ប្រជាជនយើងមួយចំនួនយកលុយវិនិយោគដោយមិនបានគិតរហូតធ្វើឲ្យពេលខ្លះជួបបញ្ហាលុយកាក់។ ជាក់ស្ដែងនៅក្នុងបរិបទប្រទេសកម្ពុជាយើងឱកាសវិនិយោគដែលអាចកសាងទ្រព្យបានច្រើនគឺវិនិយោគលើអចលនទ្រព្យ ដូច្នេះអ្នកខ្លះសម្រុកវិនិយោគលើអចលនទ្រព្យស្ទើរតែអស់លុយពីខ្លួនហើយពេលខ្លះធ្វើឲ្យពួកគាត់ជួបបញ្ហាលុយកាក់ព្រោះអចលនទ្រព្យមិនមែនជាទ្រព្យដែលងាយលក់ចេញយកលុយដោះទាល់បានភ្លាមៗឡើយ។
ទាក់ទងនឹងទ្រព្យដែលងាយស្រួលលក់ចេញភ្លាមៗ ដើម្បីដោះស្រាយបញ្ហាលុយកាក់ ថ្ងៃនេះ Business Cambodia សូមបង្ហាញនូវទ្រព្យសំខាន់ៗចំនួន៣ដែលអ្នកគួរគិតគូមានក្នុងដៃដើម្បីដោះស្រាយពេលអ្នកជួបវិបត្តហិរញ្ញវត្ថុ។
១. សាច់ប្រាក់សុទ្ធ
ទ្រព្យដែលងាយស្រួលលក់ចេញឬងាយបង្វែរជាសាច់លុយភ្លាមៗ មានពាក្យផ្លូវការមួយគឺ” សន្ទនីយភាព”។ ចំណែកសាច់ប្រាក់សុទ្ធគឺត្រូវបានគេចាត់ទុកជាទ្រព្យមួយផងដែរ ដែលយើងអាចបង្វែរជាសាច់ប្រាក់បានភ្លាមៗ។ ជាក់ស្ដែងក្នុងការរស់នៅ អ្នកមានតម្រូវការលុយជាច្រើន ជាពិសេសមានហេតុការណ៍មួយចំនួនកើតឡើងហើយហេតុការណ៍ទាំងនោះសុទ្ធតែត្រូវចំណាយលុយ ដូចជា ឈឺថ្កាត់ បាត់បង់ការងារ និងបញ្ហាផ្សេងៗជាច្រើនទៀត ដូច្នេះអ្នកត្រូវមានកញ្ចប់លុយដើម្បីការពារពេលជួបបញ្ហាទាំងនេះ។
មនុស្សមួយចំនួនជួបបញ្ហាលុយកាក់ដោយសារតែវិនិយោគលុយអស់ពីខ្លួន ដោយមិនគិតទុកសាច់ប្រាក់មួយផ្នែកសម្រាប់បម្រុងទុកពេលមានអាសន្ន។ ដូច្នេះដើម្បីការពារកុំឲ្យជួបបញ្ហាលុយកាក់ អ្នកត្រូវតែបម្រុងសាច់ប្រាក់ទុកក្នុងកុងធនាគារដែលអ្នកអាចដកប្រើការពេលណាក៏បាន។
ជាការណែនាំរបស់អ្នកជំនាញហិរញ្ញវត្ថុជាច្រើនផ្ដល់យោបល់ឲ្យមានលុយបម្រុងទុកការពារពេលមានអាសន្នពី៣ទៅ៦ខែសម្រាប់ចំណាយក្នុងការរស់នៅ។ ឧទាហរណ៍គ្រួសារអ្នកចំណាយក្នុងការរស់នៅចំនួន៥០០ដុល្លារក្នុងមួយខែ អ្នកគួរមានលុយបម្រុងទុកការពារ( emergency fund) ពី១,៣០០ទៅ៣,០០០ដុល្លារ។ អ៊ីចឹងគ្រួសារនីមួយៗគួរគិតរឿងនេះបើមិនចង់តឹងទ្រូព្រោះតែបញ្ហាលុយ។
២. មាស
តាំងតែពីបុរាណកាលមក នៅក្នុងសង្គមខ្មែរយើងចូលចិត្តទិញមាសទុកពេលដែលពួកគាត់រកលុយបាន ជាពិសេសចាស់ៗ អ៊ំ ពូមីយាយតាជាដើម។ តាមពិតការទិញមាសទុកនេះគឺជាក្បួនសន្សំលុយរបស់ពួកគាត់ ព្រោះជាទូទៅមនុស្សបើទុកលុយច្រើនជាប់ខ្លួនងាយនឹងចាយលុយអស់ណាស់ដូច្នេះពួកគាត់តែងតែទិញមាសទុក។
មួយវិញទៀតការទិញមាសទុកគឺល្អត្រង់ថាពេលអ្នកជួបបញ្ហាអ្វីមួយដែលត្រូវការលុយប្រញាប់ អ្នកអាចលក់មាសដើម្បីបង្វែរជាសាច់ប្រាក់មកដោះស្រាយបញ្ហាបានភ្លាមខណៈមាសគឺជាលោកហធាតុមានតម្លៃមួយដែលងាយស្រួលក្នុងការទិញលក់នាពេលបច្ចុប្បន្ន
៣. ភាគហ៊ុន
ប្រជាជនយើងមួយចំនួនប្រហែលជាមិនទាន់ដឹងទេថាប្រទេសកម្ពុជាយើងក៏មានផ្សារហ៊ុនដែលមានឈ្មោះថា”ផ្សារមូលបត្រកម្ពុជា”។ ទីផ្សារភាគហ៊ុនគឺជាទីផ្សារមួយដែលមាមាញឹកពោលគឺមានអ្នកទិញលក់ភាគហ៊ុនរាល់វិនាទី។ ដូច្នេះបើអ្នកមានភាគហ៊ុនក្នុងក្រុមហ៊ុនដែលចុះបញ្ជីលក់ភាគហ៊ុនលើផ្សារហ៊ុន អ្នកអាចលក់ភាគហ៊ុនចេញបានភ្លាមៗដើម្បីដោះស្រាយបញ្ហាលុយកាក់។
ជាក់ស្ដែងបើអ្នកទិញហ៊ុនធនាគារ អេស៊ីលីដាដែលភាគហ៊ុនអ្នកមានតម្លៃ១០ម៉ឺនដុល្លារ តែត្រូវការលុយបន្ទាន់១ម៉ឹនដុល្លារ អ្នកអាចលក់ភាគហ៊ុនយកលុយដើម្បីប្រើប្រាស់បានយ៉ាងឆាប់រហល័ស។
ការវិនិយោគភាគហ៊ុន អ្នកទទួលបានចំណូល២ផ្លូវគឺទីមួយពីចំណេញមូលធន។ ឧទាហរណ៍ អ្នកទិញហ៊ុនរដ្ឋករទឹកក្រុងភ្នំពេញតម្លៃ ៥ពាន់រៀល ក្នុងមួយហ៊ុន ពេលហ៊ុននេះឡើងដល់៧ពាន់រៀល អ្នកចំណេញ២ពាន់រៀល អាចលក់យកប្រាក់ចំណេញបាន។
មួយវិញទៀតគឺចំណូលពីភាគលាភ។ ឧទាហរណ៍ បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាចំនួន ១ម៉ឹនហ៊ុន ហើយធនាគារ អេស៊ីលីដាចែកភាគលាភ ១,០០០រៀលក្នុងមួយហ៊ុន នោះអ្នកនឹងបានចំណូលភាគលាភចំនួន១០លានរៀល។
យ៉ាងណាមិញគ្រប់ការវិនិយោគសុទ្ធតែមានហានិភ័យ ហើយភាគហ៊ុននេះគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាយើង ដូច្នេះមុននឹងវិនិយោគ អ្នកត្រូវសិក្សាស្វែងយល់ជាមុនសិន។ ចង់រៀនវិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬ ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong