផ្ទុយទៅវិញអ្នកបែជាណែនាំឡានលក្ខណៈគ្រួសារតូចៗទៅកាន់គាត់ទៅវិញ ជាលទ្ធផលភ្ញៀវនឹងមិនទិញឡើយ ព្រោះអ្នកមិនអាចដោះស្រាយបញ្ហាជូនពួកគេបាន ប៉ុន្តែប្រសិនបើអ្នកយល់អំពីបញ្ហាភ្ញៀវច្បាស់ ជួយដោះស្រាយបញ្ហាបាន ភ្ញៀវនឹងទិញដោយមិនស្ទាក់ស្ទើរឡើយ ។
គួរជម្រាបផងដែរថា ការលក់មិនមែនចេះតែលក់ៗដើម្បីគ្រាន់តែចង់បានលុយភ្ញៀវនោះទេ ព្រោះលុយជារបស់ភ្ញៀវ តែអ្នកត្រូវតាំងខ្លួនជាអ្នកជួយ ត្រូវដឹងបញ្ហាឱ្យច្បាស់ថាអតិថិជនចង់បានអ្វី ត្រូវការអ្វី និងមានបញ្ហាអ្វី នៅពេលនោះអ្នកនឹងកាន់តែងាយស្រួលក្នុងការដោះស្រាយជូនពួកគាត់ ដូច្នេះភ្ញៀវទិញ ផលិតផលឬសេវាកម្មរបស់អ្នកមិនស្ទាក់ស្ទើរទៀតឡើយ ៕