កាលពីពេលថ្មីៗកន្លងទៅ មានក្រុមហ៊ុនធំមួយរបស់ឡាវឈ្មោះ LOCA ដែលជាក្រុមហ៊ុនមានជំនាញលើស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសឡាវ បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលមកវិនិយោគលើវិស័យស្ថានីយសាករថយន្តអគ្គិសនីនៅកម្ពុជា ក្នុងជំនួបរវាងឯកឧត្តម ពៅ មាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងជំនួបនោះ ក្រុមហ៊ុន LOCA បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការសិក្សាពីឱកាសវិនិយោគ ព្រមទាំងស្វែងយល់បន្ថែមពីច្បាប់ និងតម្រូវការឯកសារគតិយុត្តផ្សេងៗ អនុញ្ញាតឱ្យក្រុមហ៊ុនអាចត្រៀមខ្លួនបានរួចរាល់ សមស្របនឹងតម្រូវការក្នុងការវិនិយោគនៅកម្ពុជា។ហើយគោលដៅចម្បងដែលក្រុមហ៊ុន LOCA ចង់មកវិនិយោគនៅកម្ពុជាលើវិស័យខាងលើនេះ ដោយសារតែខាងក្រុមហ៊ុនចង់ផ្តល់សេវាកម្មដ៏ល្អមួយសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា និងជាចំណែកចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅស្រទាប់បរិយាកាស និងលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ពៅ មាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានយល់ព្រមក្នុងការសហការការងារបន្ត និងណែនាំបន្ថែមលើការរៀបចំឯកសារជាតម្រូវការចាំបាច់សម្រាប់ការវិនិយោគនៅកម្ពុជា ព្រមទាំងធ្វើការស្នើសុំឱ្យក្រុមហ៊ុនចែករំលែកនូវបច្ចេកវិទ្យាថ្មីៗមកកម្ពុជាសំដៅជំរុញលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី។ ឆ្លៀតយកឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការក៏បានបង្ហាញអំពីទិសដៅរបស់កម្ពុជា ដែលបច្ចុប្បន្នកំពុងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី និងបើកឱកាសយ៉ាងទូលាយឱ្យវិនិយោគគិនអាចចូលមកវិនិយោគបន្ថែមលើវិស័យយានយន្តអគ្គសនីនៅកម្ពុជាផងដែរ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង