ផ្តើមចេញពីដើមទុន៥០០០ដុល្លារ កញ្ញា លីម ហ៊ួង បច្ចុប្បន្នគឺជានាយកប្រតិបត្តិស្រីវ័យក្មេងមួយរូបដែលបានដឹកនាំអាជីវកម្មសេវាកម្មប្រឹក្សា First Solutions ទៅមុខដោយរលូន បានបង្ហើបថ្នាំទិព្វ២គ្រាប់ ជួយឱ្យអាជីវកម្មដំណើរការ អាចទាក់ទាញម៉ូយធំៗ ពោលគឺអតិថិជនជាន់ខ្ពស់។
ផ្អែកតាមបទពិសោធន៍ជាង១០ឆ្នាំលើការប្រឹក្សាហិរញ្ញវត្ថុនិងអាជីវកម្ម កញ្ញាបានសង្កត់ធ្ងន់ថា “ក្នុងនាមជាអ្នកប្រឹក្សាយោបល់ខ្ញុំមិនដែលឆ្លើយពាក្យថាទេនោះឡើយ ហើយកាន់តែមិនអាចនិយាយថាខ្ញុំចេះអ្វី ខ្ញុំគ្រាន់តែដឹងថាអតិថិជនភាគច្រើនដែលគាត់មកជួបយើងហើយ គាត់តែងណែនាំសេវាកម្មយើងបន្តៗគ្នាជានិច្ច”។
ស្រ្តីសម្បុរសកូនកាត់ចិនរូបនេះបានពន្យល់ច្បាស់ៗថា ការដែលអាចទាក់ទាញអតិថិជនធំៗគឺបណ្តាលមកពី ថ្នាំ២ទិព្វគ្រាប់យ៉ាងសំខាន់ ទី១គឺភាសានិងទំនាក់ទំនងការទូត ដោយសារកាលណោះកញ្ញាគឺធ្លាប់រស់នៅរៀនសូត្រ ជាប់អាហារូបករណ៍នៅជប៉ុន និងធ្លាប់ធ្វើការងារស្ម័គ្រចិត្តក្នុងក្រសួងទាំងក្នុងនិងក្រៅប្រទេសតាំងពីអាយុ១៩ឆ្នាំ ធ្វើឱ្យកញ្ញាមានចំណេះដឹងភាសានិងរបៀបនៃការធ្វើការទូតយ៉ាងស្ទាត់ជំនាញ ដែលជាកត្តាទាក់ទាញទំនុកចិត្តរឹងមាំពីអតិថិជនជាន់ខ្ពស់ ដើម្បីប្រឹក្សាគម្រោងធំៗទាំងខ្មែរ ព្រមទាំងបរទេសមុននឹងឈានជើងចូលមករកស៊ីក្នុងស្រុកខ្មែរយើង ជាពិសេសវិនិយោគិនជប៉ុន។
រីឯទី២នោះគឺការស្រាវជ្រាវ ដូចកញ្ញាបានបញ្ជាក់ពីខាងដើមថា ជាអ្នកប្រឹក្សាយោបល់គឺយើងមិនអាចឆ្លើយថាទេនោះឡើយ ចំពោះអ្វីដែលអតិថិជនសួរមកកាន់យើង។ ដូច្នេះការស្រាវជ្រាវគឺសំខាន់ហើយអ្វីដែលកាន់តែសំខាន់នោះគឺស្រាវជ្រាវពីខាងក្រៅប្រទេស យើងមានទំនាក់ទំនងជាមួយអ្នកជំនាញនៅបរទេស។ ជាពិសេសការស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងលើការគៀរគរទុនជាដើម ដើម្បីឱ្យប្រាកដចិត្តថាយើងណែនាំផ្លូវ១ដ៏ល្អបំផុតសម្រាប់អតិថិជនដែលចង់ចាប់ផ្តើមរកស៊ីនិងសម្រេចចិត្តវិនិយោគ។
នាពេលបច្ចប្បន្នអ្នកជំនួញស្រីវ័យ៣៤ឆ្នាំរូបនេះ មានអាជីវកម្មជាច្រើនក្នុងដៃ ក្រៅពីក្រុមហ៊ុនFirst Solutions ដែលជាក្រុមហ៊ុនសម្របសម្រួលនិងរៀបចំឯកសារប្រឹក្សាផ្នែកពាណិជ្ជកម្មដល់វិយោគិនបរទេសដែលមករកស៊ីនៅស្រុកខ្មែរ និងជាក្រុមហ៊ុនសេវាកម្មរើសបុគ្គលិកផង។
គួរជម្រាបផងដែរថាកញ្ញាបានបញ្ចប់ថា្នក់បណ្ឌិតនិងដោយបានទទួលអាហារូបករណ៍ទៅរៀននៅប្រទេសជប៉ុនចាប់តាំងពីថ្នាក់អនុវិទ្យាល័យមកម៉្លេះនិងបានរៀនបណ្តើរធ្វើការបណ្តើរជាផ្លូវដែលនាំឱ្យកញ្ញាមានបទពិសោធន៍និងទំនាក់ទំនងល្អបំផុតនិងមានគោលដៅច្បាស់លាស់១សម្រាប់ខ្លួនឯង៕
អត្ថបទដោយ៖ ពីង ជូអេង