បេសកកម្មពាណិជ្ជកម្ម និងវិនិយោគ ម៉ាឡេស៊ី-កម្ពុជា ឆ្នាំ ២០២៥ ចាប់ផ្តើមជាផ្លូវការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី
Sreymom ChaJUNE 30 2025

ភ្នំពេញ ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2025 — សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ដឹកនាំដោយអ្នកឧកញ៉ា Dato’ Sri Dr. Ricky Yaw ដែលជាប្រធានសមាគម​បានរៀបចំបេសកកម្មពាណិជ្ជកម្ម និងវិនិយោគ ម៉ាឡេស៊ី-កម្ពុជា ឆ្នាំ 2025 ជាមួយនឹងការផ្គូផ្គងអាជីវកម្មកំពូលៗ និងការពិសាភោជនាហារពេលល្ងាចដែលធ្វើឡើងនៅសណ្ឋាគារ Sky Garden Hotel Olympia City by Dara។ បេសកកម្មនេះត្រួវបានដាក់ដំណើរការក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរចំពោះកំណើនសេដ្ឋកិច្ចដែលប្រកប​ដោយចីរភាព។

Photo 2025 06 30 16 46 05

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំនូវវត្តមានមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់តំណាងក្រសួងនានា ថ្នាក់ដឹកនាំអាជីវកម្មលេចធ្លោ និងអ្នកវិនិយោគសំខាន់ៗជាច្រើនរូបមកពីប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយវេទិកាដ៏វិសេសវិសាលមួយ សម្រាប់អ្នកដឹកនាំអាជីវកម្មក្នុងការបង្កើតដៃគូយុទ្ធសាស្រ្តថ្មីៗ និងចូលរួមការពិភាក្សាប្រកប​ដោយប្រសិទ្ធភាព។​ ពិធីពិសាភោជនាហារពេលល្ងាចក៏ត្រូវបានផ្តល់កិត្តិយសចូលរួមពីសំណាក់លោកស្រី Nur Herazzila Ghazali អនុប្រធានមុខងារការទូតប្រចាំស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញផងដែរ។

Photo 2025 06 30 16 45 59

ក្នុងសុន្ទរកថារបស់លោកស្រីក្នុងនាមជាតំណាង ឯកអគ្គរាជទូតម៉ាឡេស៊ី លោក Shaharuddin Onn លោកស្រី Nur Herazzila បានបញ្ជាក់ឡើងវិញពីទំនុកចិត្តរបស់ប្រទេសម៉ាឡេស៊ីចំពោះប្រទេសកម្ពុជាក្នុងនាមជាដៃគូយុទ្ធសាស្ត្រមួយនៅក្នុងសហគមន៍អាស៊ាន។ លោកស្រីសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នាយប់នេះ​មិនមែនត្រឹមតែជាការជួបជុំរបស់ថ្នាក់ដឹកនាំឧស្សាហកម្ម និងអ្នកបង្កើតច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាតំណាងនៃការអបអរសាទរនៃមិត្តភាពដ៏ជិតស្និទ្ធ ការប្តេជ្ញាចិត្តរួមគ្នា និងសក្ដានុពលដ៏ធំនាពេលអនាគតសម្រាប់ចំណងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី។ លោកស្រីក៏បានគូសបញ្ជាក់បន្ថែមអំពីតួនាទីដ៏សំខាន់របស់វិនិយោគិនម៉ាឡេស៊ីក្នុង​គោលបំណងនៃភាពរីកចម្រើន និងបានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ស្ថានទូតក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តម សំហេង បូរ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូម៉ាឡេស៊ី និងបានកោតសរសើរចំពោះបេសកកម្មសម្រាប់ការផ្សារភ្ជាប់វិស័យឯកជននៃប្រទេ​ស​​​ទាំងពីរ។ លោកបានបញ្ជាក់ជាថ្មីពីការបើកចំហរបស់កម្ពុជាចំពោះការវិនិយោគពីបរទេស និងបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម អនុវត្តគោលនយោបាយមិត្តភាពវិនិយោគិន និងផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់អាជីវកម្មដែលចូលមកទីផ្សារកម្ពុជា​។​

Photo 2025 06 30 16 45 52

អ្នកឧកញ៉ា Dato’ Sri Dr. Ricky Yaw ប្រធានស្ថាបនិកនៃសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) បានបង្ហាញសុទិដ្ឋិនិយមជាខ្លាំងទៅលើភាពរីកចម្រើនរយៈពេលវែង និងភាពជាដៃគូយុទ្ធសាស្រ្តនៃបេសកកម្មមួយនេះ។ ​លោក​បានពិពណ៌នាព្រឹត្តិការណ៍នេះថា ជាឱកាសដ៏វិសេសវិសាលមួយសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរក្នុងការប្រាស្រ័យលើសពីការផ្លាស់ប្តូរពាណិជ្ជកម្ម ហើយក៏ដើម្បីកសាងមិត្តភាព និងទំនុកចិត្តដ៏យូរអង្វែងតទៅមុខ។

Photo 2025 06 30 16 45 41

អ្នកឧកញ៉ា Yaw បាន​មានប្រសាសន៍ថា “បេសកកម្មនេះបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមសមាគមធុរកិច្ចចំនួន 20 ហើយក៏បាននឹងកំពុងតែបង្កើតសមិទ្ធផលរួចហើយផងដែរ។ យើងជឿជាក់លើការរីកលូតលាស់រួមគ្នា មិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូដែលមានអនាគតរួមគ្នា”។

Photo 2025 06 30 16 45 22

ភាពជាដៃគូយុទ្ធសាស្រ្តផ្លូវការ

ការគូសបញ្ជាក់ដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងរបៀបវារៈពេលល្ថាច គឺការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែស៊ីជម្រៅ។

សហព័ន្ធសមាគមសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសម្ព័ន្ធសមាគមធុរកិច្ចម៉ាឡេស៊ីចំនួន១៨ រួមមាន៖

  • Malaysia–Cambodia Business Association (MCBA)
  • SME Association of Malaysia (SMEAM)
  • Malaysia Chinese Assembly Hall (MCAH)
  • Associated Zong Xiang & Chinese Chamber of Commerce Malaysia (ZXCCC)
  • Branding Association of Malaysia (BAM)
  • Electrical & Electronics Association of Malaysia (TEEAM)
  • Wedding Professionals Association of Malaysia (WPAM)
  • Malaysian Interior Industry Partners Association (MIIP)
  • Malaysian Wood Moulding & Joinery Council (MWMJC)
  • Kuala Lumpur & Selangor Furniture Association (KSFA)
  • Selangor & Federal Territory Kin Cho Hong (SKKCH)
  • Machinery & Engineering Industries Federation (MEIF)
  • Malaysia Association of Sustainable Supply Chain & Innovation (MASSCI)
  • Federation Of Sundry Goods Merchants Associations of Malaysia (FSGMAM)
  • Malaysian Speakers Association (MSA)
  • Malaysia International Durian Industry Development Association (MIDIDA)
  • Association of Credit Management Malaysia (ACCM)
  • OE EduGroup.

អនុស្សរណៈយោគយល់គ្នាស្រដៀងគ្នាមួយទៀតត្រូវបានចុះហត្ថលេខារវាងសមាគមពាណិជ្ជកម្មចិនកម្ពុជា (CCCA) និងសមាគមម៉ាឡេស៊ីដូចគ្នា ដោយបានពង្រឹងបន្ថែមទៀតនូវការចូលរួមពាណិជ្ជកម្មឆ្លងដែន។

អនុស្សរណៈយោគយល់គ្នាទីបី ត្រូបបានចុះហត្ថលេខារវាង Sarana Law Firm ដែលជាក្រុមហ៊ុនផ្នែកច្បាប់ឈានមុខគេមួយនៅកម្ពុជា និង​ Manjit Singh Sachdev, Mohammad Radzi & Partners of Malaysia ដែលជម្រុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់កាន់រឹងមាំ និងសម្រួលដល់ការសម្របសម្រួលអាជីវកម្ម។

ជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រី

មុននឹងពិធីពិសាភោជនាហារពេលល្ងាច អ្នកឧកញ៉ា Dato’ Sri Dr. Ricky Yaw ក៏បានជួបសំណេះសំណាល​​​សម្តែង​ការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ កិច្ចប្រជុំនេះបានផ្តោតលើការពង្រីក​ទំនាក់ទំនងសេដ្ឋកិច្ចម៉ាឡេស៊ី-កម្ពុជា និងស្វែងរកផ្នែកសក្តានុពល​នៃកិច្ចសហប្រតិបត្តិការ រួមមានវិស័យ​អប់រំ វិស័យសុខាភិបាល សហគ្រាសធុនតូច និងមធ្យម វិស័យសំណង់ វិស័យអចលនទ្រព្យ និងដំណើរការកសិកម្ម។

សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​​ បានស្វាគមន៍គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី និងបានអះអាងជាថ្មីអំពីបរិយា​កាស​វិនិយោគសេរី និងជាទីស្វាគមន៍របស់កម្ពុជា ការលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យម និងចក្ខុវិស័យយុទ្ធសាស្ត្រដើម្បីពង្រឹងការប្រកួតប្រជែងក្នុងតំបន់។ លោកក៏បានលើកឡើងអំពីការបើកជើងហោះហើរត្រង់ភ្នំពេញ-ប៉េណាងនាពេលថ្មីៗនេះ ដោយក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ដែលជាកត្តាជំរុញដ៏សំខាន់នៃការតភ្ជាប់អាជីវកម្មកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ រួមទាំងវិស័យទេសចរណ៍ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ឈ្មោះ៖ លោក Roger Yaw

តួនាទី៖ មន្ត្រីលេខាធិការដ្ឋាន

ទូរស័ព្ទ៖​ +60 12 250 9281

អំពីសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា​ (MCBA)

សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2022 ដោយមានគោលដៅក្លាយជាស្ថាប័នដែលផ្តល់សេចក្តីទុកចិត្តក្នុងការនាំយកថ្នាក់ដឹកនាំធុរកិច្ច ឬសហគ្រិនម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា និងទៅកាន់ប្រទេសម៉ាឡេស៊ីវិញ។ វាក៏ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី លើកកម្ពស់កាលានុវត្តភាពវិនិយោគ និងផ្សាភ្ជាប់សហគ្រាសម៉ាឡេស៊ីជាមួយអ្នកពាក់ព័ន្ធកម្ពុជា តាមរយៈការគាំទ្រជាយុទ្ធសាស្ត្រ ភាពជាដៃគូក្នុងស្ថាប័ន និងការគាំទ្រផ្នែកធុរកិច្ចឆ្លងព្រំដែន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

- ចប់ -

សម្រាប់ការសាកសួរប្រព័ន្ធផ្សព្វផ្សាយ៖

ក្រុមហ៊ុនធូ វេ ភីអ ឯ.ក

ឈ្មោះ៖ អ្នកស្រី ផេង​ គឹមហ៊ន

តួនាទី៖ នាយិកាគ្រប់គ្រង

អ៊ីម៉ែល៖ kim@twowaypr.com

ទូរស័ព្ទ៖ +855 10 455 466

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia