ក្រៅពីទឹកជំនន់ និងខ្យល់ព្យុះយ៉ាក់ជី Yagi ដ៏ខ្លាំក្លាបានបោកបក់កម្ទេចទ្រព្យសម្បតិ្តជាតិយ៉ាងដំណំ និងសម្លាប់មនុស្សខ្ទង់រយនាក់ វៀតណាមក៏បានចេញការប្រមានអំពីរន្ទះបាញ់ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន VN Express ចុះនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
មជ្ឈមណ្ឌលព្យាករធនធានជលសាស្ត្រជាតិ បានព្រមានថា ទីក្រុងហាណូយ អាចជួបប្រទះខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក៏ដូចជាបាតុភូតអាកាសធាតុផ្សេងៗថែមទៀត។ ក្នុងនោះ គណៈកម្មាធិការប្រជាជនខណ្ឌ Bac Tu Liem បានជម្លៀសមនុស្សរស់នៅតាមបណ្តោយដងទន្លេក្រហមត្រូវរើទៅកាន់កន្លែងសុវត្ថិភាព។ រីឯខណ្ឌផ្សេងៗ ក៏បានចេញបញ្ជាជម្លៀសប្រជាជនរាប់រយគ្រួសារផងដែរ។
គួរជម្រាបថា ព្យុះយ៉ាក់ជី Yagi បាននាំមកនូវខ្យល់បក់បោកក្នុងល្បឿនជិត ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ក្លាយជាព្យុះមានឥទ្ធិពលខ្លាំងបំផុតដែលវាយប្រហារប្រទេសវៀតណាម នារយៈពេល ៣០ឆ្នាំចុងក្រោយ ខណៈយ៉ាងហោចណាស់មានមនុស្សជិត ២០០នាក់ បានបាត់បង់ជីវិតគិតត្រឹមរសៀលថ្ងៃទី ១២នេះ៕