គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសាហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។
ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។ ហើយកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ “គុនល្បុក្កតោ” ត្រូវបានអនុម័តចុះឈ្មោះក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1 ដែលប្រារព្ធឡើងនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក។
តាមការឲ្យដឹងពី អង្គការយូណេស្កូ (UNESCO) ចំពោះមូលហេតុនៃការដាក់បញ្ជូលនេះ ធ្វើឡើងក្នុងគោលបំណងតម្រូវឲ្យមានការការពារជាបន្ទាន់ ព្រោះ“គុនល្បុក្កតោ”កំពុងប្រឈមមុខនឹងការគំរាមកំហែងជាច្រើន។ ប្រភពដដែលបានបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះ គុនល្បុក្កតោកំពុងប្រឈមមុខនឹងការគំរាមកំហែងជាច្រើនក្នុងការបន្តអនុវត្តរបស់ខ្លួន។ វិធីសាស្រ្តនៃការបញ្ជូនចំណេះដឹងបានធ្លាក់ក្នុងជ្រលងហានិភ័យ ដោយសារព្រឹទ្ធាចារ្យជាច្រើនមានវ័យចំណាស់ យុវជនពុំមានការចាប់អារម្មណ៍ ហើយមិនមានកម្មវិធីបង្រៀន ឬសម្ភារៈសិក្សាជាប្រចាំដើម្បីសម្រួលដល់ការផ្ទេរចំណេះដឹងក្បាច់គុនបុរាណខ្មែរមួយនេះទៅកាន់កូនចៅជំនាន់ក្រោយឡើយ»។
យ៉ាងណាមិញ ព្រលឹងរបស់ដូនតាយើងបានកក្រើកឡើងវិញហើយ និងបានឈានដល់កម្រិតនៃការដាក់ឲ្យមានការថែរក្សានៅលើពិភពលោក។ គុនល្បុក្កតោ ជាសម្បត្តិរបស់បុព្វបុរសខ្មែរ និងរបស់ប្រជាពលរដ្ឋខ្មែរទាំងជាង ១៦លាននាក់ និងរបស់ប្រជាជនខ្មែរនៅជំនាន់ក្រោយៗរាប់លាននាក់ទៀត។ ក្នុងនាមជាកុលបុត្រកុលធីតាចាប់កំណើតលើទឹកដីសុវណ្ណភូមិត្រូវថែរក្សាកេរ្តិ៍មរតកនេះ ហើយក៏ទុកឲ្យពិភពលោក និងមនុស្សជាតិទាំងអស់ ចូលរួមថែរក្សាឲ្យបានគង់វង្សយូរអង្វែងតរៀងទៅ៕
អត្ថបទដោយ៖ កាន់ ដារ៉ា