សត្វដង្កូវមួយចំនួនក៏អាចវិត្តន៍ខ្លួនមកកា្លយជាមេអំបៅ រីឯអតីតក្មេងលក់ត្រីក៏អាចវិវត្តន៍ខ្លួនមកក្លាយជាសេដ្ឋីមានជាងគេបំផុតមួយនៅហ្វីលីពីនផងដែរ។ លោក Manuel Villar ធ្លាប់ជាអ្នកជំនួញអចលនទ្រព្យដ៏លេចធ្លោមួយរូបនោះឯប្រទេសហ្វីលីពីន គ្រប់គ្រងក្រុមហ៊ុនឈ្មោះ Vista Land & Lifescapes ជាមួយទ្រព្យសម្បត្តិប្រមាណ ៦.៩ពាន់លានដុល្លារ មុនពេលដែលដែលលោកបោះជំហានឈានជើងចូលប្រឡូកក្នុងឆាកនយោបាយ។
រំលឹកទៅកាន់អតីតកាលបន្តិច លោក Manuel Villarកើតនៅថ្ងៃទី ១៣ ខែធ្នូ ឆ្ន១៩៤៩ នៅឯស្រុកថុនដូ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ក្នុងនាមជាកូនអ្នកលក់ត្រី លោក Manuel Villarក៏បានក្លាយជាក្មេងដើរលក់ត្រីផងដែរ ដើម្បីជួយសម្រួលការងារឪពុកម្ដាយ។ លោកមានប្រសាសន៍ថា មេរៀនដើរលក់ត្រីក្នុងផ្សារនោះ បានបណ្ដុះគំនិតរកស៊ីមកដល់លោកផងដែរ ព្រោះលោកបានរៀនសូត្រមេរៀនរកស៊ីល្អៗជាច្រើនពីឈ្មួញជនជាតិចិននៅទីនោះ។
ការងារជាក្មេងដើរលក់ត្រីនេះ បានជួយឱ្យលោកអាចសន្សំប្រាក់មួយចំនួនសម្រាប់ការសិក្សា រហូតដល់លោកមានឱកាសប្រលងជាប់ការសិក្សាថ្នាក់មហាវិទ្យាល័យ National University of the Philippinesនិងបានសិក្សាជំនាញ២ធំៗគឺ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងមួយទៀតផ្នែកគណនេយ្យ។ បើទោះបីជាសិក្សាថ្នាក់មហាវិទ្យាល័យក៏ដោយ ក៏លោកនៅតែជួយលក់ត្រីឪពុកម្ដាយដដែល ហើយទាល់តែរួចរាល់ការងារទើបលោករៀបចំខ្លួនទៅសិក្សានៅសាកលវិទ្យាល័យ។
ក្រោយបញ្ចប់ការសិកសិក្សាលោកក៏ចូលបម្រើការងារនៅក្នុងក្រុមហ៊ុនគណនេយ្យបានមួយរយៈ ក៏សម្រេចចិត្តចេញមកបើកភោជនីយដ្ឋានលក់គ្រឿងសមុទ្រ ប៉ុន្តែត្រូវទទួលនូវភាពបរាជ័យ ដូច្នេះលោកក៏ត្រឡប់ទៅធ្វើការឱ្យគេម្ដងទៀត។ ធ្វើការឱ្យគេមិនបានប៉ុន្មាន លោកតែងតែមានជំនឿក្នុងចិត្តថាលោកប្រាកដជាអាចរកស៊ីជោគជ័យ ដូច្នេះលោកក៏បានលាឈប់ពីការងារ ខ្ចីលុយធនាគារ ១ម៉ឺនពេសូ ដើម្បីទិញឡានដឹកជញ្ជូនគ្រួស។ ការងារនេះហើយបានជួយឱ្យលោកចាប់អារម្មណ៍លើវិស័យអចលនទ្រព្យ និងបានធ្វើការសន្សំប្រាក់ទិញផ្ទះបាន ៨០ទីតាំង និងបានលក់ចេញទៅវិញអស់ក្នុងពេលដ៏ខ្លី ជួយឱ្យលោកក្លាយជាសេដ្ឋីវ័យ២៦ឆ្នាំ។
ក្រោយមក លោកក៏បានសម្រេចចិត្តសាងសង់អចលទ្រព្យសម្រាប់អ្នកមានជីវភាពកម្រិតមធ្យមសម្រាប់ប្រជាជនហ្វីលីពីន បូករួមជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ធ្វើឱ្យលោកអាចទទួលបានភាពរីកចម្រើនយ៉ាងលឿនរហូតមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ន លោកបានប្រគល់ក្រុមហ៊ុនរបស់លោកទៅឱ្យកូនៗរបស់លោកជាអ្នកគ្រប់គ្រង ក្រោយពេលដែលលោកឈានជើងចូលប្រឡូកក្នុងឆាកនយោបាយ។ បើទោះបីជាសល់ប្រាក់មហាសាលយ៉ាងណាក៏ដោយ លោកនៅតែជិះឡានតូយ៉ូតាចាស់របស់លោកដដែល និងរស់នៅក្នុងជីវភាពសាមញ្ញបំផុត។
មេរៀនដ៏មានតម្លៃបំផុតមួយដែលយើងអាចរៀនសូត្របានគឺ “យើងមិនអាចកែប្រែអតីតកាលដែលមិនសូវល្អរបស់យើងបានពិតមែន ប៉ុន្តែយើងអាចរៀបចំអនាគតឱ្យល្អប្រសើរបាន តាមរយៈការខំប្រឹង និងភាពឆ្លាតវៃក្នុងការចាប់យកឱកាសល្អៗដែលអ្នកបានជួប”៕